Monday, November 18, 2024
Homeបរិយាយនយោ​បាយ​អា​មេ​រិក មក​លើ​កម្ពុជា

នយោ​បាយ​អា​មេ​រិក មក​លើ​កម្ពុជា

ថ្ងៃអង្គារ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខនេះ ការបោះឆ្នោតជ្រើសប្រធានាធិបតីសហរដ្ឋអាមេរិក បានមកដល់ ហើយ។ បន្ទាប់ពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បញ្ចោញទស្សនៈគាំទ្របេក្ខភាពលោកដូណាល់ ត្រាំ រួចមក ក៏មានបណ្ឌិត បញ្ញវន្ត មន្ត្រីរាជការ ព្រះសង្ឃ និស្សិត អាជីវករ ជាពិសេសតាៗញៀនកាហ្វេ នាំគ្នាបញ្ចោញទស្សនៈរៀងៗខ្លួន ដែលខ្លះគាំទ្រលោកស្រីហ៊ីលឡារី គ្លីនតុន ខ្លះទៀតគាំទ្រលោកត្រាំ។ អ្វីៗជារឿងរបស់អាមេរិក សោះ បែរជាខ្មែរ នាំគ្នា តាមដានបែបនេះ គឺមកពីជាប់ពាក់ព័ន្ធនឹងនយោបាយអាមេរិក មកលើកម្ពុជាដែល នគរធំសូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ

កាលពីពេលថ្មីៗនេះ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ចោញទស្សនៈថា សម្តេច ចង់ឱ្យលោកដូណាល់ ត្រាំ ជាប់ ឆ្នោត ជាប្រធានាធិបតីអាមេរិក ដោយយល់ថា លោកត្រាំ ជាអ្នកជំនួញ នឹងមិនធ្វើឱ្យសភាពការណ៍ពិភពលោកមានសង្គ្រាម នោះទេ ប៉ុន្តែ បើលោកស្រីហ៊ីលឡារី គ្លីនតុន ជាប់ឆ្នោតវិញ អាចនឹងជំរុញស្ថានការណ៍ពិភពលោក ឱ្យវិលទៅរកសង្គ្រាម ជាថ្មីទៀត

បន្ទាប់ពីបានឮប្រសាសន៍សម្តេចនាយករដ្ឋមន្ត្រី រួចមក នៅតាមតៀមកាហ្វេ ភោជនីយដ្ឋាន សហគ្រាស ស្ថាប័នរដ្ឋ និង ទីស្នាក់ការក្រុមហ៊ុន រហូតដល់វត្តអារាមនានា សូម្បីព្រះសង្ឃ តាអាចារ្យ ក៏នាំគ្នាបញ្ចោញទស្សនៈពាក់ព័ន្ធដល់បេក្ខជន ប្រធានាធិបតីអាមេរិក ដែលត្រូវប្រកួតផ្តាច់ព្រ័ត្រ នៅថ្ងៃទី០៨ ខែវិច្ឆិកា នេះ។ ករណីបែបនេះបង្ហាញថា ប្រជាពលរដ្ឋខ្មែរ សម័យនេះ ចូលចិត្តតាមដានរឿងនយោបាយ ទាំងក្នុងប្រទេស និងអន្តរជាតិ មិនចាញ់អ្នកនយោបាយនោះទេ ដែលយើង សូមដកស្រង់ទស្សនៈខ្លះៗ មកផ្សព្វផ្សាយនៅពេលនេះ ពាក់ព័ន្ធដល់ នយោបាយអាមេរិក មកលើកម្ពុជា

