Monday, November 18, 2024
Homeព័ត៌មានជាតិអភិបាល​​រាជ​ធានី​​ភ្នំពេញ រៀបចំ​​ពិធី​​ក្រុង ពលី​​សុំ​​សេចក្តី​​សុខ ក្នុង​​ព្រះ​​រាជ​​ពិធី​​បុណ្យ​​អុំ​ទូក

អភិបាល​​រាជ​ធានី​​ភ្នំពេញ រៀបចំ​​ពិធី​​ក្រុង ពលី​​សុំ​​សេចក្តី​​សុខ ក្នុង​​ព្រះ​​រាជ​​ពិធី​​បុណ្យ​​អុំ​ទូក

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ លោកប៉ា សុជាតិវង្ស អភិបាលនៃ គណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រី ក្រោមឱវាទ ព្រមទាំងអភិបាលខណ្ឌទូទាំងរាជ- ធានីភ្នំពេញ រៀបចំពិធីក្រុងពលី ដើម្បីបន់ស្រន់សុំសេចក្តីសុខនៅក្នុងព្រះរាជពិធីបុណ្យ អុំទូក ដែលនឹងចូលមកដល់នៅថ្ងៃទី១៣-១៤- ១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខនេះ។

ពិធីក្រុងពលីបានរៀបចំឡើងនៅរមណីយ- ដ្ឋានវត្តភ្នំ តាមលក្ខណៈប្រពៃណី ក្នុងគោលបំណង សុំសេចក្តីសុខនៅក្នុងពិធីបុណ្យអុំទូក និងដើម្បីឱ្យកីឡាករ ដែលចូលរួមប្រកួតប្រជែង ទាំងអស់ មានសុខសុវត្ថិភាព មុននឹងទម្លាក់ទូក ទាំង៤០របស់រាជធានីភ្នំពេញ ចូលទៅក្នុងទឹកទន្លេត្រៀមខ្លួនប្រណាំងប្រជែង នាពេលដ៏ខ្លី ខាងមុខ។

sok-cheatvong1

លោកប៉ា សុជាតិវង្ស បានឱ្យដឹងថា ព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០១៦នេះ នឹងមាន មហាជនចូលរួមប្រមាណ២លាននាក់ មកពី បណ្តាខេត្តនានា ចូលមកកម្សាន្តនៅរាជធានី- ភ្នំពេញ ដោយសារសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ មានការរីកចម្រើន មធ្យោបាយធ្វើដំណើរសម្បូរ បែប ប្រព័ន្ធគមនាគមន៍ត្រូវបានជួសជុលតភ្ជាប់ ពីជនបទមកកាន់រាជធានីភ្នំពេញ មានសភាព ល្អស្អាត។ មួយវិញទៀត ដោយសារស្ថិរភាព នយោបាយមានភាពល្អប្រសើរ ទើបធ្វើឱ្យប្រជាពលរដ្ឋមានឱកាសបានចូលមកលេងកម្សាន្ត ក្នុងព្រះពិធីបុណ្យប្រពៃណីដ៏ធំមួយនេះ។

លោកអភិបាលរាជធានីភ្នំពេញ បញ្ជាក់ថា ជាមួយនឹងចំនួនមហាជន ដែលចូលមកកម្សាន្ត នាពេលខាងមុខនេះ អាជ្ញាធរ ព្រមទាំងស្ថាប័ន ពាក់ព័ន្ធបានត្រៀមរៀបចំផែនការលើសពីឆ្នាំ មុនៗ ជាក់ស្តែងឆ្នាំនេះ អាជ្ញាធររាជធានីភ្នំពេញ បានត្រៀមកម្លាំងសមត្ថកិច្ចចម្រុះជាង១ម៉ឺននាក់ ដើម្បីត្រៀម រក្សា សន្តិសុខ និងសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ។ ចំណែកផ្នែកសុខាភិបាល ក៏ មានការត្រៀម ក្រុមគ្រូពេទ្យ ជិត៩០០នាក់ និងរថយន្តសង្គ្រោះ១៥គ្រឿង ត្រៀមចាំជួយ សង្គ្រោះប្រជាពលរដ្ឋដែលមកចូលរួមក្នុងពិធី បុណ្យអុំទូក នៅពេលកើតមានបញ្ហាសុខភាព។

