Tuesday, July 8, 2025
Homeព័ត៌មានអន្តរជាតិអង់គ្លេសក្លាយជាប្រទេសទី១ អនុម័តឲ្យប្រើថ្នាំគ្រាប់ molnupiravir ព្យាបាល់កូវីដ-១៩

អង់គ្លេសក្លាយជាប្រទេសទី១ អនុម័តឲ្យប្រើថ្នាំគ្រាប់ molnupiravir ព្យាបាល់កូវីដ-១៩

កាលពីថ្ងៃសុក្រទី៥ វិច្ឆិកា ២០២១ ចក្រភពអង់គ្លេសបានអនុម័តដាក់អោយប្រើប្រាស់ថ្នាំគ្រាប់ mulnupiravir ព្យាបាលកូវីដ-១៩ របស់ក្រុមហ៊ុនអាមេរិក  Merck &Co ដើម្បីព្យាបាលអ្នកជំងឺពី កម្រិតស្រាលទៅមធ្យម។នេះបើយោងតាមការប្រកាសរបស់ទីភ្នាក់ងារនិយតកម្មឱសថ និងផលិតផលថែទាំសុខភាព (MHRA)អង់គ្លេស

រដ្ឋមន្ត្រីក្រសួងសុខាភិបាលអង់គ្លេស លោក Sajid Javid បាននិយាយថាថ្ងៃនេះជាប្រវត្តិសាស្ត្រសម្រាប់ប្រទេសរបស់យើងដោយ សារចក្រភពអង់គ្លេសគឺជាប្រទេសដំបូងគេក្នុងពិភពលោកដែលអនុម័តដាក់អោយប្រើប្រាស់។លោកបានបន្ថែមថានេះនឹងជាការផ្លាស់ប្តូរថ្មីមួយសម្រាប់អ្នកដែលងាយរងគ្រោះបំផុត និងអ្នកដែលមានភាពស៊ាំនឹងថ្នាំ ដែលនឹងអាចទទួលបានការព្យាបាលភ្លាមៗ ។

ថ្នាំប្រឆាំងមេរោគ molnupiravir មានតួនាទីធ្វើអោយថយចុះសមត្ថភាពនៃការចម្លងមេរោគនិងបន្ថយល្បឿនជំងឺ។

MHRAបាននិយាយថាការសាកល្បងរបស់ខ្លួនបានបង្ហាញថាវាមានសុវត្ថិភាពនិងមានប្រសិទ្ធភាពក្នុងការកាត់បន្ថយហានិភ័យ ចូលមន្ទីរពេទ្យ និងការស្លាប់ចំពោះអ្នកដែលមាន ជំងឺកូវីដកម្រិតស្រាលទៅមធ្យមដែលមានហានិភ័យខ្ពស់នៃការវិវត្តទៅជាជំងឺធ្ងន់ធ្ងរ។

ដោយផ្អែកលើទិន្នន័យនៃការសាកល្បងព្យាបាល ថ្នាំនេះមានប្រសិទ្ធភាពបំផុតនៅពេលប្រើក្នុងដំណាក់កាលដំបូងនៃការឆ្លងមេរោគ ហើយMHRAណែនាំឱ្យប្រើវាក្នុងរយៈពេល 5 ថ្ងៃបន្ទាប់ពីការចាប់ផ្តើមនៃរោគសញ្ញា។

ថ្នាំនេះត្រូវបានអនុញ្ញាតឱ្យប្រើចំពោះអ្នកដែលមានកត្តាហានិភ័យនៃជំងឺយ៉ាងហោចណាស់មួយប្រភេទ ដូចជា ជំងឺធាត់ វ័យចាស់ ជំងឺទឹកនោមផ្អែម និងជំងឺបេះដូង ដែលជំងឺទាំងនេះ ធ្វើអោយមានការវិវត្តទៅជាជំងឺធ្ងន់ធ្ងរ ។

ចក្រភពអង់គ្លេសដែលជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងគ្រោះខ្លាំងបំផុតដោយសារជំងឺរាតត្បាតបានប្រកាសកាលពីថ្ងៃទី 20 ខែតុលាថា ខ្លួនបានបញ្ជាទិញថ្នាំ molnupiravir ចំនួន480,000ដូសពីក្រុមហ៊ុនឱសថយក្សរបស់សហរដ្ឋអាមេរិក Merck ។

និយតករឱសថនៅសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានចាប់ផ្តើមការវាយតម្លៃលើថ្នាំនេះរួចហើយ។ក្រុមហ៊ុន Merckបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលផ្សេងទៀត រួមទាំងសហរដ្ឋអាមេរិកផងដែរ ដែលគ្រោងនឹងទិញថ្នាំចំនួន 1,7 លានដូស(កំប៉ុង) ប្រសិនបើ molnupiravir ត្រូវបានអនុម័តដោយនិយតករ

គួរំឭកថា ថ្នាំនេះដំបូងគ្រោងលក់តម្លៃ៧០០ដុល្លារនៅអាមេរិក តែអង្គការសុខភាពពិភពលោកសុំអោយលក់ត្រឹមតែ១០ដុល្លារ សម្រាប់ប្រទេសក្រីក្រ។បើយោងតាមប្រភពក្រៅផ្លូវការបានអោយដឹងថាថ្នាំនេះក៏មានក្រុមហ៊ុនមួយចំនួននាំចូល មកលក់នៅក្នុងប្រទេសកម្ពុជា។ថ្នាំនេះមានតម្លៃចន្លោះ៣៥០ទៅជាង៤០០ដុល្លារ ក្នុងមួយកំប៉ុង ដែលមាន៤០គ្រាប់ ។ការប្រើប្រាស់សម្រាប់មនុស្សពេញវ័យលេបព្រឹក៤គ្រាប់និង ល្ងាច៤គ្រាប់រយៈពេល៥ថ្ងៃចំណែកកូនក្មេងលេបព្រឹក-ល្ងាចម្តង២គ្រាប់ រយៈពេល៥ ថ្ងៃដូចគ្នា  (១កំប៉ុងប្រើ២នាក់សម្រាប់ក្មេង) ៕

RELATED ARTICLES