មន្ត្រីចូលនិវត្តន៍ម្នាក់ បាននិយាយថា ខ្ញុំគាំទ្រលោកស្រីហ៊ីលឡារី គ្លីនតុន និងយល់ថា ប្រជាពលរដ្ឋអាមេរិក ភាគច្រើន ក៏គាំទ្រលោកស្រីដូចខ្ញុំដែរ ដោយហេតុថា ពលរដ្ឋអាមេរិក ចង់បានប្រធានាធិបតីស្រី។ ទស្សនៈនេះ អាចថាមកពីឥទ្ធិពល របស់ស្ត្រី កាន់តែមានសិទ្ធិស្មើភាពជាមួយបុរស ក្នុងកិច្ចការនយោបាយនិងសង្គម។ យើងឃើញលោកស្រីម័រកែល បានក្លាយជា អធិការបតី នៃប្រទេសអាល្លឺម៉ង់, លោកស្រីថេរេសា ម៉េ ក្លាយជានាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស, លោកស្រីផាក គឿនហេ ប្រធានាធិបតីកូរ៉េខាងត្បូង ជាពិសេស លោកស្រីអ៊ុង សានស៊ូជី មេបក្សប្រឆាំងនៅប្រទេសភូមា ទើបតែបានជាប់ឆ្នោត ក្លាយជាទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៅភូមា។ ដូច្នេះ បើសិនជាពលរដ្ឋអាមេរិក ចង់បានប្រធានាធិបតីស្រី ច្បាស់ ជាមិនសូវគិតពីគុណវិបត្តិកន្លងមក ខណៈដែលលោកស្រីហ៊ីលឡារី គ្លីនតុន ធ្លាប់ធ្វើរដ្ឋមន្ត្រីការបរទេសនោះទេ ច្បាស់ជានាំគ្នា បោះឆ្នោតឱ្យមិនខាន មិនខុសពីលោកបារ៉ាក់ខ៍ អូបាម៉ា ដែលក្លាយជាប្រធានាធិបតីអាមេរិក ដោយសារពលរដ្ឋអាមេរិក ចង់ បានប្រធានាធិបតីស្បែកខ្មៅ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។

និស្សិតច្បាប់ម្នាក់ និយាយថា គេក៏ចង់ឱ្យលោកស្រីហ៊ីលឡារី គ្លីនតុន ឈ្នះឆ្នោតដែរ ព្រោះធម្មតាស្ត្រីភេទ មានចរិត ទន់ភ្លន់ មិនអាចបង្កសង្គ្រាមបានទេ ទោះជាមានទីប្រឹក្សានៅពីក្រោយជួយពន្យុះក៏ដោយ។

តាញៀនកាហ្វេម្នាក់ បញ្ចោញទស្សនៈថា គាត់គាំទ្រលោកស្រីហ៊ីលឡារី  គ្លីនតុន ដែរ ដោយយល់ថា អាណត្តិលោកស្រី នឹងឈានដល់ការផ្អាកសង្គ្រាម ដើម្បីពង្រីកលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅតាមបណ្តាប្រទេសនានា ជាពិសេស តំបន់អាស៊ីអាគ្នេយ៍។

ដោយឡែក សម្រាប់អ្នកគាំទ្រលោកដូណាល់ ត្រាំ បានបញ្ចោញទស្សនៈប្រហាក់ប្រហែលសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលថា បើលោកត្រាំ ឈ្នះឆ្នោត នឹងចាប់ដៃរុស្ស៊ី នឹងគ្មានសង្គ្រាមកើតឡើងទេ។ ទោះយ៉ាងណា អ្នកគាំទ្រលោកត្រាំ ខ្លះ ទៀត ផ្តល់ទស្សនៈផ្សេងៗដូចខាងក្រោម 

ព្រះសង្ឃមួយអង្គ ជាសមណនិស្សិត មានថេរដីកាថាអាត្មាចង់ឱ្យលោកត្រាំ ឈ្នះឆ្នោត ដើម្បីផ្លាស់ប្តូរគោលនយោបាយអាមេរិក មកលើកម្ពុជា។ កន្លងមក រដ្ឋាភិបាលអូបាម៉ា ធ្វើល្មមៗជាមួយកម្ពុជា ពាក់ព័ន្ធដល់បញ្ហាសិទ្ធិមនុស្ស ប៉ុន្តែ បើសិនជាលោកត្រាំ ក្លាយជាប្រធានាធិបតី ច្បាស់ជាធ្វើខ្លាំងហើយ

