Monday, November 18, 2024
Homeបរិយាយឆ្នាំង​ឯង​វែក​ឯង ចេញ​លូក​ចូល​លូក

ឆ្នាំង​ឯង​វែក​ឯង ចេញ​លូក​ចូល​លូក

ការនិយាយលេងសើចចំអែចំអន់គ្នា ជួនកាលក្លាយទៅជាសុភាសិត ក៏មានដែរ ដូចពាក្យថា “ឆ្នាំងឯងវែកឯង ចេញលូក ចូលលូក” ដែលមុនដំបូង វាផ្តើមចេញពីអ្នកលេងអាយ៉ៃរឿងបង្អាប់គ្នា ខណៈដែលប្តីប្រពន្ធខាន់ស្លា អាងតែគ្មានអ្នកណាថាអី ក៏ចេញលូកចូលលូកពីមុខភ្ញៀវ។ បើប្តីប្រពន្ធមិនស្រឡាញ់គ្នាស្មោះ ក៏មិនអាចធ្វើបែបនេះបានដែរ ហើយបើយកមកប្រៀបធៀប នឹងឆាកនយោបាយ បើមេបក្ស និងកូនបក្សស្គាល់ចិត្តគ្នា ក៏អាចចេញលូក ចូលលូករិះគន់គ្នាបានតាមចិត្ត ដែល “នគរធំ” សូម លើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

បើបរិយាយតាមន័យត្រង់ “ឆ្នាំងឯងវែកឯង ចេញលូកចូលលូក” គឺសំដៅដល់ឆ្នាំងបាយ ឆ្នាំងសម្ល ក្នុងគ្រួសារមួយ ដែល ទុកក្នុងរោងបាយ បើមានសមាជិកគ្រួសារណាចូលទៅដល់ ក៏ចាប់វែកដួសសម្លភ្លក្ស ដោយមិនចាំបាច់សុំអ្នកចម្អិន។ រីឯចុងភៅ គ្រួសារនោះ ច្រើនតែម្តាយ ឬប្រពន្ធ ឬក៏ជាបងស្រីធំជាងគេ ទោះជាកូនឬប្អូនប្រុសទៅដួសសម្លភ្លក្ស ក៏មិនថាអីដែរ ដែលជួន- កាលអ្នកភ្លក្សនោះ ជួយថែមអំបិល ប៊ីចេងឱ្យ បើសិនជាសម្លនោះមិនសូវឆ្ងាញ់។ យ៉ាងណាមិញ នៅក្នុងគ្រួសារមួយ ដែលមាន ឪពុកប្រមឹកឬញៀនល្បែង ជួនកាលក៏ត្រូវប្រពន្ធកូនស្តីបន្ទោស រិះគន់កែលម្អ ជួនកាលទៀតឪពុកនោះ មានគុណធម៌ត្រឹមត្រូវ សោះ ប៉ុន្តែគាត់គិតតែព្រោកប្រាជ្ញរឿងធម៌អាថ៌ឯវត្ត ភ្លេចការងារស្រែចម្ការ ក៏ត្រូវកូនប្រពន្ធរអ៊ូរទាំក៏មាន។ ឪពុកដែលមាន ព្រហ្មវិហារធម៌ មិនងាយខឹងនឹងការរិះគន់ស្តីបន្ទោសរអ៊ូរទាំរបស់កូនប្រពន្ធនោះទេ ដោយគាត់ចេះពិចារណាឱ្យឃើញហេតុ និង ផលអាក្រក់ល្អ សខ្មៅ រួចយកពាក្យរិះគន់នោះទៅអនុវត្ត កែខ្លួនឱ្យបានល្អវិញ។

