Monday, May 6, 2024
Homeតារាខ្មែរឱក សុគន្ធកញ្ញា ស្ងប់ស្ងាត់ ខណៈមាស សុខសោភា មិនសូវមានសង្ឃឹម

ឱក សុគន្ធកញ្ញា ស្ងប់ស្ងាត់ ខណៈមាស សុខសោភា មិនសូវមានសង្ឃឹម

ឱក សុគន្ធកញ្ញា និងមាស សុខសោភា ជាគូប្រជែងដ៍ស្វិតស្វាញនៅរយៈពេល១០ឆ្នាំចុងក្រោយនេះដែលពួកគេឈត្រដុំតសងគ្នានិងមានតម្លៃខ្លួនប្រហាក់ប្រហែលគ្នាពោលគឺច្រៀង១កម្មវិធីស៊ីថ្លៃជិត៣០០០ដុល្លារដូចគ្នា។ប៉ុន្ដែចាប់ពីឆ្នាំ២០២១នេះទៅកេរ្ដិ៍ឈ្មោះរបស់តារាទាំង២អាចនឹងមានការប្រែប្រួលព្រោះពេលនេះសុគន្ធកញ្ញា មានប្ដីនិងកូន១ហើយមិនទាន់មានបទចម្រៀង១បទណាផ្ទុះខ្លាំងដូចមុនរៀបការឡើយរយៈពេលជាង២ឆ្នាំមកនេះ។

ចំណែកមាស សុខសោភា ដែលឈជើងនៅផលិតកម្មថ្មីរាម ជិត៥ខែមកនេះទោះជាប្រឹងចេញបុកបទចម្រៀងទាំងនៅរដូវកូវីដ ហើយរកបានដៃគូថ្មីប្រុសក្មេងដួង វីរៈសិទ្ធ ក្ដីប៉ុន្ដែអតីតតារាថោនក៍មិនទាន់មានបទណាគូរឲ្យចាប់អារម្មណ៍ខ្លាំងដែរ។មជ្ឈដ្ឋានមហាជនមើលឃើញថាអំឡុងពេលដែលសុខសោភា-សុគន្ធកញ្ញា មានអាយុកាន់តែច្រើនហើយមិនទាន់មានបទចម្រៀងខ្លាំងៗដូចមុនបែបនេះគេឃើញមានតារាចម្រៀងវ័យក្មេង២ដួងដែលកំពុងហក់ឡើងនិងបោះពួយយ៉ាងលឿននោះគឺនាងតន់ ច័ន្ទសីម៉ា របស់Galaxyនិងរ៉េត ស៊ូហ្សាណា ដែលច្រៀងនៅហង្សមាសកំពុងតែឈានជំហ៊ានទៅវាយលុកទីផ្សារចម្រៀងក្នុងលំដាប់តារាជូមុខគេនៅពេលខាងមុខនេះហើយ។ប៉ុន្ដែយ៉ាងណាតារាចម្រៀងពេជ្រ សោភា និងរ៉ាប៊ី ធ្លាប់និយាយស្រដៀងគ្នាថានៅរដូវកូវីដនេះមិនអាចនិយាយថាតារាណាខ្លាំងឬខ្សោយបាននោះទេព្រោះភាគច្រើនអ្នកចម្រៀងស្ទើតែទាំងអស់មិនហ៊ានចេញបទចម្រៀងដែលធ្វើរួចនៅពេលនេះឡើយដោយសម្អាងថាខ្លាចខុសពេលវេលា…។

ឱក សុគន្ធកញ្ញា បានផ្អាកច្រៀងសម្ដែងជាង២ខែក្រោយពីមានតារាហង្សមាសបានផ្ទុះកើតកូវីដជាបន្ដបន្ទាប់កាលពីដើមខែមីនា ហើយនាងទើបតែឡើងច្រៀងសារជាថ្មីនៅឆាកតន្រ្ដីហង្សមាសដែលដឹកនាំដោយស្វាមីនាងលោកអ៊ឹង សុខលី កាលពីថ្ងៃទី៣០ខែឧសភា ហើយពេលនេះនាងត្រូវផ្អាកឡើងឆាកសារជាថ្មីម្ដងទៀតដើម្បីកាន់ទុក្ខជូនលោកយាយរបស់នាងឈ្មោះម៉ា រិនថា ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៤ខែមិថុនា ។