ជាងកាត់សក់ម្នាក់ លើកឡើងថា តាមខ្ញុំមើលទម្រង់មុខ និងកាយវិការលោកដូណាល់ ត្រាំ មិនស្លូតទេ គាត់ជាមនុស្ស ម៉ឺងម៉ាត់ណាស់ ធ្លាប់ទាំងឃោសនាជាដំបូងថា នឹងបង្ក្រាបសាសនាអ៊ិស្លាម ទប់ស្កាត់ជនអន្តោប្រវេសន៍ ហើយត្រូវបានលោកស្រី គ្លីនតុន លើកឡើងថា លោកត្រាំ នឹងចុចប៊ូតុងនុយក្លេអ៊ែរ កម្ទេចសត្រូវមិនខាន។ ដូច្នេះ បើមានការបង្ក្រាប ឬប្រឆាំង សាសនាអ៊ិស្លាមនោះ ច្បាស់ជាផ្ទុះសង្គ្រាមលោកលើកទី៣ ទោះជាលោកត្រាំ ជាមហាសេដ្ឋី ក៏គាត់ត្រូវការពង្រីកឥទ្ធិពល ដោយមិនស្តាយទ្រព្យដែលត្រូវអន្តរាយក្នុងសង្គ្រាម។

 

លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានបញ្ចោញទស្សនៈផ្ទាល់ខ្លួនរបស់លោកថាខ្ញុំយល់ឃើញថា សម្រាប់បុគ្គលម្នាក់ៗផ្ទាល់ខ្លួន យើងអាចបង្ហាញពីការគាំទ្រ ឬមិនគាំទ្របេក្ខជនប្រធានាធិបតីណាម្នាក់នៃការបោះឆ្នោតនៅ សហរដ្ឋអាមេរិក។ សម្រាប់ខ្លួនខ្ញុំផ្ទាល់ ខ្ញុំគាំទ្រនូវលទ្ធផលនៃការបោះឆ្នោតនាពេលខាងមុខ ដែលឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាពលរដ្ឋអាមេរិក។ ក៏ប៉ុន្តែខ្ញុំយល់ឃើញថា ទោះបីជាបេក្ខជនណាក៏ដោយជាប់ឆ្នោតជាប្រធានាធិបតីនៃប្រទេសមហាអំណាច មួយនេះ ក្នុងនាមស្ថាប័នរដ្ឋ ក៏ដូចជាក្នុងនាមគណបក្សនយោបាយ យើងគួរបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែល្អប្រសើរឡើង ដើម្បីផលប្រយោជន៍ប្រទេស ប្រជាពលរដ្ឋខ្មែរ និងផលប្រយោជន៍ពិភពលោក

ទស្សនៈគាំទ្រលោកដូណាល់ ត្រាំ នៅច្រើនទៀត ដែលមួយចំនួនយល់ស្របដូចសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន តែមួយចំនួនទៀត ទោះជាចង់ឱ្យលោកត្រាំ បានធ្វើប្រធានាធិបតី ក៏យល់ថា លោកត្រាំ នឹងធ្វើខ្លាំងជាមួយកម្ពុជា ពាក់ព័ន្ធដល់បញ្ហា សិទ្ធិមនុស្ស មិនស្លូតដូចលោកអូបាម៉ា នោះទេ។

