Saturday, May 10, 2025
Homeព័ត៌មានជាតិស្រឡាញ់អូនណាស់ តែបងវ៉ៃរាល់ថ្ងៃ ប្រពន្ធបីកូនខ្ចីរត់ចោលប្តី អត់លុយ អង្គុយយំ

ស្រឡាញ់អូនណាស់ តែបងវ៉ៃរាល់ថ្ងៃ ប្រពន្ធបីកូនខ្ចីរត់ចោលប្តី អត់លុយ អង្គុយយំ

ភ្នំពេញ ៖ ស្រ្ដីវ័យក្មេងម្នាក់ បានចាញ់ពាក្យលួងលោមបុរសម្នាក់ ថានឹងស្រឡាញ់ថ្នាក់ថ្នមអស់មួយជីវិត លុះផុងខ្លួនទើបដឹងថា តាមពិតប្រុសស្នេហ៍ ជាប្ដីគេសោះ តែជ្រុលហួសទៅហើយ ក៏ចេះតែស៊ូទ្រាំរួមរស់ រហូតដល់សម្រាលកូនខ្ចី បាន ១ខែ ស្រាប់តែប្ដីកំណាច វាយដំធ្វើបាប ទាំងផ្លូវកាយទាំងផ្លូវចិត្ត រហូតដល់ទ្រាំលែងបាន ក៏សម្រេចបីកូនខ្ចី ចុះចោលផ្ទះ បំណងវិលទៅផ្ទះម្ដាយ នៅឯស្រុកស្អាង ខេត្តកណ្ដាល តែអត់មានសោហ៊ុយធ្វើដំណើរ ក៏បីកូនអង្គុយយំតាមផ្លូវ បង្កឲ្យមានការភ្ញាក់ផ្អើលទាំងកណ្ដាលយប់។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងជាង ១រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចមុខភ្នំពេញ ស្ពតក្លឹប តាមបណ្ដោយផ្លូវលេខ២៧១ ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ។

ស្រ្ដីអភ័ព្វ មិនបានបញ្ជាក់ពីអត្តសញ្ញាណនោះទេ គ្រាន់តែប្រាប់ថា ស្នាក់នៅផ្ទះជួល ក្នុង សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។

តាមសម្ដីស្ត្រីអភ័ព្វខាងលើ បានរៀបរាប់ទាំងទឹកភ្នែក ប្រាប់ថា នាងទើបតែសម្រាលកូនស្រី បានជាងមួយខែប៉ុណ្ណោះ ដោយនាងបានស្រឡាញ់ ប៉ះចំប្តីគេ ជាង ៣ឆ្នាំមកហើយ។ ដំបូងឡើយ នាងបានជួបប្ដីហេងស៊យ ដែលអួតខ្លួនថា ជាកំលោះ និងបានប្រើពាក្យផ្អែមល្ហែមលួងលោមសុំស្នេហ៍នាង ដោយបងស្រឡាញអូនណាស់ ថែមទាំងបានសន្យាថា នឹងស្រឡាញ់ថ្នាក់ថ្នម មើលថែនាងអស់មួយជីវិត រហូតធ្វើឲ្យនាងជឿលង់ បង់ទាំងចិត្តទាំងកាយ ប្រគល់ឲ្យប្រុសថ្លើមថ្លៃ ដោយគ្មានស្ដាយស្រណោះ និងមិនបានទាំងរៀបការ ឬសែនព្រេនអ្វីទាំងអស់។