នៅក្នុងវង់ល្ខោនបាសាក់ សម្តែងរឿងបុរាណ យើងឃើញតួតាឥសី និងអាគាំង មានភាពស្និទ្ធស្នាលនឹងគ្នាណាស់។ ឥសី មានប្ញទ្ធិខ្លាំងពូកែ អាចជបអ្វីៗឱ្យកើតឡើងបាន ជាពិសេស មានព្រះនេត្រទិព្វ ដឹងឮគ្មានចន្លោះ បែរជាត្រូវអាគាំងបង្អាប់ តែអ៊ីចឹង ដោយសារតាឥសីមិនស្រង់ទឹក ជះក្លិនក្លៀកដល់ច្រមុះអាគាំង។ ជួនកាល តាឥសីទុកផ្លែឈើ មិនទាន់បានឆាន់ផង ត្រូវអាគាំងលួចស៊ីខ្ទេច លុះលោកតាខ្ញាល់ ទាញឈើច្រត់ដេញវាយ អាគាំងយំស្ប៉ែប ឱបជើងអង្វរតាឥសីរហូតទន់ចិត្ត ក៏ ស្រាប់តែអាគាំង ចាក់ចង្កេះឱ្យរសើប លោតកញ្ចាញ់ចេករ បូតស្បង់ចីវរ។ ចំណុចស្និទ្ធស្នាលរបស់មនុស្សក្នុងគ្រួសារតែមួយនេះ វាស្របនឹងពាក្យកំប្លុកកំប្លែង “ឆ្នាំងឯងវែកឯង ចេញលូកចូលលូក” នេះឯង បើអ្នកក្រៅគ្រួសារមិនបានដឹងកិច្ចការផ្ទៃក្នុង របស់គេ ហ៊ានថាគេ ច្បាស់ជាខុសធ្ងន់មិនខាន។

បើយកករណីនេះមកប្រៀបធៀបនឹងរឿងនយោបាយ ក៏មិនខុសគ្នាប៉ុន្មានទេ បើសិនជាប្រធានគណបក្ស មានលក្ខណៈ ដូចតាឥសី ទោះជាអាគាំងលួចស៊ីផ្លែឈើខ្ទេច ឬចាក់ក្រឡេក ក៏លោកតាមិនខឹង។ កាលពីពេលថ្មីៗនេះ កញ្ញា កឹម មនោវិទ្យា មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដែលត្រូវជាកូនស្រីរបស់លោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានសរសេរ ក្នុងហ្វេសប៊ុករិះគន់លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ថា “អស់រយៈពេលមួយឆ្នាំមកហើយ គឺនៅពេលនេះ លោកសម រង្ស៊ី អាចប្រកាសជាផ្លូវការនូវការនិរទេសខ្លួន និងមានហេតុផលស្របច្បាប់ក្នុងការស្ថិតនៅបរទេសបន្តទៀត… រដ្ឋាភិបាលខ្មែរ នឹងហៅស្ថានភាពនេះថា ជាការ ឈ្នះ គឺសម រង្ស៊ី ក៏ឈ្នះ គណបក្សប្រជាជនកម្ពុជា ក៏ឈ្នះ…”។ បន្ទាប់ពីឃើញ សំណេរក្នុងហ្វេសប៊ុកនេះ ស្រាប់តែមានអ្នកគាំទ្រ បក្សប្រឆាំងមួយចំនួន សរសេរវាយបកតាមហ្វេសប៊ុក តម្រូវឱ្យកញ្ញាកឹម មនោវិទ្យា សុំអភ័យទោសចំពោះការប្រមាថមើលងាយប្រធានគណបក្ស។ ផ្ទុយទៅវិញ លោកសម រង្ស៊ី គ្មានប្រតិកម្មអ្វីនឹង ការរិះគន់នេះទេ បែរជាបញ្ចោញសារតាមប្រព័ន្ធអេឡិកត្រូនិកថា “សហភាពអន្តរសភា ទាមទារឱ្យកម្ពុជា ប្រគល់សិទ្ធិសេរីភាព ជូនតំណាងរាស្ត្រ១៥រូប” ទៅវិញ។

