ភ្នំពេញ៖ឧបស័ក្កដ៍ធំបំផុតរបស់ឱក សុគន្ធកញ្ញា ក្នុងការវាយលុកទីផ្សារចម្រៀងក្រោយពេលមានប្ដីនិងកូន១នេះគឺនាងឡើងគីឡូជ្រុលបន្ដិចដែលមើលទៅបែកសាច់ខុសកាលពីនៅលីវទើបធ្វើឲ្យរំខានការច្រៀងរាំលើឆាកតន្រ្ដីមិនសូវមានភាពទាក់ទាញ។តែកាលពីថ្ងៃទី៩ខែកញ្ញាសុគន្ធកញ្ញា បានចេញរូបភាព៣សន្លឹករបស់នាងដែលម្ដងនេះប្លែកជាងរាល់លើកព្រោះនាងបានវិលទៅរករាងស្វែលវិញស្ទើតែដូចដើម បន្ទាប់ពីប្អូនថ្លៃថៅកែហង្សមាសរូបនេះព្យាយាមហាត់ប្រាណនិងសម្រកគីឡូជាច្រើនខែមកហើយ។តាមរយៈការស្រកគីឡូនេះធ្វើឲ្យFanសុគន្ធកញ្ញា រីករាយជំនួសIdol របស់ពួកគេ ខណៈដែលថ្ងៃខួបកំណើតគមប្រប់អាយុ៣៥ឆ្នាំរបស់តារាហង្សមាសរូបនេះនឹងមកដល់នៅថ្ងៃទី១៤ខែកញ្ញាខាងមុខនេះដែលពេលនោះគេជឿរថាតារាកូន១នឹងទទួលបានកាដូធំពីស្វាមីរបស់នាងលោកអ៊ឹង សុខលី ជាមិនខាន។



ឱក សុគន្ធកញ្ញា ស្ថិតក្នុងចំណោមតារាដែលមានកូន១ហើយប្រែប្រួលរូបរាងមិនដូចកាលនៅលីវមានដូចជាសួស វីសា ,ឌុច លីដា និងពេជ្រ សូលីកា ជាដើមហើយដោយសារតែកូវីដមិនសូវមានការងារសិល្បៈច្រើនដូចមុនទើបសុគន្ធកញ្ញា សម្ងំនៅតែផ្ទះនោះធ្វើឲ្យគីឡូរបស់នាងកាន់តែឡើងស្រឺតៗតែម្ដងនៅរយៈពេលជិត២ឆ្នាំនេះ។ទោះជាយ៉ាងណាភាពកាម៉ាប់គឺជាសត្រូវនៃអាជីពរបស់នាងទើបពេលនេះសុគន្ធកញ្ញា ប្រឹងងាកមកផ្ដោតលើការថែរាងឲ្យស្វែលមកវិញស្ទើតែមានរូបរាងដូចកាលនាងនៅក្រមុំទៅហើយ។


ឱក សុគន្ធកញ្ញា មិនទាន់មានទីផ្សារចម្រៀងផ្ទុះខ្លាំងដូចកាលនៅលីវឡើយព្រោះជាច្រើនខែមកនេះមិនទាន់មានបទល្បីៗដូចមុន។ទោះជាយ៉ាងណាក្រោយសម្រកទម្ងន់បានដោយជោគជ័យនេះមានព័តមានថាសុគន្ធកញ្ញា នឹងត្រៀមចាប់ដៃគ្នាជាមួយលោកខេម ប៊ុនថៃ ថតភាពយន្ដដំបូងឲ្យហង្សមាសនាពេលខាងមុខនេះដែរ ក្រោយនាងអាកខានធ្វើជាតួឯករឿង”ខ្ញុំមានញាណលើស”ដែលពេលនោះនាងពពោះកូនដំបូងហើយត្រូវបានអ្នកដឹកនាំដាក់សុខ ស្រីនាង ជំនួសវិញ។

ដោយសារតែរាងចង់ស្វែលដូចដើមនេះគេមានជំនឿរថាសុគន្ធកញ្ញា នឹងត្រៀមខ្លួនរួចជាស្រេចក្នុងការវាយលុកទាំងទីផ្សារចម្រៀងនិងភាពយន្ដដើម្បីសា្ដរមុខមាត់ឡើងវិញព្រោះពេលនេះនាងរឹងដៃរឹងជើងឡើងវិញមែនទែនហើយ ស្របពេលកូនប្រុសរបស់នាងមានវ័យជិត២ឆ្នាំ។អ្នកជំនាញសិល្បៈលោកមិញ សុធីវណ្ណ ធ្លាប់អះអាងថាឱក សុគន្ធកញ្ញា ត្រូវបានហង្សមាសឲ្យសម្រាកសិនក្រោយនាងសម្រាលកូនរួចនោះតែមិនយូទេនាងនឹងបុកទីផ្សារចម្រៀងឡើងវិញហើយក្រោយមានប្ដីនិងកូន១នេះលោកយល់ថាសុគន្ធកញ្ញា នឹងខ្លាំងលើសដើមព្រោះថាពេលនេះនាងបានក្លាយទៅជាមាជិករបស់គ្រួសារថៅកែហង្សមាសទៅហើយអីចឹងFanរបស់នាងកុំព្រួយថាសុគន្ធកញ្ញា ធ្លាក់កូដឲ្យសោះ៕





