ភ្នំពេញ៖នៅក្នុងសង្គមសិល្បៈគេកត់ឃើញតារាខ្លះចាកចេញស្ងាត់ៗហើយមិនដែលរៀបការម្ដងណាផងស្រាប់តែពេលចេញមុខមកវិញមានកូនកំលោះក្រមុំស្រាងអស់ក៍មាន ខណៈតារាខ្លះទៀតដើម្បីទប់ស្កាត់គេរិះគន់ថាបានរៀបការរួចទៅហើយទាំងដែលគ្មានភស្ដុតាង។សម្រាប់ឆ្នាំ២០២១នេះគេកត់សម្គាល់ឃើញថាមានតារា៥ដួងបានយកកូនព្រមគ្នាក្រោយពីពួកគេភ្ជាប់ពាក្យរួច។
១៖នៅ សុនិតាៈតាមព័តមានថានៅ សុនិតា បានភ្ជាប់ពាក្យជាមួយលោកទឹត ថាវរិទ្ធ កាលពីថ្ងៃទី៥ខែកញ្ញាឆ្នាំ២០១៨ ហើយនៅថ្ងៃទី២០ខែកក្កដាឆ្នាំ២០១៩ នាងសម្រាលកូនប្រុសបាន១ឈ្មោះថាទឹត សង្រ្កាន្ដតាថាណារិទ្ធ ។សុនិតា បានឡើងងារជាជំទាវក្រោយពីលោកទឹត ថាវរិទ្ធ ឡើងឋានៈឯកឧត្តមមានតួនាទីជាអនុរដ្ឋលេខាធិការក្រសួងវប្បធ័មនិងវិចិត្រសិល្បៈ តែអ្នកទាំង២គ្មានដំណឹងរៀបការឡើយ។
២៖សូដា នីតាៈមានព័តមានថាសូដា នីតា បានភ្ជាប់ពាក្យជាមួយតារាសម្ដែងនិងមន្រ្ដីយោធាលោកស៊ិន សូរិយ៉ា ហៅយុទ្ធ ឋានៈ កាលពីខែកញ្ញាឆ្នាំ២០២០ ហើយនាងបានសម្រាលកូនប្រុសថ្ងៃទី៤ខែមីនាឆ្នាំ២០២១ ដោយដាក់ឈ្មោះថាស៊ិនសូ ម៉េងឃុន ។លោកយុទ្ធ ឋានៈ ធ្លាប់ប្រាប់ថាលោកចង់រៀបការនៅឆ្នាំ២០២៣ ហើយចំពោះមូលហេតុដែលលោកនិងគូដណ្ដឹងមិនអាចរៀបការឆាប់ៗបានដោយសារតែរូបលោកនិងនីតា កំពុងកាន់ទុក្ខព្រមគ្នាក្រោយម្ដាយក្មេកលោកអ្នកស្រីជុំ សារឿន ទទួលមរណៈភាពកាលពីថ្ងៃទី៣១ខែមីនាឆ្នាំ២០២០។
៣៖ពេជ្រ សូលីកាៈតារាហង្សមាសរូបនេះបានភ្ជាប់ពាក្យជាមួយអាណិកជនខ្មែរមកពីអូស្រ្ដាលីលោកគឹម ហាន កាលពីថ្ងៃទី២៥ខែតុលាឆ្នាំ២០១៩ និងបានស្រាលកូនប្រុសថ្ងៃទី១៦ខែឧសភាឆ្នាំ២០២០ដោយសាក់ឈ្មោះថាហង្ស អ៊ារីវេស្ដេ ។សូលីកា ធ្លាប់ប្រាប់ថានាងចង់រៀបការនៅឆ្នាំ២០២១ តែពេលនេះត្រូវបានលុបចោលវិញព្រោះតែកូវីដមិនស្ងាត់។
៤៖សុផា លីនដាៈតារាសម្ដែងនិងម៉ូឌែលរូបនេះបានភ្ជាប់ពាក្យជាមួយអាណិកជនខ្មែរមកពីអាមេរិកលោកកាំង ប៊ុណ្ណា កាលពីថ្ងៃទី៦ខែកញ្ញាឆ្នាំ២០២០ ហើយនាងសម្រាលកូនស្រីថ្ងៃទី៣ខែមេសាឆ្នាំ២០២១ ដោយដាក់ឈ្មោះថាPenelope។សុផា លីនដា ថានាងចង់រៀបការនៅឆ្នាំ២០២១ ដែរ ប៉ុន្ដែចុងក្រោយនាងបានលុបចោលទៅវិញដោយសារតែកូវីដនៅតែផ្ទុះ។
៥៖កែវ ពេជ្រពិសីៈក្រោយចែកផ្លូវគ្នាជាមួយអតីតគូស្នេហ៍លោកចន្ថា ស្រី អាណិកជនខ្មែរមកពីអូស្រ្ដាលីកាលពីឆ្នាំ២០១០នោះពេជ្រពិសី ដែលទុកជីវិតជាស្រីមេម៉ាយអស់ជិត១០ឆ្នាំនោះក៍បានសម្រេចចិត្តបើកបេះដូងទទួលស្នេហ៍ថ្មីដោយភ្ជាប់ពាក្យជាមួយលោកពៅ សម្បត្តិ កាលពីថ្ងៃទី១៧ខែឧសភាឆ្នាំ២០២០ ហើយនៅថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២១ នាងសម្រាលបានកូនប្រុស១ដោយដាក់ឈ្មោះថាដូរ៉ា(Dura)។ពេជ្រពិសី ថាតាមពិតនាងចង់រៀបការតាំងពីក្រោយភ្ជាប់ពាក្យហើយភ្លាមៗម្លេះ តែដោយសារកូវីដមិនព្រមស្ងាត់ទើបនាងបានលុបចោលដោយខាតបង់លុយកក់កម្មវិធីមួយចំនួនទៀតផង។ចំពោះរឿងយកកុនមុនរៀបការនេះពេជ្រពិសី ថាដោយសារតែពេលនេះនាងមានអាយុច្រើនដែរហើយមិនអាចពន្យាពេលយកកូនតទៅទៀតបានទេ៕
ហ៊ឹម វិចិត្រ