Friday, May 3, 2024
Homeតារាខ្មែរវ៉ាន់ នីឡា ឪពុកថាលែងហ៊ាននិយាយរឿងរៀបការ

វ៉ាន់ នីឡា ឪពុកថាលែងហ៊ាននិយាយរឿងរៀបការ

លោកសុវណ្ណ ឬទ្ធី ជាឪពុករបស់តារាកំប្លែងរូបស្រស់វ៉ាន់ នីឡា បានប្រាប់”នគរធំ”កាលពីថ្ងៃទី១៦ខែកក្កដា ថាដោយសារតែកូវីដនៅតែផ្ទុះបែបនេះលោកមិនអាចនិយាយរឿងរៀបការរបស់កូនស្រីថានឹងអាចធ្វើបាននៅពេលណាឡើយព្រោះទាល់តែរងចាំពេលវេលាមួយអំណោយផលទើបអាចរៀបចំទៅរួច។ទោះជាយ៉ាងណាលោកសុវណ្ណ ឬទ្ធី ថាការលើកពេលរៀបការកូននោះមិនមែនតែរូបលោកម្នាក់នោះទេ ប៉ុន្ដែគឺប្រជាជនមួយប្រទេសទៅហើយព្រោះបើកូវីដនៅតែមិនស្ងាត់មិនអាចឲ្យកូនចៅរៀបការបាននាពេលនេះទេ។

វ៉ាន់ នីឡា គ្រោងដឹកដៃគូស្នេហ៍ថ្មីលោកស៊ុត សក្ការៈ រៀបការកាលពីខែឧសភាឆ្នាំ២០២០ តែត្រូវពន្យាពេលថាចង់ធ្វើនៅដើមឆ្នាំ២០២១វិញព្រោះតែកូវីដ ប៉ុន្ដែពេលនេះត្រូវបានរំសាយមង្គលការចោលទាំង២លើកដោយសារតែពេលនេះឈានចូលជាងពាក់កណ្ដាលឆ្នាំ២០២១ទៅហើយកូវីដនៅតែមិនទាន់រលត់ដដែលទើបធ្វើឲ្យនីឡា ខកគម្រោងគ្រងឈុតកូនក្រមុំអស់២ដង។ប៉ុន្ដែអ្នកកំប្លែងតូចតន់រូ​បនេះវាចារថាចំណងស្នេហានាងជាមួយគូដណ្ដឹងគ្មានអ្វីប្រែប្រួលនោះទេព្រោះពេលនេះនាងនិងលោកសក្ការៈ យល់ចិត្តគ្នាច្បាស់លាស់ណាស់ដែលអាចនិយាយបានថាទោះជាមិនអាចរៀបការក៍នាងនិងគូដណ្ដឹងចិត្ត១ថ្លើម១ទៅហើយដែរ។នីឡា ថាអ្វីដែលធ្វើឲ្យនាងកាន់តែកក់ក្ដៅថែមទៀតនោះគឺគូដណ្ដឹងមិនចេះប្រចណ្ឌនាងឡើយបើទោះជានាងលេងកំប្លែងមានភាពស្និតស្នាលជាមួយអ្នកកំប្លែងប្រុសយ៉ាងណាក៍លោកសក្ការៈ មិនប្រកាន់ខឹងដែរព្រមទាំងបានជូននាងទៅសម្ដែងគ្រប់កម្មវិធីទៀតផង។

វ៉ាន់ នីឡា បានផ្ដាច់ស្នេហ៍អតីតគូដណ្ដឹងលោកផន រង្សី ជាកូនថៅកែវង្សល្ខោនភី សុគន្ធី កាលពីដើមឆ្នាំ២០១៨ ក្រោមហេតុផលពួកគេទាំងសងខាងសម្អាងថាមិនចុះសម្រុងគ្នា។ក្រោយព្រមចែកផ្លូវគ្នានោះអតីតគូដណ្ដឹងវ៉ាន់ នីឡា គឺលោកផន រង្សី បានងាកទៅភ្ជាប់ពាក្យជាមួយកូនក្រមុំអ្នកខេត្តតាកែវកាលពីថ្ងៃទី១៤ខែមិថុនាឆ្នាំ២០១៨ហើយបានរៀបការនៅឆ្នាំដដែលមុននីឡា ទៅហើយ។ចំណែកស្រីស្រស់តូចច្រឡឹងវ៉ាន់ នីឡា វិញក៍មិនទុកបេះដូងឲ្យនៅទំនេរដែរដោយនាងបានភ្ជាប់ពាក្យជាមួយលោកគូស្នេហ៍ថ្មីលោកស៊ុត សក្ការៈ ជាកូនប្រុសរបស់អ្នកស្រីសរ មុន្នីរស្មី ប្រពន្ធថ្មីរបស់លោកព្រីង ច័ន្ទបុត្រ ហៅនាយចេក ទើបធ្វើឲ្យនីឡា ត្រូវហៅនាយចេក ថាជាប៉ាក្មេក។

តារាកំប្លែងCTNវ៉ាន់ នីឡា បានឲ្យដែរថានៅរដូវកូវីដនេះនាងបានផ្អាកការចេញថតសម្ដែងនៅខាងក្រៅហើយហ៊ានថតតែក្នុងStudio របស់CTNប៉ុណ្ណោះ ខណៈដែលអាជីពចម្រៀងនៅសាន់ដេនិងធ្វើជាពិធីការិនីនៅCNCនោះនាងបានផ្អាកមួយរយៈធំទៅហើយនិងគ្មានបំណងវិលមកចាប់អាជីពទាំង២វិញនោះទេ ព្រោះចិត្តស្រលាញ់និងចង់ផ្ដោតតែលើការធ្វើជាអ្នកកំប្លែង។នាងថាការច្រៀងក៍នាងចូលចិត្តMCក៍ទៅរួចតែចុងក្រោយនេះសម្រេចចិត្តចាប់យកតែអាជីពកំប្លែង ព្រោះថានាងក៍ជាប់មមាញឹកលក់ផលិតផលមួយតាមOnlineផងដែរ។

វ៉ាន់ នីឡា ជាអ្នកកំប្លែងដែលមានរូបសម្រស់លេចត្រដែតជាងគេនៅCTNហើយពេលនេះនាងក៍កាន់តែឡើងកាលីពថែមទៀតពេលដែលជិះរថយន្ដទំនើបម៉ាកMercedes ។ស្រីស្រស់តូចច្រឡឹងវ៉ាន់នីឡា ថាការថតភាពយន្ដនិងសម្អាងការជាដើមនាងនឹងទទួលវិញនៅពេលស្ងាត់កូវីដនាពេលខាងមុខនេះ តែអំឡុងពេលដែលជំងឺមួយនេះមិនទាន់ស្ងាត់នាងផ្ដោតលើការរកស៊ីតាមOnlineច្រើនជាងធ្វើការសិល្បៈខាងក្រៅ៕ ហ៊ឹម វិចិត្រ

RELATED ARTICLES