ទោះបីនៅសល់រយៈពេល១៨ខែ ទៀតទើបផុតកុងត្រា ក្លឹបបិសាចក្រហម Man Utd បានបន្តកុងត្រាថ្មីរយៈពេល៤ឆ្នាំ បន្ថែមទៀតឲ្យដល់កីឡាករ ខ្សែបម្រើប្រយុទ្ធស្លាប Jesse Lingard ដើម្បីបិទទ្វារកីឡាកររូនេះកុំឲ្យហើរចោលទ្រនំ។
បន្ថែមជាមួយនឹងកុងត្រាថ្មី ក្លឹបMan Utd ក៏បន្ថែមប្រាក់ឈ្នួលប្រចាំសប្តាហ៍កីឡាករវ័យ២៣ឆ្នាំ ទ្វេដងគឺមានចំនួនដល់ជាង៧ម៉ឺនដុល្លារ ហើយលើសពីនេះទៀត Lingard ក៏បានចុះកុងត្រាជាមួយក្រុមហ៊ុនផលិតសម្ភារៈកីឡា Adidas។
គួររំឮកថាកីឡាករ Lingard បានចូលមកលេងឲ្យក្លឹបManUtd តាំងពីឆ្នាំ ២០១១ ក៏ប៉ុន្តែត្រូវក្លឹបនេះឲ្យទៅក្លឹបចំនួន៤ខ្ចីជើងគឺក្លឹប Leicester (២០១២-២០១៣) ក្លឹប Birmingham(២០១៣-២០១៤) ក្លឹប Brighton (២០១៤) និងចុងក្រោយក្លឹប Derby (២០១៥) មុននឹងវិលត្រឡប់មកកាន់ក្លឹប Man Utd វិញ។នៅជាមួយក្លឹបMan Utd ទើបតែបានបង្ហាញវត្តមានចំនួន៣១ដង និងស៊ុតបាល់បញ្ចូលទី បាន៤គ្រាប់។
ដោយ៖ ហេង ដេត