sok-cheatvong3

គួរបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក ដែល នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣-១៤-១៥ ខែ វិច្ឆិកា នេះ មានទូកងចូលរួមប្រណាំងសរុប ចំនួន២៥៩ទូក (ទូកពិសេស៧៦) ក្នុងនោះ ទូក អុំ១៧០ (ទូកនារី១ទូក) ទូកចែវ២៦ (ទូកនារី ២ទូក) និងទូកខ្នាតអន្តរជាតិ៦៣។ ចំណែក ចំណុះទូក មានចំនួនសរុប១៤៦៣០នាក់ (នារី ១៦០នាក់)។ រីឯកម្លាំងចំណុះទូកត្រៀម មាន ចំនួន៣១៦៣នាក់ (នារី៤៤នាក់)។ ដោយ- ឡែកប្រទីប មានចំនួន១៣។

ដោយឡែក ដើម្បីអបអរពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនេះ ដែរ រដ្ឋបាលរាជធានីភ្នំពេញ នឹងមានរៀបចំ ពិធីសំពះព្រះខែ និងអកអំបុក នៅរមណីយដ្ឋាន ប្រវត្តិសាស្ត្រវត្តភ្នំ នៅវេលាម៉ោង៧យប់ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រោមអធិបតីភាពលោក ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជ- ធានីភ្នំពេញ និងលោកស្រី។

sok-cheatvong2

យោងតាមសេចក្តីប្រកាស ស្តីពីការកំណត់ បែងចែកភារកិច្ចក្នុងពិធីសំពះព្រះខែ និងអកអំបុករបស់រដ្ឋបាលរាជធានីភ្នំពេញ បានជម្រាប ជូនលោកស្នងការ លោកមេបញ្ជាការ លោក អភិបាលខណ្ឌ លោក-លោកស្រីប្រធាន មន្ទីរ និងអង្គភាពពាក់ព័ន្ធទាំងអស់ ឱ្យចាត់មន្ត្រី សហការរៀបចំតាមកំណត់បែងចែកភារកិច្ច្ច ដូចខាងក្រោម ៖

១-ស្នងការដ្ឋាននគរបាលរាជធានី បញ្ជា- ការដ្ឋានកងរាជអាវុធហត្ថ រាជធានី រដ្ឋបាល ខណ្ឌដូនពេញ ៖ សហការការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ ចរាចរណ៍តាម ដងផ្លូវ និងទីកន្លែងប្រារពពិធី។

២-សាលាខណ្ឌទាំង១២ ៖ លោកអភិ- បាល-អភិបាលរងខណ្ឌ លោក លោកស្រី ចៅ- សង្កាត់ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ អញ្ជើញ ចូលរួមក្នុងពិធីអកអំបុក និងសំពះព្រះខែ នៅ រមណីយដ្ឋានវត្តភ្នំ។

៣-គ្រប់មន្ទីរអង្គភាពនានាជុំវិញរាជធានី- ភ្នំពេញ ៖ លោក លោកស្រី ប្រធាន-អនុ- ប្រធានមន្ទីរ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ អញ្ជើញចូលរួមក្នុងពិធីអកអំបុក និងសំពះ- ព្រះខែ នៅរមណីយដ្ឋានវត្តភ្នំ។

៤-មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ៖ សហការជាមួយមន្ទីរធម្មការនិងសាសនា ដើម្បីរៀបចំ ពិធីសំពះព្រះខែ និងអកអំបុក តាមប្រពៃណី ទំនៀមទម្លាប់ខ្មែរ នៅរមណីយដ្ឋានវត្តភ្នំ។

៥-មន្ទីរសាធារណការនិងដឹកជញ្ជូន និង ក្រុមហ៊ុនស៊ីនទ្រី ៖ រៀបចំធ្វើអនាម័យ បោស សម្អាតនៅតាមដងផ្លូវ និងដឹកសំរាមចេញពី កន្លែងប្រារឰពិធី។