ស្រ្ដីអភ័ព្វ បានបន្តទាំងអួលដើមកថា លុះក្រោយពីរួមរស់ជាមួយប្ដីហេងស៊យនេះ បានមួយរយ: ទើបបែកធ្លាយរឿងថា តាមពិត ប្ដីដែលនាងស្រលាញ់ពេញបេះដូង ឱបជាប់ទ្រូងរាល់ថ្ងៃ គឺជាប្ដីគេសោះ មានទាំងប្រពន្ធ មានទាំងកូនរួចទៅហើយ។ ប៉ុន្ដែធ្វើម៉េច ដោយផុងជ្រុលខ្លួនអស់ទៅហើយ ទើបនាងចេះតែទ្រាំរួមរស់នឹងប្ដីហេងស៊យនេះ រហូតមកដល់សព្វថ្ងៃ មានរយ:ពេល ៣ឆ្នាំហើយ។

ស្រ្ដីខាងលើ បានឲ្យដឹងបន្តទៀតថា ភាពផ្អែមល្ហែមរវាងនាងនិងប្ដី បានតែមួយរយ:ដំបូងប៉ុណ្ណោះ លុះក្រោយមក ប្ដីក៏ចាប់ផ្ដើមប្រែប្រួលចរិត រករឿងវាយធ្វើបាបនាង សឹងតែរាល់ថ្ងៃ ចាត់ទុកនាងដូចស្រីបម្រើ កញ្ជះតណ្ហា ហើយធ្លាប់វាយធ្វើបាបនាងនៅចំពោះមុខប្រពន្ធដើមទៀតផង។ ហើយអ្វីដែលធ្វើឲ្យនាងទ្រាំលែងបាននោះ គឺសូម្បីតែដឹងថា នាងមានផ្ទៃពោះហើយ ក៏ប្ដីកំណាចរូបនេះ នៅតែវាយដំច្រំធាក់នាងមិនឈប់ រហូតដល់សម្រាលកូនខ្ចីហើយ ក៏នៅតែវាយដំនាងទៀត គ្មានអាសូរសោះ ទើបធ្វើឲ្យនាងឆ្អែតចិត្ត ទ្រាំលែងបាន ក៏សម្រេចចិត្តបីកូនខ្ចី ចុះចេញពីផ្ទះដែលស្នាក់នៅក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ បំណងទៅផ្ទះម្ដាយ នៅឯស្រុកស្អាង ខេត្តកណ្ដាល ទាំងគ្មានលុយ ១រៀល និងគ្មានសម្ភារ:សម្រាប់កូនខ្ចីតាមខ្លួនសោះឡើយ ទើបបានត្រឹមអង្គុយឱបកូនយំនៅតាមផ្លូវ ផ្អើលគេឯងតែម្ដង។

ដោយឃើញស្ថានភាពស្ត្រីបីកូនខ្ចី អង្គុយយំតាមផ្លូវ ទាំងកណ្ដាលយប់បែបនេះ ទើបមានអ្នកសារព័ត៌មានប្រទះឃើញ ធ្វើការផ្ទាល់ផ្ទាល់ និងធ្វើសម្ភាសន៍ សួរនាំ និងអំពាវនាវដល់ សប្បុរសជនដែលមានចិត្តអាណិតដល់ស្ត្រីខាងលើ ដើម្បីជួយសោហ៊ុយ វិលទៅស្រុកវិញ និងទិញសម្ភារ:ឱ្យកូនតូចប្រើប្រាស់ ទឹកដោះគោ ឱ្យកូនបៅ។

បន្ទាប់មកក៏មានសប្បុរសជនមួយចំនួន បានឧបត្ថម្ភជាថវិកា តាមរយៈគណនីធនាគារ ABA មកកាន់អ្នកសារព័ត៌មាន បានថវិកាសរុប ចំនួន ២២០ដុល្លារ ប្រគល់ជូនស្ត្រីអភ័ព្វខាងលើ។

បន្ទាប់មក ស្រ្ដីអភ័ព្វនេះ បានបីកូនខ្ចីឡើងម៉ូតូកង់បី សំដៅទៅផ្ទះម្ដាយរបស់នាង ឯស្រុកស្អាង ខេត្តកណ្ដាល ទាំងយប់តែម្ដង៕

RELATED ARTICLES