Sunday, April 28, 2024
Homeតារាខ្មែរខេម ទៅមុខ ឬថយក្រោយ?

ខេម ទៅមុខ ឬថយក្រោយ?

តារាចម្រៀងលោកប៉ុន សុណារិន ហៅខេម បានចូលGalaxyជាង១ឆ្នាំទៅហើយក្រោយអស់និស្ស័យជាមួយថោន តែការប្ដូរទ្រនុំនេះមិនទាន់ធ្វើឲ្យខេម មានសន្ទុះខ្លាំងដូចអំឡុងនៅទ្រនុំចាស់ឡើយបើទោះជាខេម ថាពេញចិត្តផ្ទះថ្មីព្រោះបទចម្រៀងចេញស្ទើតែជារៀងរាល់ថ្ងៃក្ដី។លោកសុណារិន ត្រូវបានគេកត់សម្គាល់ថាហាក់នៅទ្រឹងនៅរយៈពេលចុងក្រោយនេះទើបសំណួរដែលមហាជនចង់ដឹងថាតើក្រោយចេញពីថោន មកGalaxyនេះខេម ទៅមុខ ឬថយក្រោយ?

អ្នកជំនាញធ្វើភ្លេង(Composer)ល្បីឈ្មោះម្នាក់នៅហង្សមាសនិយាយដោយសុំមិនឲ្យដាក់ឈ្មោះថានៅរដូវកូវីដនេះមិនមែនតែខេម មួយទេដែលស្ងប់ស្ងាត់នោះតែតារាស្ទើតែទាំងអស់ទៅហើយមិនមានបទល្បីខ្លាំងដូចមុននោះទេ។ប៉ុន្ដែលោកថាចំពោះមូលហេតុដែលខេម មិនសូវលេចធ្លោខ្លាំងដូចមុននោះដោយសារតែឥទ្ធពលរបស់លោកព្រាប សុវត្ថិ ទៅដល់Galaxyដែរអីចឹងមិនមែនតែ ខេម នោះទេសូម្បីតែពេលព្រាប សុវត្ថិ ច្រៀងនៅហង្សមាសក៍ខេមរៈ សិរីមន្ដ មិនសូវលេចធ្លោខ្លាំងដូចពេលនេះដែរ។លោកសង្កត់ ថាថៅកែផលិតកម្មក៍គេដឹងដែរថាបើឲ្យខេម នៅលើព្រាប សុវត្ថិ តើទៅរួចទេ?លោកបន្ថែមទៀតថាមូលហេតុដែលខេម នៅថោន ល្បីជាងនៅGalaxyដោយសារតែថោន គ្មានព្រាប សុវត្ថិ ។តែComposer រូបនោះថាខេម នៅព្រាប សុវត្ថិ ម្នាក់មិនមែនជារឿងចម្លែកទេអីចឹងខេម នៅតែល្បីអីចឹងព្រោះច្រៀងស្អកហើយពិរោះនោះគ្មានអ្នកណាដណ្ដើមតំណែងអ្នកចម្រៀងរូបនេះបានឡើយ។

ខេម ធ្លាប់ប្រាប់អ្នកសារព័តមានត្រង់ៗថាអ្នកខ្លះនិយាយថាលោកទុកព្រាប សុវត្ថិ ដូចជាឆ្អឹងទទឹងកអីចឹង ព្រោះលោកចូលGalaxy មុនព្រាប សុវត្ថិ តែការពិតតារាចម្រៀងនៅផលិតកម្មនេះស្រលាញ់គ្នាគ្នាខ្លាំងណាស់ ។ចំណែកទំនាក់ទំនងរវាងលោកនិងថៅកែផលិតកម្មរាប់អានគ្នាយូហើយគឺដូចជាបងប្អូនបង្កើត។

គេកត់សម្គាល់ថាអំឡុងពេលដែលខេម ចាប់ដៃជាមួយនាងតន់ ច័ន្ទសីម៉ា ធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ច្រើនព្រោះស្អក ប៉ៈស្អក ហើយខេម កាន់តែល្បីថែមទៀត។ប៉ុន្ដែពេលនេះស្រីស្រស់ច័ន្ទសីម៉ា បានងាកមកច្រៀងជាមួយកំពូលតារាចម្រៀងព្រាប សុវត្ថិ ច្រើនជាងខេម ហើយជាលទ្ធផលចុងក្រោយនាងសីម៉ា ស្ទុះឡើងសឹងតែមិនគូឲ្យជឿរព្រោះបានជំនួយពីព្រាប សុវត្ថិ ខណៈខេម បែរជានៅទ្រឹងទៅវិញ។ទោះជាយ៉ាងណាតន់ ច័ន្ទសីម៉ា និយាយថានាងពេញចិត្តលោកព្រាប សុវត្ថិ និងខេម ដូចគ្នា ហើយនាងក៍មានគម្រោងចាប់ដៃខេម ចេញបទចម្រៀងជាច្រើនទៀត បន្ទាប់ពីជោគជ័យការច្រៀងដៃគូជាមួយគ្នាកន្លងមក។

ទោះជាខេម មិនទាន់ល្បីរន្ទឺដូចមុនក្ដីតែអតីតអ្នករត់ម៉ូតូឌុបរូបនេះបានវិវឌ្ឍន៍ខ្លួនបានយ៉ាងល្អតាមរយៈកាក្លាយទៅជាថៅកែភោជនីយដ្ឋានមួយនិងជិះរថយន្ដទំនើបម៉ាកRange  Rover  ព្រមទាំងរស់នៅផ្ទះយ៉ាងប្រណិតទៀតផងជាមួយកំពូលស្នេហ៍ជាអាណិកជនខ្មែរមកពីបារាំងឈ្មោះស្រីកា ។ខេម ចាប់ផ្ដើមហ៊ានបង្ហាញមុខប្រពន្ធតាំងពីដើមខែមករាឆ្នាំ២០២១ ហើយនៅថ្ងៃមង្គលការប្អូនថៅកែGalaxyនោះលោកថែមទាំងរាំស្លូវអោបប្រពន្ធទៀតផង។

ការរកបានម្ចាស់បេះដូងថ្មីនេះបន្ទាប់ពីខេម បានចែកផ្លូវគ្នាជាមួយតារាសម្ដែងជាស្រីស្អាតសាច់សខ្ចីម្នាក់មកពីខេត្តកំពត។ប៉ុន្ដែខេម ធ្លាប់ប្រាប់ថាលោកមិនទាន់មានគម្រោងដឹកដៃស្រីកា រៀបការឆាប់នោះទេបន្ទាប់ពីចាប់ដៃគ្នាជិត៥ឆ្នាំមក។ខេម ថាពេលនេះបណ្ដូលចិត្តរបស់លោកមករស់នៅស្រុកខ្មែរជាមួយលោកជាច្រើនឆ្នាំហើយ ខណៈនៅថ្ងៃអនាគតលោកគ្មានបំណងទៅរស់នៅប្រទេសបារាំងតាមគូស្នេហ៍ដែរព្រោះពេលនេះអ្នកនាងកា នៅខ្មែរច្រើនជាងបារាំង ៕ ហ៊ឹម វិចិត្រ

RELATED ARTICLES