នៅក្នុងតៀមកាហ្វេមួយកន្លែង ក្បែរវត្តសន្សំកុសល រាជធានីភ្នំពេញ ក៏មានតាៗញៀនកាហ្វេ យករឿងកញ្ញាកឹម មនោវិទ្យា រិះគន់លោកសម រង្ស៊ី ទៅជជែកគ្នា បង្ហិនទឹកតែទាំងប៉ាន់ៗ។ តាម្នាក់មាននិន្នាការគាំទ្របក្សកាន់អំណាច បាននិយាយថា “បក្សប្រឆាំង កំពុងបែកបាក់គ្នាហើយ ព្រោះសូម្បីតែកូនស្រីលោកកឹម សុខា ក៏ហ៊ានរិះគន់ប្រធានគណបក្សដែរ”។ តាម្នាក់ ទៀត មាននិន្នាការគាំទ្របក្សប្រឆាំង តបវិញ ថា “គ្រាន់តែរិះគន់ប៉ុណ្ណឹង វាគ្មានទៅបែកបាក់ស្អីទេ ព្រោះលោកសម រង្ស៊ី ជា មនុស្សប្រជាធិបតេយ្យ បើកូនចៅរិះគន់គាត់ៗត្រេកអរ ម៉្យាងទៀត នាងក្រមុំនោះ ក៏ត្រូវលោកសម រង្ស៊ី រាប់អានដូចកូន- បង្កើតទៅហើយ នាងថាប៉ុណ្ណឹង ខឹងស្អី?”។

បើយកសម្តីតាៗញៀនកាហ្វេ មកពិចារណា យើងអាចក្តាប់បានថា អ្នកគាំទ្របក្សកាន់អំណាច ចាត់ទុកការរិះគន់ជាការ បែកបាក់ផ្ទៃក្នុង ដោយហេតុថា មន្ត្រីបក្សកាន់អំណាច កាន់វិន័យដែកថែប មិនហ៊ានរិះគន់គ្នាទេ។ ផ្ទុយទៅវិញ អ្នកគាំទ្របក្ស ប្រឆាំង ចាត់ទុកការរិះគន់ជារឿងធម្មតានៅក្នុងគណបក្សដែលដើរតាមប្រជាធិបតេយ្យ។ ទស្សនៈខុសគ្នានេះ ជាហេតុនាំឱ្យ មានការ “ថែមរបោយ” ពីលើពាក្យរិះគន់នោះ ខណៈដែលលោកសម រង្ស៊ី គ្មានប្រតិកម្ម។ ប៉ុន្តែ យើងអាចសន្និដ្ឋានបានថា លោកសម រង្ស៊ី និងលោកកឹម សុខា បានសម្របសម្រួលគ្នាតាមទូរស័ព្ទរួចទៅហើយ ពាក់ព័ន្ធដល់ការរិះគន់នេះ។

សូមរំព្ញកថា សម្តេចឪ ព្រះបរមរតនកោដ្ឋ កាលត្រូវមេដឹកនាំខ្មែរក្រហម ឃុំឃាំងព្រះអង្គ ឱ្យនៅតែក្នុងព្រះបរមរាជវាំង ប៉ុន្មានឆ្នាំនោះ ក៏ធ្លាប់ត្រូវព្រះអង្គម្ចាស់នរោត្តម នរិន្ទ្រាពង្ស ជាព្រះរាជបុត្រ រិះគន់ថា “ព្រះអង្គជាប់កម្អែលសក្តិភូមិ ចូល ចំណោមបដិវត្តន៍មិនរួច”។ បានជាព្រះអង្គម្ចាស់នរិន្ទ្រាពង្ស ហ៊ានរិះគន់ព្រះបិតា ក៏ព្រោះតែព្រះអង្គម្ចាស់ធ្លាប់ទៅរៀននៅក្រុង មូស្គូ ស្រឡាញ់មនោគមន៍វិជ្ជាកុម្មុយនិស្ត និងជឿថា មេខ្មែរក្រហម ដឹកនាំប្រទេសឱ្យរីកចម្រើនបានលឿន ផ្ទុយពីសម័យសង្គម- រាស្ត្រនិយម។ ទោះជាព្រះរាជបុត្របន្តុះបង្អាប់ រិះគន់យ៉ាងណា ក៏សម្តេចឪ មិនតបត មិនទ្រង់ព្រះពិរោធ ដោយទុកឱ្យព្រះ- រាជបុត្រភ្ញាក់រលឹកខ្លួនឯង បន្ទាប់ពីបានដឹងច្បាស់ថា របបប៉ុល ពត ជារបបវាលពិឃាត ប្រល័យពូជសាសន៍ ធ្វើឱ្យមាតុភូមិ ខ្ទេចខ្ទាំដល់កម្រិតសូន្យ។ មានន័យថា ការមិនខឹងនឹងកូន គឺមកពី “ឆ្នាំងឯងវែកឯង” ទោះជាកូន “ចេញលូកចូលលូក” ក៏ទឹក- ចិត្តអ្នកមានគុណ នៅតែសន្តោសប្រោសប្រណីដល់កូនជានិច្ច។