៦-មន្ទីរធម្មការនិងសាសនា ៖ សហការ ជាមួយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ អញ្ជើញ អាចារ្យ១នាក់ មានបាយសី និងរណ្តាប់សម្រាប់ ពិធីសំពះព្រះខែ និងអកអំបុក នៅរមណីយដ្ឋានវត្តភ្នំ។

៧-មន្ទីរព័ត៌មាន ៖ ចាត់មន្ត្រីចូលរួមយក ព័ត៌មាន ថតរូបទូរទស្សន៍ ដើម្បីធ្វើការផ្សព្វផ្សាយ ជាប្រយោជន៍ទូទៅ។

៨-រដ្ឋបាលសាលារាជធានីភ្នំពេញ

ទីចាត់ការរដ្ឋបាល ៖

-បែងចែកនិងបញ្ជូនរាល់លិខិតស្នាមបម្រើការឱ្យបានទាន់ពេលវេលា

-ធ្វើកំណត់បែងចែកភារកិច្ច ដល់ខណ្ឌ មន្ទីរ អង្គភាពពាក់ព័ន្ធ ពិធីការ និងបដិសណ្ឋារកិច្ចតាមកម្មវិធី។

ទីចាត់ការហិរញ្ញវត្ថុ ៖ ដោះស្រាយថវិកា រាល់ការចំណាយចាំបាច់ផ្សេងៗ ក្នុងពិធី។

ក្រុមការងារ Website ៖ យកព័ត៌មាន ថតរូប ដើម្បីធ្វើការផ្សព្វផ្សាយតាម Website…។

ចំណែកក្រសួងទេសចរណ៍ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ បានចេញសេចក្តីជូន ដំណឹងមួយ លេខ ៧៤ ស.ជ.ណ ស្តីពីការរៀបចំ សណ្តាប់ធ្នាប់កាណូតទេសចរណ៍ ក្នុងពិធីបុណ្យ អុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក ដែលមានខ្លឹមសារថា “ដើម្បីចូលរួមអបអរសាទរ ព្រះរាជពីធីបុណ្យអុំទូក បណ្តែត ប្រទីប សំពះ- ព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ និងរក្សាសណ្តាប់- ធ្នាប់ សន្តិសុខ សុវត្ថិភាព នៅទីលានប្រណាំង ទូកមន្ទីរទេសចរណ៍រាជធានីភ្នំពេញ សហការ ជាមួយប៉ូលិសជើងទឹករាជធានីភ្នំពេញ សូមធ្វើ ការណែនាំដល់ម្ចាស់ទូកកាណូតកប៉ាល់ទេស- ចរណ៍ជាតិនិងអន្តរជាតិទាំងអស់ ដែលមាន ទីតាំងចំណតនៅទល់មុខក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា ចូលរួមសហការអនុវត្តដូចខាងក្រោម ៖

១-សូមធ្វើការផ្លាស់ប្តូរទីតាំងទូក កាណូត កប៉ាល់ទេសចរណ៍ទាំងអស់ ដែលមានទីតាំង ចំណតនៅទល់មុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឱ្យទៅចតបណ្តោះអាសន្ននៅទីតាំងទន្លេមេគង្គ លើ គឺនៅកំពង់ដស្វាយជ្រំ (ក្បែរស្ថានីយទឹកស្អាត)។

២-រយៈពេលផ្លាស់ប្តូរនេះ គឺចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ និង ត្រូវរៀបចំទូក កាណូត កប៉ាល់ទេសចរណ៍របស់ ខ្លួន ឱ្យមានរបៀបរៀបរយ និងមានសណ្តាប់ធ្នាប់ ហាមឆ្លងកាត់ទីលានប្រណាំងទូក ចាប់ពីស្ពាន ជ្រោយចង្វា រហូតដល់ព្រះបរមរាជវាំង ដើម្បី ចៀសវាងការរំខាន និងនាំឱ្យប៉ះពាល់ដល់សណ្តាប់- ធ្នាប់ក្នុងពេលប្រណាំងទូក។