សូមរំព្ញកថា សហរដ្ឋអាមេរិក មានផ្ទៃដីទំហំ៩.៨៣៣.៥១៧គម២ មានប្រជាជនចំនួន៣២៤៧២០.៧៩៧នាក់ យោង តាមស្ថិតិឆ្នាំ២០១៦ នេះ។ មហាប្រទេសនេះ កាន់របបប្រធានាធិបតីនិយម បានក្លាយជាមហាអំណាចទី១ លើពិភពលោក និងមានការបោះឆ្នោតជ្រើសប្រធានាធិបតី រៀងរាល់៤ឆ្នាំម្តង ហើយប្រធានាធិបតីម្នាក់ៗ មានសិទ្ធិកាន់តំណែងតែ២អាណត្តិ (៨ឆ្នាំ)។ អាមេរិក មានតែ២គណបក្សប៉ុណ្ណោះ គឺគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ គឺតាំងពីលោកចច វ៉ាស៊ីងតោន ប្រធានាធិបតីទី១ រហូតដល់លោកបារ៉ាក់ខ៍ អូបាម៉ា សុទ្ធតែមានយុទ្ធសាស្ត្រនយោបាយឱបក្តាប់ពិភពលោកដូចគ្នា។ ចំពោះប្រទេសកម្ពុជា ដ៏តូចនេះ ប្រធានាធិបតីអាមេរិកគ្រប់ជំនាន់ គ្រប់គណបក្ស តែងតែឃ្លាំមើលពីគោលការណ៍ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សជានិច្ច បើថ្នាក់ដឹកនាំកម្ពុជា ងាកទៅចាប់ដៃប្លុកកុម្មុយនិស្ត ធ្វើឱ្យអាមេរិក មិនសប្បាយចិត្ត ដោយសារចរិតប្រធានាធិបតីអាមេរិក ទាំងអស់ មិនចូលចិត្តកុម្មុយនិស្ត។

