ភ្នំពេញ៖ស្រីស្រស់ជុំ រចនាពេជ្រ ហៅបេប៊ី បានផ្អាកឡើងច្រៀងសម្ដែងលើឆាកតន្រ្ដីប៉ុស្ដិ៍ទូរទស្សន៍ជាង១ឆ្នាំទៅហើយទើបធ្វើឲ្យកេររ្ដិ៍ឈ្មោះរបស់នាងស្ងប់ស្ងាត់ខ្លាំង ខណៈដែលតារារួមអាជីពនៅថោន ទាំងឡាយពួកគេចេញច្រៀងរាំជាធម្មតាដោយគ្រាន់តែកាត់បន្ថយសមាជិកក្រុមរាំខ្លះនៅលើឆាកប៉ុណ្ណោះនៅរដូវកូវីដនេះ។ប៉ុន្ដែបេប៊ី នាងមិនកំណត់ពេលវេលាកាន់ក្បាលមីក្រូឡើងវិញទេ ដែលធ្វើឲ្យឱកាសនៃការប្រជែងទីផ្សារចម្រៀងរបស់នាងកាន់តែពិបាកទោះជាពេលនេះនាងមាស សុខសោភា បានដើរចេញជិត១ឆ្នាំដែលអាចឲ្យតារាថ្មីៗនៅផលិតកម្មនេះមានសង្ឃឹមរកភាពលេចធ្លោជាងមុនក្ដី តែបេប៊ី នៅតែមិនទាន់អាចធ្វើព្យុះភ្លៀងបានឡើយ។



អ្នកស្រីប៊ុន ណារី ម្ដាយរបស់ស្រីស្អាតបេប៊ី មិនចង់និយាយរឿងអ្វីទាំងអស់ដោយថាទាល់តែចប់ពីកូវីដទើបបេប៊ី អាចចាប់ផ្ដើមការងារសិល្បៈសារជាថ្មីបាន។ប៉ុន្ដែនៅពេលសួររឿងលម្អិតរឿងបេប៊ី បាត់មុខនេះអ្នកស្រីណារី ថាផ្ទះវីឡារបស់គាត់នៅខណ្ឌសែនសុខនោះដាច់ភ្លើងនិយាយទូរស័ព្ទមិនកើតទៅវិញ។ទោះជាយ៉ាងណាការផ្អាកចេញច្រៀងសម្ដែងលើឆាកតន្រ្ដីនោះមិនមែនមានតែស្រីស្អាតបេប៊ី ម្នាក់ទេពោលគឺតាំងពីផ្ទុះកូវីដមកមានកំពូលតារាចម្រៀងព្រាប សុវត្ថិ ,ខេមរៈ សិរីមន្ដ ,សុខ ពិសី និងសួស វីសា ជាដើមក៍បាត់មុខពីការច្រៀងរាំតាមឆាកជាច្រើនខែដូចគ្នា។ចំពោះបេប៊ី វិញនាងមានការខកចិត្តខ្លាំងព្រោះតែបានបោះបង់អាជីពជាពិធីការិនីដែលប្រឹងតស៊ូជាង១០ឆ្នាំទៅហើយដើម្បីមកផ្ដោតលើការចាប់អាជីពចម្រៀងតែមួយមុខបំពេញក្ដីស្រម៉ៃចង់ក្លាយទៅជាតារាចម្រៀងល្បីឈ្មោះម្នាក់តែពេលនេះគម្រោងចេញថតMVទាំងឡាយត្រូវបានជាប់គាំងព្រោះតែកូវីដទើបធ្វើឲ្យនាងរចនាពេជ្រ ទៅមុខក៍មិនរួចថយក្រោយក៍មិនបាន។



បេប៊ី ស្ថិតក្នុងចំណោមតារាចម្រៀងដែលផ្ដើមអាជីពចម្រៀងចេញពីសម្ដែងដូចជានាងពេជ្រ សូលីកា ,ទេព បូព្រឹក្ស និងអេនជី ជាដើម។ជុំវិញការបាត់ខ្លួនជាច្រើនខែហើយមិនដឹងថាវិលវិញពេលណានោះធ្វើឲ្យមានការសង្ស័យថាបេប៊ី ត្រូវគូស្នេហ៍ហួងហែងបន្ទាប់ពីមុននេះលេចឭទោះជាស្ងាត់ពីអាជីពសិល្បៈមែនតែតារាសាច់សខ្ចីរូបនេះបានសង់ផ្ទះវីឡារធំស្កឹមស្កៃតម្លៃជាង៣០ម៉ឺនដុល្លារនៅខណ្ឌសែនសុខ។តែអ្នកស្រីណារី ថាកូនស្រីគាត់គ្មានប្រុសស្នេហ៍ណាជួយទេព្រោះ”អ្នកក្រមិនហ៊ាន អ្នកមានមិនចូល”។ម្ដាយបេប៊ី សង្កត់ថាផ្ទះវីឡារនោះបានមកពីលក់ផ្ទះ១ល្វែងទល់មុខពលានយន្ដហោះពោចិនតុង ហើយនិងដីធ្លីមួយចំនួនទៀតនេះដោយសារតែលក់ដីជិត១ហិកតានៅផ្លូវ៥១មិនទាន់ដាច់កុំអីអាចធ្វើអ្វីផ្សេងលើសពីផ្ទះវីឡារទៀតផង៕




