យោងតាមប្រភពព័ត៌មានដេលីម៉េល ចេញផ្សាយកាលពីថ្ងៃសុក្រ ទី ១១ មិថុនា ២០២១ បានអោយដឹងថា ក្រុមជម្រើសជាតិតោកំណាចអង់គ្លេសទាំងមូលនឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តចំនួន១៦ លានដុល្លារ ប្រសិនបើពួកគេឈ្នះពានរង្វាន់យូរ៉ូ ២០២០ ។
ប្រភពព័ត៌មានខាងលើបានអោយដឹងទៀតប្រាក់រង្វាន់នេះ កើនឡើងទ្វេបើប្រៀបធៀបទៅនឹងប្រាក់លើកទឹកចិត្តកាលពីប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក២០១៨ នៅប្រទេសរុស្ស៊ី។
ក្នុងចំណោមប្រាក់រង្វាន់ទាំង១៦ លានដុល្លារនោះ មានន័យថា កីឡាករនិមួយៗអាចនឹងទទួលបាន ប្រាក់រង្វាន់លើកទឹកចិត្តប្រមាណជាង៦៥ម៉ឺនដុល្លារខណៈគ្រូបង្វឹកលោក Gareth Southgate អាចនឹងទទួលបានប្រាក់លើកទឹកចិត្ត៦ដង បន្ថែមទៅនឹងប្រាក់ឈ្នួលជាង៤ លានដុល្លាររបស់គាត់បច្ចុប្បន្ននេះ។
កីឡាករដែលបានបង្ហាញវត្តមានមួយប្រកួតនឹងទទួលបានចំនួន ២៨០០ ដុល្លារ ហើយប្រាក់នេះត្រូវ បរិច្ចាគដល់សប្បុរសធម៌។
កីឡាកររបស់ប្រទេសអង់គ្លេសនឹងទទួលបានប្រាក់រង្វាន់ដែលមានតម្លៃរហូតដល់ជាង ១៦ លានដុល្លារ ប្រសិនបើពួកគេឈ្នះជើងឯកអឺរ៉ុបប៉ុន្តែនឹងមិនទទួលបានប្រាក់ភ្លាមៗនោះទេ ដោយរង់ចាំរហូតដល់រដូវស្លឹកឈើជ្រុះនៅខែកញ្ញា ។
យោងតាមលក្ខខណ្ឌនៃប្រាក់កម្ចី ២៤៦ លានដុល្លារ របស់ធនាគារអង់គ្លេសដើម្បីជួយដល់វិស័យបាល់ទាត់ ដែលរងផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ សហព័ន្ធត្រូវបានហាមឃាត់មិនឱ្យផ្តល់រង្វាន់ឬភាគលាភណាមួយទេរហូតដល់បំណុលត្រូវបានសងវិញ ដូច្នេះត្រូវរងចាំលឿនបំផុតនៅខែកញ្ញា ។
សក្តានុពលនៃប្រាក់រង្វាន់នេះគឺជាចំនួនដ៏ច្រើនបំផុតដែលមិនធ្លាប់មានសម្រាប់កីឡាករអង់គ្លេសនៅក្នុងការប្រកួតដ៏ធំមួយដោយសារតែ UEFA បង្កើនមូលនិធិរង្វាន់សរុបដល់ ៥៥៤លានដុល្លារ កើនឡើង ២៤ ភាគរយបើប្រៀបធៀបទៅឆ្នាំ ២០១៦ ។
ប្រាក់រង្វាន់ត្រូវបានបង់បន្ថែមអាស្រ័យលើវឌ្ឍនភាពរបស់ប្រទេសនីមួយៗ។ អ្នកឈ្នះពានរង្វាន់នេះនឹងទទួលបានទឹកប្រាក់យ៉ាងច្រើន ៤២លានដុល្លារ ប្រសិនបើពួកគេឈ្នះរាល់ការប្រកួតជាក្រុមរហូតមក។ប្រទេសដែលចូលរួមប្រកួតប្រជែងទាំង ២៤ ទទួលបានទឹកប្រាក់ជាង១១លានដុល្លារ ពីសហព័ន្ធនិងទទួលបានប្រាក់ បន្ថែមអាស្រ័យលើការប្រកួត។
ការឈ្នះក្នុងវគ្គជម្រុះតាមពូលគឺមានតម្លៃ ១,៣ លានផោនហើយក្រុមចុងក្រោយនឹងត្រូវប្រកួតប្រជែងដណ្តើមយករង្វាន់ ៨,៦ លានផោនដោយទទួលបានប្រាក់ ៦,៥ លានផោនសម្រាប់ការឈានដល់វគ្គផ្តាច់ព្រ័ត្រ៕