សុគន្ធកញ្ញា ដែលកំពុងតែប្រឈមភាពស្ងប់ស្ងាត់នោះមិនកំណត់ពេលវេលានៃកាន់ក្បាលមីក្រូសារឡើងវិញទេព្រោះតែនាងមិនអាចច្រៀងសម្ដែងសប្បាយៗពេលមានទុក្ខនេះបែបនេះបានឡើយ។ថ្វីត្បិតតែអាជីពចម្រៀងរបស់សុគន្ធកញ្ញា ហាក់នៅទ្រឹងក្រោយមានប្ដីនិងកូន១ក្ដី ប៉ុន្ដែក្រឡេកមើលសុភមង្គលរបស់នាងវិញប្អូនថ្លៃថៅកែហង្សមាសរូបនេះមានភាពកក់ក្ដៅខ្លាំងណាស់ព្រោះនាងត្រូវស្វាមីកាន់តែស្រលាញ់និងថ្នាក់ថ្នមលើសកាលពីផ្ដើមស្នេហ៍គ្រាដំបូងទៅទៀត។

ចំពោះមាស សុខសោភា វិញបើច្រៀងនៅផលិតកម្មរាម មិនផ្ទុះទេគ្មានអ្វីចម្លែកសម្រាប់រូបនាងឡើយព្រោះតែអ្នកជំនាញសិល្បៈបានលើកឡើងថាសុខសោភា ទៅរាម មិនមែនចង់ល្បីចម្រៀងនោះទេតែគឺទៅដើម្បីបង្កើតមុខរបរថ្មីនិងលក់ផលិតផល។ទោះជាសុខសោភា ពេលនេះមិនទាន់មានកូនដូចសុគន្ធកញ្ញា ក្ដី ប៉ុន្ដែរយៈពេល១ឆ្នាំនៃការកុងត្រានៅរាម ដោយនាងផាត់ចោលហង្សមាស និងGalaxyនោះប្រសិនបើនាងនៅតែគ្មានបទផ្ទុះទៀតទេច្បាស់ជាធ្វើឲ្យអតីតតារាថោនរូបនេះប្រឈមចុះខ្សោយជាមិនខាន។

ចំណែករឿងស្នេហាសោភា ជាមួយស្វាមីអាណិកជនខ្មែរនៅកាណាដាលោកអ៊ឹត រ៉ាដា ដែលបានភ្ជាប់ស្នេហ៍រយៈពេល១៤ឆ្នាំទៅហើយនោះនៅតែគ្មានតម្រុយដឹកដៃគ្នាចូលរោងការជាចំហឡើយ បន្ទាប់ពីពួកគេបានរៀបការតាមបែបសាសនាគ្រឹះកាលពីឆ្នាំ២០០៨ នៅព្រះវិហារមួយនៅកាណាដា។សោភា ធ្លាប់ប្រាប់ថាពេលមានអាយុច្រើនទៅនាងក៍គិតថាពិបាករឿងយកកូនដែរ។


លោកមិញ សុធីវណ្ណ ធ្លាប់ប្រាប់តាមទូរស័ព្ទថាទោះជាឱក សុគន្ធកញ្ញា មានប្ដីនិងកូនក្ដី ប៉ុន្ដែលោកជឿរថាហង្សមាសនឹងមិនបណ្ដោយឲ្យនាងធ្លាក់ចុះជាដាច់ខាត។ចំណែកលោកនូ ស៊ឹប ថាសម្ថភាពដូចមាស សុខសោភា ទៅច្រៀងនៅទីណាក៍នៅតែល្បីហើយផលិតកម្មណាក៍ចង់បាននាងដែរ៕ ហ៊ឹម វិចិត្រ

RELATED ARTICLES