Thursday, May 16, 2024
Homeតារាខ្មែរមាស សុខសោភា ធ្វើឲ្យថោនចុះខ្សោយ?

មាស សុខសោភា ធ្វើឲ្យថោនចុះខ្សោយ?

មាស សុខសោភា ដែលដើរចេញពីផលិតកម្មថោនរយៈពេល១ឆ្នាំទៅហើយនោះត្រូវបានគេមើលឃើញថាផលិតកម្មនេះពិបាករកអ្នកស្នងតំណែងជំនួសនាងហើយក៍អាចជះឥទ្ធិពលនាំឲ្យថោន ប្រឈមចុះខ្សោយផងដែរព្រោះថាសោភា ជាអ្នកចម្រៀងម្នាក់ដែលរហូតមកដល់ពេលនេះមិនទាន់មានតារាណាអាចច្រៀងឈ្នះនាងខាងបទស្លូវឡើយ។ប៉ុន្ដែក្រោយជ្រកនៅថោន បានរយៈពេល៩ឆ្នាំសោភា ក៍បាយបាយថោន ហើយទៅចូលជាមួយផលិតកម្មរាម ទៅវិញដែលការចាកចេញរបស់តារាស្រីជើងខ្លាំងរូបនេះត្រូវបានតារាថោន នាងបាន មុន្នីល័ក្ខ ចាត់ទុកថាដូចបាត់គ្រាប់ពេជ្រ១គ្រាប់។ចំណែកតារាចម្រៀងថោនម្នាក់ទៀតគឺលោកឆឹម សក្កដា ធ្លាប់និយាយថាមានការសោកស្ដាយចំពោះថោន បាត់បង់សុខសោភា ហើយលោកទទួលស្គាល់ថាពិតជាធ្វើឲ្យថោន អាចចុះខ្សោយមែនក្រោយការចាកចេញរបស់សោភា នេះមែន។

ទោះជាយ៉ាងណាក្នុងជំនួបជាមួយលោករុណា ពេជ្រ កាលពីពេលថ្មីៗនេះអតីតអ្នកចាត់ការទូទៅថោន បានយល់ឃើញខុសពីនេះដោយលោកអះអាងថាការចាកចេញរបស់តារាចម្រៀងក្រោយផុតកុងត្រាគឺជារឿងធម្មតា នឹងមិនធ្វើឲ្យផលិតកម្មធ្លាក់ចុះទេ ដូចជាករណីថោន នៅមានតារាជាច្រើនទៀតនៅបន្ដក្រោយមាស សុខសោភា និងខេម ទៅផលិតកម្មផ្សេង។

លោកពេជ្រ ថាថោន នៅតែតំណើរដូចមុនដដែលហើយរឿងតារាប្ដូរផលិតកម្មគ្មានអ្វីចម្លែកនោះទេ។ប៉ុន្ដែលោកករុណា ពេជ្រ ដែលពេលនេះនៅតែជាតារាថោន នោះធ្លាប់និយាយថាទោះជាពេលនេះសុខសោភា លែងជាអ្នកចម្រៀងថោន មែនប៉ុន្ដែនៅថៃ្ងណាមួយនាងក៍អាចក្លាយទៅជាតារាថោន សារជាថ្មីក៍ថាបានដែរព្រោះផលិតកម្មមួយនេះស្វាគមន៍នាងជានិច្ច។

យ៉ាងណាក្នុងជំនួបផ្ទាល់ជាមួយមាស សុខសោភា នៅទូរទស្សន៍CTNកន្លងមកតារារាម រូបនេះថានាងគ្មានគម្រោងវិលទៅផលិតកម្មថោន វិញនោះទេ។ប៉ុន្ដែនាងថាទំនាក់ទំនងឬការរាប់អានរវាងនាងនិងថៅកែប្រុសស្រីរបស់ថោន គឺនៅតែដដែលហើយបើមានកម្មវិធីអ្វីមួយដែលអតីតថៅកែហៅនាងឲ្យចូលរួមនោះនាងនឹងទៅចូលរួមពិធីដោយរីករាយ។

មាស សុខសោភា បានផ្លាស់ប្ដូរផលិតកម្មជាច្រើនមកហើយដូចជានាងធ្លាប់ច្រៀងនៅរស្មីស្ទឹងសង្កែរ,CB ឬU2 ,សាន់ដេ ,M និងថោនហើយចុងក្រោយមកទើរនៅរាម ។តាមរយៈការជ្រកនៅរាម ជាង៤ខែនេះគេមិនទាន់ឃើញសុខសោភា មានបទចម្រៀង១បទណាផ្ទុះខ្លាំងនោះទេ ខណៈដែលជំហ៊ានដំបូងនាងបានកុងត្រារយៈពេល១ឆ្នាំជាមួយរាម នោះបានន័យថានាងនៅមានពេល៨ខែទៀតដើម្បីបញ្ចេញសម្ថភាព។

ការបោះជំហ៊ានទៅទ្រនុំទី៦នេះសុខសោភា បានចាប់ដៃជាមួយប្រុសក្មេងដួង វីរៈសិទ្ធ តែការច្រៀងសម្ដែងជាមួយអតីតតារាហង្សមាសដែលមានអាយុប្អូននាងដល់ទៅ១៣ឆ្នាំនោះហាក់មិនសូវសាកសមនោះទេ។តែលោកនូ ស៊ឹប អតីតតារាចម្រៀងហង្សមាសបានលើកឡើងថាបញ្ហាអាយុខុសគ្នារវាងសុខសោភា និងវីរៈសិទ្ធ មិនមែនជាបញ្ហាក្នុងការធ្វើជាដៃគូឡើយ។លោកថាសោភា-វីរៈសិទ្ធ អាចច្រៀងឆ្លងឆ្លើយគ្នាបានព្រោះសម្លេងស៊ីគ្នា។

គេកត់សម្គាល់ដែរថាតាមរយៈការឡើងឆាកតន្រ្ដីកាលពីពេលថ្មីៗនេះមាស សុខសោភា បានប្ដូរការតុបតែងខ្លួនស្ទើរតែទាំងស្រុងតែម្ដងពិសេសការលេងម៉ូដសក់ដែលនាងលេងស្ទីលក្រងនិងម៉ូដព័ណសក់យ៉ាងចម្លែកៗទើបធ្វើឲ្យមានការទាក់ទាញជាងមុន។ប៉ុន្ដែការគ្មានបទចម្រៀងផ្ទុះអាចធ្វើឲ្យសុខសោភា ពិបាកប្រជែងទីផ្សារចម្រៀងបើទោះជាស្វាមីនាងលោកអ៊ឹត រ៉ាដា មានផលិតកម្មផ្ទាល់ខ្លួនCamtrax ចាំផ្ដល់ជំនួយឲ្យនាងពីក្រោយខ្នងក្ដី។មហាជនរងចាំមើលថាក្រោយផុតកុងត្រា១ឆ្នាំសុខសសោភា នឹងបន្ដច្រៀងនៅរាម តទៅទៀតឬមួយក៍នាងស្វែងរកទ្រនុំទី៧? ហ៊ឹម វិចិត្រ

RELATED ARTICLES