Sunday, May 19, 2024
Homeតារាខ្មែរខេមរៈ សិរីមន្ដ ប្រពន្ធកាន់តែតាមស្អិត

ខេមរៈ សិរីមន្ដ ប្រពន្ធកាន់តែតាមស្អិត

ខេមរៈ សិរីមន្ដ ដែលជាតារាប្រុសឈានមុខគេនៅហង្សមាសពេលនេះទាំងការថតសម្ដែងMVនិងស្ពតពាណិជ្ជកម្មលោកប៊ុនថៃ ត្រូវបានគេកត់សម្គាល់ថាភរិយាលោកអ្នកនាងគួយ ផល្លី តាមជាប់ជានិច្ចតែម្ដង ប៉ុន្ដែសកម្មភាពទាំងនោះមិនមែនអ្នកនាងផល្លី ប្រចណ្ឌឬមិនទុកចិត្តហើយបារម្ភខ្លាចប្ដីមានស្រីខាងក្រៅនោះទេ តែជាការផ្ដល់ជំនួយបន្ថែមទៀតដល់លោកសិរីមន្ដ ទាំងការផាត់មុខ រៀបចំសម្លៀកបំពាក់និងសិក្សារពីប្លង់ថតជាដើមព្រោះថាពេលនេះភរិយារបស់អតីតតារាសាន់ដេរូបនេះក៍បានក្លាយទៅជាអ្នកដឹកនាំសម្ដែងMVម្នាក់ដែរ។

អ្នកដឹកនាំស្ពតមួយចំនួនបាននិយាយថាពួកគេច្រណែនលោកប៊ុន និងភរិយាខ្លាំងណាស់ព្រោះតែភាពផ្អែមល្ហែមរបស់ពួកគេនោះគឺបើកជាចំហនៅមុខក្រុមការងារតែម្ដង ដែលមើលទៅតារាហង្សមាសនិងភរិយាលោកកំពុងតែមានក្ដីសុខបំផុតក្នុងជីវិត។ក្រៅពីបញ្ចេញឲ្យគេឃើញពីជីវិតស្នេហាកាន់តែស្អិតល្មូតពីមួយថ្ងៃទៅមួយថ្ងៃនោះលោកប៊ុនថៃ និងប្រពន្ធក៍លេងខ្លួនប្លែកៗមិនចាញ់គូស្នេហ៍យុវវ័យឡើយដូចជាពេលនេះលោកសិរីមន្ដ ចាប់ផ្ដើមលេងម៉ូដសាក់នៅកំភួនដៃស្ដាំ និងកជើងឆ្វេង បន្ថែមពីលើសាក់រូបខ្លានៅក្បាលពោះ ខណៈដែលអ្នកនាងផល្លី វិញប្រឹងហាត់ប្រាណថែរាងមិនឲ្យចាញ់តារាម៉ូដែលឡើយ។អ្វីដែលគូឲ្យកត់សម្គាល់ថែមទៀតតារាហង្សមាសរូបនេះមានអង្គរក្សបើករថយន្ដជូនដែលមើលទៅជីវិតនៅក្រៅឆាករបស់អតីតអ្នកចម្រៀងU2 និងសាន់ដេរូបនេះមិនចាញ់អ្នកធំឡើយ។

គូសបញ្ជាក់ថាខេមរៈ សិរីមន្ដ បានផ្អាកច្រៀងសម្ដែងលើឆាកតន្រ្ដីនៅStudio ប៉ុស្ដិ៍ហង្សមាសជាង២ខែមកហើយក្រោយពីតារាចម្រៀងនៅផលិតកម្មរួមក្រុមបានផ្ទុះកើតកូវីដ ជាបន្ដបន្ទាប់កាលពីដើមខែមីនា ឆ្នាំ២០២១។លោកប៊ុនថៃ ធ្លាប់ប្រាប់តាមទូរស័ព្ទថាលោកមិនទាន់អាចកំណត់ពេលវេលានៃការចេញច្រៀងសម្ដែងឡើងវិញទេ ហេតុនេះហើយមានតែការសុំអធ្យាស្រ័យពីអ្នករៀបចំកម្មវិធីប្រគុំតន្រ្ដី ប៉ុន្ដែការថតស្ពតពាណិជ្ជកម្មនៅតែបន្ដជាធម្មតា។