៣-ត្រូវតែងលម្អភ្លើងពណ៌ ឱ្យបានព្រោង- ព្រាត នៅតាមទូកកាណូត កប៉ាល់ទេសចរណ៍ ទាំងអស់ ជាការចូលរួមអបអរសាទរ ព្រះរាជ- ពិធីបុណ្យ ឱ្យមានសោភណភាព និងមានភាព អធិកអធម។

មន្ទីរទេសចរណ៍រាជធានីភ្នំពេញ និងប៉ូលិស ជើងទឹករាជធានីភ្នំពេញ សង្ឃឹមថា នៅពេល ទទួលបានសេចក្តីជូនដំណឹងនេះ ម្ចាស់ទូក កាណូត កប៉ាល់ទេសចរណ៍ជាតិនិងអន្តរជាតិទាំងអស់ ចូលរួមសហការអនុវត្តក្នុងស្មារតីទទួលខុសត្រូវ ខ្ពស់ ដើម្បីញ៉ាំងឱ្យព្រះរាជពិធីបុណ្យ ប្រព្រឹត្ត ទៅមានភាពរលូនល្អប្រសើរ និងជោគជ័យ”។

ដោយឡែក កំពង់ផែស្វយ័តភ្នំពេញ ក៏បាន ចេញសេចក្តីណែនាំមួយផងដែរ ស្តីពីសណ្តាប់- ធ្នាប់ និងសោភណភាពក្នុងព្រះរាជពិធីបុណ្យ- អុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលមានខ្លឹមសារថា “ដើម្បីចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះ ព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ឱ្យមានសណ្តាប់ធ្នាប់ និងសោភណភាព កំពង់ផែ ស្វយ័តភ្នំពេញ សូមធ្វើការណែនាំដល់ម្ចាស់ទូក កាណូតកប៉ាល់ទេសចរណ៍ជាតិ និងអន្តរជាតិ ទាំងអស់ ចូលរួមសហការអនុវត្តដូចខាងក្រោម ៖

១-ត្រូវដោតទង់ជាតិនៃព្រះរាជាណាចក្រ កម្ពុជា នៅលើទូក កាណូត កប៉ាល់ឱ្យបាន ត្រឹមត្រូវ។

២-នៅពេលថ្ងៃ ចាប់ពីម៉ោង៨ៈ៣០នាទី ព្រឹក ត្រូវចតទូក កប៉ាល់ កាណូតរបស់ខ្លួន ឱ្យ មានរបៀបរាបរយ នៅត្រើយទន្លេមេគង្គលើ និងហាមបើកបរឆ្លងកាត់ទីលានប្រណាំងទូក ចាប់ពីស្ពានជ្រោយចង្វាររហូតដល់ព្រះបរម- រាជវាំង ដើម្បីចៀសវាងការរំខាន និងនាំឱ្យ ប៉ះពាល់ដល់សណ្តាប់ធ្នាប់ក្នុងពេលប្រណាំងទូក។

៣-ត្រូវតែងលម្អភ្លើងពណ៌ឱ្យមានពន្លឺ ព្រោងព្រាត នៅតាមទូក កប៉ាល់ កាណូត ដើម្បី ចូលរួមអបអរព្រះរាជពិធីបុណ្យឱ្យមានសោភណភាព និងភាពអធិកអធម។

កំពង់ផែស្វយ័តភ្នំពេញ សង្ឃឹមថា នៅ ពេលទទួលបានសេចក្តីណែនាំនេះ ម្ចាស់ទូក កាណូត កប៉ាល់ទេសចរណ៍ជាតិនិងអន្តរជាតិ ទាំងអស់ ចូលរួមសហការអនុវត្តក្នុងស្មារតី ទទួលខុសត្រូវខ្ពស់ ដើម្បីញ៉ាំងឱ្យព្រះរាជពិធី បុណ្យ មានសណ្តាប់ធ្នាប់ និងមានសោភណភាព ល្អប្រសើរ”៕

ដោយ ៖ ដារិទ្ធ

RELATED ARTICLES