ភ្នំពេញ៖អតីតតារាសម្ដែងដ៍ល្បីល្បាញនាទសវត្សន៍ទី៨០និង៩០ អ្នកនាងកែវ កល្យាណ បានប្រាប់”នគរធំ”តាមទូរស័ព្ទកាលីថ្ងៃទី១៧ខែកញ្ញា ថាចាប់ពីពេលនេះនាងលែងអនុញ្ញាត្តិឲ្យកូនស្រីសំណព្វចិត្តឈ្មោះកែវ ឡាវីញ ថតសម្ដែងភាពយន្ដណាដែលលេងតួស្រីស្រលាញ់ស្រីឬស្រលាញ់ភេទដូចគ្នាទៀតហើយ។ចំពោះការដាក់បម្រាមដ៍តឹងរឹងនេះត្រូវបានអ្នកនាងកល្យាណ អះអាងថាដោយសារតែក្រោយកែវ ឡាវីញ ថតរឿង”រសជាតិ អ្នកមាន”ដែលឡាវីញ ដើរតួជាស្រីស្រលាញ់ស្រីជាមួយតារាសម្ដែងយ៉ា សុផាន់ម៉ៃ (ខាត់ យ៉ាឡាង)មកFanទាំងសងខាងរបស់តួអង្គ២នាក់នេះខ្វែងគំនិតគ្នាហើយក្នុងនោះមានអ្នកខ្លះជម្រុញនិងបង្ខំឲ្យពួកគេស្រលាញ់ឬរៀបការជាមួយគ្នានៅក្រៅឆាកតែម្ដងទៅ។
អ្នកនាងកល្យាណ ថាអ្វីដែលនាងប៉ៈពាល់អារម្មណ៍ខ្លាំងថែមទៀតនោះគឺកូនស្រីនាង ត្រូវបានFanខ្លះចាត់ទុកថាជាតារាពូកែលាក់រឿងស្នេហាពិតព្រោះខ្លួនមានសង្សារប្រុសទៅហើយ ម៉េចបានមកលេងរឿងស្រលាញ់ស្រីដូចគ្នា?អ្នកនាងកល្យាណ ថាក្នុងនាមជាចាស់ទុំម្នាក់ក្នុងសិល្បៈអ្នកស្រីមិនចង់លូកដៃចូលក្មេងៗដែលគាំទ្រទាំងឡាវីញ និងសុផាន់ម៉ៃ នោះទេ ប៉ុន្ដែតារា គេមានសិទ្ធិលាក់រឿងឯកជនជារឿងរបស់គេហើយការថតសម្ដែងភាពយន្ដក្នុងរឿងនោះយ៉ាងម៉េចគេមិនអាចបង្ខំឲ្យតួអង្គទាំងនោះធ្វើរឿងនៅក្រៅឆាកដូចក្នុងភាពយន្ដនោះបានទេ។
អ្នកនាងកែវ កល្យាណ ថាដោយសារតែកូនស្រីប៉ៈរឿងដ៍រសើបខាងលើទាំងនេះហើយទើបនាងដាច់ខាតចាប់ពីពេលនេះតទៅមិនអោយកូនស្រីថតសម្ដែងរឿងណាដែលស្រលាញ់ភេទដូចគ្នានោះទៀតឡើយ។អ្នកនាងកល្យាណ ថា១០០%កែវ ឡាវីញ មិនមែនជាស្រីស្រលាញ់ស្រីនោះទេព្រោះកូនស្រីរបស់ខ្លួនមានសង្សារជាបុរសពេញលក្ខណៈ ហើយក្រុមគ្រួសារខាងប្រុសក៍ធ្លាប់ចូលស្ដីដណ្ដឹង២លើករួចមកហើយតែអ្នកនាងមិនទាន់លើកឲ្យទេព្រោះគិតថាពួកគេនៅក្មេងៗពេក ម្យាងទៀតគ្មានអ្នកណាមើលដឹងឡើយថាថ្ងៃក្រោយនឹងមានរឿងអ្វីកើតឡើយ។ទោះជាយ៉ាងណាអ្នកនាងកល្យាណ ទទួលស្គាល់ថាក្រោយកូនស្រីលេងរឿង”រសជាតិ អ្នកមាន”នោះមកអាចមានFanកូនស្រីដែលជាមនុស្សស្រីស្រលាញ់ស្រីនោះតាមស្រលាញ់មែន ប៉ុន្ដែកូននាងរាប់អានមនុស្សមើលដែរហើយអ្នកនាងនៅតែជឿរជាក់លើកូនស្រីថាមិនមែនជាស្រីស្រលាញ់ស្រីដូចក្នុងរឿងនោះទេ។