គេកត់សម្គាល់ថាក្រោយលោកខេម ប៊ុនថៃ ត្រូវបានភរិយាតាមស្ទើតែគ្រប់ការថតសម្ដែងបែបនេះប្រាកដជាធ្វើឲ្យក្រមុំៗដែលធ្លាប់តែតាមលោក ដល់ឆាកនិងចាប់អោបថើបតារារូបនេះជាញយៗទាំងនោះលែងសូវហ៊ានអោបរឹតតារាកូន៣រូបនេះដូចមុនទៀតជាមិនខានព្រោះខ្លាចប្រពន្ធតារាល្បីរូបនេះប្រចណ្ឌ។ប៉ុន្ដែតាមព័តមានថាអ្នកនាងផល្លី មានទំនុកចិត្តស្វាមីនាងជានិច្ច ហើយនាងតែងតែបើកចិត្តទូលាយចំពោះហ្វេននារីៗដែលស្កាត់ជួបប្ដីនាងដល់ឆាកតន្រ្ដីនោះគឺនាងមិនចេះហួងហែងប្ដីផ្ដែសផ្ដាសឡើយ។

ខេមរៈ សិរីមន្ដ បានភ្ជាប់ស្នេហ៍ជាមួយអ្នកនាងគួយ ផល្លី កាលពីឆ្នាំ២០០៤ ដែលចំណងស្នេហ៍១៧ឆ្នាំនេះពួកគេទទួលបានកូន៣នាក់(ស្រី២) ហើយបច្ចុប្បន្នលោកប៊ុនថៃ និងប្រពន្ធរស់នៅដោយជីវភាពហ៊ឺហាមានផ្ទះវីឡាធំស្កឹមស្កៃ និងជិះរថយន្ដទំនើប៤គ្រឿងឆា្លស់គ្នាមានRolls Royce, Lexus Lx570,Mazda និងVolkswagen ។ប៉ុន្ដែលោកប៊ុនថៃ មិនទាន់ត្រូវបានទីប្រឹក្សារបស់លោកទម្លាយរឿងសល់ទ្រព្យប៉ុន្មានដូចកំពូលតារាចម្រៀងព្រាប សុវត្ថិ នោះទេបើទោះជាលោកស្ថិតក្នុងចំណោមតារាខ្មែរដែលមានលុយច្រើននៅឆ្នាំ២០២១នេះក្ដី។

ក្រៅពីខេមរៈ សិរីមន្ដ តារាដែលមានប្រពន្ធតាមស្អិតនោះមានដូចជាលោកព្រាប សុវត្ថិ,ឆាយ វីរៈយុទ្ធ ,ខាន់ ជេមស៍ ,នៅ ស៊ីនឿន,បូទី,នី រតនា ,ណាត់ បូរី និងសៅ ឧត្តម ជាដើម។ភរិយាតារាខាងលើនេះក៍មិនខុសពីលោកប៊ុនថៃ ដែរគឺមានតួនាទីជួយរៀបចំសម្លៀកបំពាក់,ម៉ូដសក់ និងគ្រឿងអលង្ការឲ្យប្ដីទៅតាមប្រភេទកម្មវិធីហេតុនេះហើយមិនខុសពីពាក្យដែលថា”មនុស្សស្រីជាអ្នកនៅពីក្រោយខុ្នងនៃភាពជោគជ័យរបស់ប្ដី”ឡើយ៕ ហ៊ឹម វិចិត្រ

RELATED ARTICLES