កាលរដ្ឋប្រហារឆ្នាំ១៩៧០ ទម្លាក់សម្តេចឪ ព្រះបរមរតនកោដ្ឋ ពីព្រះតំណែងនោះ នៅក្នុងអាណត្តិប្រធានាធិបតីនិកសុន ដែលគាំទ្ររបបលន់ នល់។ នៅពេលកងទ័ពវៀតណាម វាយលុកចូលកម្ពុជា កាលពីឆ្នាំ១៩៧៩ នៅក្នុងអាណត្តិប្រធានាធិបតី  រ៉ូណាល់ រីហ្គេន លុះមកដល់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅក្នុងអាណត្តិប្រធានាធិបតីប៊ីល គ្លីនតុន។ លោកនិកសុន លោករីហ្គេន ក៏ដូចលោកគ្លីនតុន សុទ្ធតែដើរនយោបាយគាបសង្កត់កម្ពុជា ឱ្យចូលក្នុងប្រជាធិបតេយ្យ។ ដោយឡែក លោក ប្រធានាធិបតី ចច ប៊ូស (ឪពុក) ធ្លាប់គាំទ្រចលនាត្រីភាគី ប្រឆាំងរដ្ឋាភិបាលក្រុងភ្នំពេញ លុះដល់លោកចច ដាប់ប៊ិលយូ ប៊ូស (កូន) ក៏គាបសង្កត់កម្ពុជា រឿងសិទ្ធិមនុស្សដូចគ្នា។ លោកប៊ូស ឪពុក ធ្លាប់រករឿងលោកសាដដាម ហ៊ូសសេន នៅ អ៊ីរ៉ាក់ លុះលោកប៊ូស ចាញ់ឆ្នោត ធ្វើឱ្យសាដដាម ហ៊ូសសេន អបអរសាទរ ទាញកាំភ្លើងខ្លីបាញ់មេឃ ជាង១០គ្រាប់ ធ្វើឱ្យ លោកប៊ូស កូន ចងគំនុំ ក៏បញ្ជាទ័ពអាមេរិក ឱ្យចូលវាយខ្ទេចប្រទេសអ៊ីរ៉ាក់ ចាប់បានសាដដាម ហ៊ូសសេន ទៅព្យួរក។ ឯប្រទេសលីប៊ី ដែលគ្រប់គ្រងដោយលោកហ្គាដាហ៊្វី ក៏រងវាសនាអភ័ព្វ ព្រោះតែបង្កជម្លោះជាមួយអាមេរិក រហូតខ្ទេចខ្ទាំ ប្រទេស សង្គ្រាមមិនទាន់រលត់ដល់សព្វថ្ងៃ។ ចំណែកប្រធានាធិបតីអូបាម៉ា ទោះជារាងស្លូតបន្តិច ក៏អាចធ្វើឱ្យភ្លើងសង្គ្រាម នៅស៊ីរី ឆាបឆេះមិនទាន់រលត់ផង ដែលស្តែងឱ្យឃើញថា ប្រធាធិបតីអាមេរិក ទោះមកពីគណបក្សសាធារណរដ្ឋ ក៏ដូច គណបក្សប្រជាធិបតេយ្យ សុទ្ធតែមានចរិតត្រួតត្រាប្រទេសតូចៗ ដែលសម្តេចឪ ធ្លាប់ដាក់ឈ្មោះថា ជា ចក្រពត្តិដូចគ្នា។ បើអ៊ីចឹងនោះ ទោះជាលោកស្រីហ៊ីលឡារី គ្លីនតុន ឬលោកដូណាល់ ត្រាំ ក្លាយជាប្រធានាធិបតី ក៏តែប៉ុណ្ណឹង កុំរំពឹងថា លោកត្រាំ ខ្លាចឆេះលុយរាប់ពាន់លានដុល្លារ ទើបខ្លាចសង្គ្រាមនោះ ខណៈដែលលោកស្រីហ៊ីលឡារី គ្លីនតុន មានលុយតែ ៣៨លានដុល្លារ ក៏គាត់មិនញញើតក្នុងការធ្វើសង្គ្រាមនោះដែរ។ អ្វីដែលបារម្ភនោះ ត្រង់ទឹកមុខលោកត្រាំ ម៉ឺងម៉ាត់ណាស់ ធ្វើឱ្យយើងស្រមៃដល់អតីតប្រធានាធិបតី ទ្រូម៉ាន់ ដែលបានចេញបញ្ជាឱ្យទម្លាក់គ្រាប់បែកបរមាណូ នៅប្រទេសជប៉ុន អំឡុង សង្គ្រាមលោកលើកទី២ បណ្តាលឱ្យប្រជាជនជប៉ុន ស្លាប់រាប់សែននាក់ តែមួយប៉ប្រិចភ្នែក។

សរុបទៅនយោបាយអាមេរិក មកលើកម្ពុជាបើបូកសរុបទស្សនៈតាញៀនកាហ្វេ មន្ត្រីរាជការ បណ្ឌិតបញ្ញវន្ត រហូត ដល់ព្រះសង្ឃ មកប្រៀបធៀបគ្នា គឺសារជាតិរបស់ប្រធាធិបតីអាមេរិក ដូចគ្នាទាំងអស់ ទោះជាបេក្ខជនណាជាប់ឆ្នោត ក៏ នៅតែប៉ុណ្ណឹង។ មានអាណិកជនខ្មែរ នៅអាមេរិក រាប់ម៉ឺននាក់ ដែលមានសិទ្ធិបោះឆ្នោតជ្រើសប្រធានាធិបតីអាមេរិក កំពុងតែពិចារណាជ្រើសបេក្ខជនដែលពួកគាត់ស្រឡាញ់។ ដូច្នេះ ទោះជាលោកត្រាំ ឬលោកស្រីគ្លីនតុន ក្លាយជាប្រធានាធិបតី ច្បាស់ជាមិនភ្លេចគាបសង្កត់កម្ពុជា រឿងប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនោះទេ៕

ដោយ ៖ អាចារ្យថាំ

RELATED ARTICLES