ធម្មតាប្រធានគណបក្ស ប្រៀបបាននឹងឪពុក ឯអនុប្រធានគណបក្ស ប្រៀបបាននឹងម្តាយ ខណៈដែលសមាជិកបក្ស មិន ខុសពីកូនក្នុងសម្បុក។ ធម្មតាកូនណាដែលពូកែញ៉េះញ៉ោះ ហ៊ានចាក់ចង្កេះឪពុកម្តាយ បើទាស់ចិត្ត ក៏ស្តីថាឱ្យឪពុកម្តាយមួយ រំពេច អត់ចេះបណ្តាក់មាត់ទេ។ ឯឪពុកម្តាយដែលស្រឡាញ់កូន ទោះជាកូនពន្លះកប់ៗមាត់ ក៏មិនខឹងអីដែរ ជួនកាលគាត់ហុច លុយឱ្យយកទៅទិញនំចំណីបាត់ទៅ។ កូនពូកែញ៉េះញ៉ោះ ភាគច្រើនជាកូនស្រី ជាពិសេសកូនស្រីពៅ ពូកែលេខ១ខាងងរង៉ក់ កិកកុកឡាំប៉ា ធ្វើទុក្ខឪពុកម្តាយជាងគេ។ ក្នុងរង្វង់គណបក្ស ក៏អ៊ីចឹងដែរ បើមានសមាជិកបក្សជាស្រីវ័យក្មេងជាងគេ តែងតែ បង្ហាញភាពសិទ្ធស្នាលជាមួយប្រធាន អនុប្រធានគណបក្ស ដូចកូនស្រីពៅនិងឪពុក ទោះជានាងរិះគន់ ក៏ប្រធានឬអនុប្រធាន គ្មានប្រតិកម្ម។ ផ្ទុយទៅវិញ អ្នកនៅក្រៅរង្វង់គ្រួសារគេ បានឮកូនស្រីពៅស្តីបន្ទោសម៉ែឪ ក៏ស្មានថា ជាកូនអកតញ្ញូ ចង់ឱ្យ សមត្ថកិច្ចនាំទៅអប់រំ ឬចង់ឱ្យឪពុកម្តាយនោះវាយប្រដៅកូន ព្រោះតែមិនយល់ពី “ឆ្នាំងឯងវែកឯង ចេញលូកចូលលូក” នេះឯង។

សរុបទៅ “ឆ្នាំងឯងវែកឯង ចេញលូកចូលលូក” គឺជារឿងផ្ទៃក្នុងគ្រួសារគេ គណបក្សគេ បើឪពុកម្តាយគេ ប្រធានគណបក្ស គេមិនរវល់ផងនោះ តើអ្នកក្រៅរង្វង់គ្រួសារ ក្រៅគណបក្ស ខំឈឺឆ្អាលនាំឱ្យខាតពេលវេលាធ្វើអ្វី? គួរទុកពេលឱ្យអាគាំងចាក់ ក្រឡេកតាឥសី ឱ្យភ្ញាក់កន្ត្រាក់ឈើច្រត់ ដេញវាយសិស្ស រប៉ិលរប៉ូចនោះ វាល្អមើលជាង ព្រោះសិល្បៈក៏ដូចជានយោបាយ បើគ្មានអ្នកចាក់ចង្កេះ ឬអ្នករិះគន់ មិនសូវល្អទេ៕

ដោយ ៖ អាចារ្យថាំ

RELATED ARTICLES