អ្នកនាងកែវ កល្យាណ បន្ថែមថាពេលនេះកែវ ឡាវីញ កំពុងថតភាពយន្ដរឿងបុរាណមួយឲ្យផលិតកម្មហង្សមាស ហើយពីដំបូងឡាវីញ មិនចង់លេងសិល្បៈនោះទេ តែអ្នកស្រីជម្រុញព្រោះអ្នកនាងផ្ទាល់ស្រលាញ់សិល្បៈខ្លាំងណាស់អីចឹងហើយបានជាចង់ឲ្យកូនចូលរួមក្នុងវិស្ស័យនេះដើម្បីលើកស្ទួយសិល្បៈតែដឹងអីក្រោយផ្ទុះរឿងមានគេចង់ឲ្យកូនស្រីនិងតារាសម្ដែងសុផាន់ម៉ៃ ស្រលាញ់គ្នាមែនទែននោះធ្វើឲ្យអ្នកនាងមានតែហួសចិត្តព្រោះថារឿងរ៉ាវទាំងនោះវាមិនអាចកើតមានឡើងដូចក្នុងរឿងនោះបានទេ។អតីតតារាសម្ដែងរូបនេះអះអាងទៀតថាកញ្ញាកែវ ឡាវីញ បានរៀនចប់នៅមហាវិទ្យាល័យមួយផ្នែកDesign ហេតុនេះហើយគេនឹងប្រើប្រាស់ជំនាញរបស់គេនៅថ្ងៃអនាគតជាមិនខាន ហើយការងារសិល្បៈអ្នកស្រីនឹងពិចារណាថាក្រោយថតចប់រឿងនៅហង្សមាសនោះនឹងឲ្យឡាវីញ ថតរឿងថ្មីៗទៀតឬយ៉ាងណា ព្រោះថារឿងដែលគេចង់ឲ្យកូនស្រីក្លាយទៅជាស្រីស្រលាញ់ស្រីដូចក្នុងភាពយន្ដនោះពិតជាធ្វើឲ្យប៉ៈពាល់ដល់អារម្មណ៍អ្នកនាងនិងកូនខ្លាំងណាស់។
អ្នកនាងកែវ កល្យាណ បានធ្វើខួបកំណើតឲ្យកូនស្រីកែវ ឡាវីញ គម្រប់អាយុ២២ឆ្នាំកាលពីថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២១ ហើយអ្វីដែលធ្វើឲ្យFanដែលជម្រុញឲ្យឡាវីញ និងសុផាន់ម៉ៃ កាន់តែផ្ដោតថែមទៀតនោះគឺនៅថ្ងៃខួបនោះនាងយ៉ាឡាង ក៍បានទៅចូលរួមដែរ ទើបធ្វើឲ្យអ្នកដែលចង់ឃើញពួកគេស្រលាញ់គ្នាមែនទែននោះរិតតែតាមដានឡាវីញ-សុផាន់ម៉ៃ ថែមទៀត។ប៉ុន្ដែតាមរយៈរូបភាពថ្ងៃខួបនោះគេឃើញឡាវីញ និងសុផាន់ម៉ៃ ហាក់ឈនៅឃ្លាតៗពីគ្នាមិនសូវហ៊ានចូលជិតឬកៀកកើយគ្នាដូចមុននោះទេ ព្រោះតែតារាទាំង២បារម្ភខ្លាចតែពិបាកដកខ្លួនរឿងដែលគេចង់ឲ្យពួកគេរៀបការជាមួយគ្នានោះ។ចំពោះអ្នកនាងកែវ កល្យាណ វិញសង្កត់ថាកូនស្រីបណ្ដូលចិត្តកែវ ឡាវីញ មានសង្សារប្រុសមិនមែនជាស្រីដូចអ្វីដែលគេចង់បាននោះឡើយ៕
ហ៊ឹម វិចិត្រ