បន្ទាប់ពីស៊ុតបាល់បញ្ចូលទីបាន១គ្រាប់ ជួយឲ្យក្រុមរបស់លោកយកឈ្នះ Southampton ២-០ កាលពីរាត្រីថ្ងៃអាទិត្យទី ៣០ តុលា ២០១៦ កន្លងទៅនេះ កីឡាករ Diego Costa ខ្សែប្រយុទ្ធតោខៀវ Chelsea បានក្លាយជាកំពូលកីឡាករ រកគ្រាប់បាល់បញ្ចូលទីបានច្រើនជាងគេបំផុតនៅក្នុងក្របខណ្ឌបាល់ទាត់អង់គ្លេសប្រឺមីញេលីកគិតត្រឹមជុំទី១០នេះ។ សម្រាប់១០ប្រកួត កន្លងមកនេះ Costa រកបាន៨គ្រាប់ នំាមុខកីឡាករ Sergio Aguero ខ្សែប្រយុទ្ធមេឃខៀវ Man City ដែលរកបាន៧គ្រាប់ ។
តាំងពីមករួមរស់ជាមួយ Chelsea ឆ្នាំ២០១៤ កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះរកគ្រាប់បាល់សរុបបាន៤០គ្រាប់ ឲ្យតោខៀវ Chelsea ក្នុងការបង្ហាញវត្តមាន៦៤ប្រកួត គឺលឿនជាងកីឡាករ Aguero ៧ប្រកួត។
តាមរយៈកំណត់តា្រនេះ Costa បានក្លាយជាកីឡាករទី៦លើពិភពលោក ដែលរកគ្រាប់បាល់បានលឿនបំផុត។
ដោយ៖ ហេង ដេត