ភ្នំពេញ៖តារាចម្រៀងសាច់សខ្ចីនាងឃីន ស្រីនាថ ហៅអ៊ីវ៉ា ដែលត្រូវឪពុកនាងលោកអ៊ូ ចន្ថា ហៅអ៊ូ វ៉ាវ ជូនដើរច្រៀងតាមបណ្ដារឆាកតន្រ្ដីជាង១០ឆ្នាំទៅហើយពោលគឺតាំងពីនាងចាប់អាជីពចម្រៀងនោះពេលនេះទោះជានាងឈានចូលវ័យ២៨ឆ្នាំទៅហើយក្ដី ប៉ុន្ដែនាងនៅតែមិនហ៊ានទៅណាដោយគ្មានឪពុកជូនទៅឡើយ។ការទម្លាប់បែបនេះធ្វើឲ្យអ៊ីវ៉ា មានសុវត្ថិភាពពីការចង់តាមលូកលាន់ពីសំណាក់ប្រុសៗព្យាយាមឆក់ស្នេហ៍ ប៉ុន្ដែលោកវ៉ាវ មានការហត់នឿយខ្លាំងរហូតលោកប្រកាសចង់រកកូនប្រសារដើម្បីមកជំនួសដៃជើងលោកពិសេសការបើករថយន្ដជូននាងទៅច្រៀងតាមបណ្ដារឆាកតន្រ្ដីទាំងឡាយតែម្ដង។តែអ៊ីវ៉ា មិនចង់បានប្ដីឆាប់ៗនោះទេព្រោះនាងមានផែនការណ៍ក្នុងជីវិតរួចជាស្រេចទៅហើយថាទាល់តែគម្រប់អាយុ៣០ឆ្នាំពោលគឺ២ឆ្នាំទៀតឬនៅឆ្នាំ២០២៣ខាងមុខនេះទើបនាងគិតគូរឿងរៀបការ។នាងថាមុនផ្ទុះកូវីដមានតារាជាច្រើនសម្រុករៀបការគឺតាមនាងយល់ព្រោះតែពួកគាត់ដល់វ័យដែលត្រូវការ ប៉ុន្ដែរូបនាង២ឆ្នាំទៀតមិនទាន់យឺតពេលនោះទេ។



ក្រៅពីអ៊ីវ៉ា តារាដែលត្រូវបានឪពុកតាមការពារនោះមានដូចជាសុខ ពិសី,លីនដា ,រ៉េត ស៊ូហ្សាណា ,ស៊ូ ស៊ីរីកា និងអ៊ុង នីនិច្ច ជាដើម។ចំពោះអ៊ីវ៉ា វិញនាងជាតារាចម្រៀងដែលប្លែកពីអ្នកសិល្បៈផ្សេងព្រោះទោះជាតាំងពីមុនចូលសិល្បៈនាងមានកម្រិតជីវភាពល្អយ៉ាងណាតែពេលនេះនៅតែចេញពីច្រៀងសម្ដែងតាមឆាកតន្រ្ដីប៉ុស្ដិ៍ទូរទស្សន៍នៅភ្នំពេញទៅគេងនៅផ្ទះនៅខេត្តកំពង់ស្ពឺជាង១០ឆ្នាំមកហើយ។នាងថាគ្មានបំណងទិញផ្ទះនៅទីក្រុងនោះទេ ព្រោះធ្លាប់គេងនៅផ្ទះហើយដល់ពេលយូៗទៅក្លាយជាទម្លាប់ ហេតុនេះហើយនៅតែចុះឡើងៗដូចមុន។ចំពោះលោកវ៉ាវ វិញធ្លាប់ឲ្យយោបល់កូនស្រីសំណព្វចិត្តរបស់លោកថាកុំទុកជីវិតនៅលីវយូពេកអត់ប្រយោជន៍ទេ តែអ៊ីវ៉ា នៅតែមានៈថាចិត្តមិនទាន់ចង់ការប្ដីមុនអាយុ៣០ឆ្នាំឡើយ។



គូរបញ្ជាក់ថាអ៊ីវ៉ា ធ្លាប់ពិសោធន៍ស្នេហ៍ជាមួយលោក”ប”ដែលជាថៅកែក្លឹបនិងហាងបញ្ចាំនៅក្រុងសៀមរាប តែចំណងស្នេហាខុសវ័យនេះពួកគេបានចែកផ្លូវគ្នានៅឆ្នាំ២០១៣ ហើយពេលនេះមិនអាចផ្សះផ្សារស្នេហ៍ជាថ្មីបានឡើយបើទោះជាប្អូនលោកផ្កាយ៣នោះនៅតែស្រលាញ់នាងដោយគ្មានប្រែចិត្តបន្ដិចក្ដី។ចំពោះមូលហេតុដែលអ៊ីវ៉ា អស់អារម្មណ៍ស្នេហ៍លោកថៅកែព្រោះតែនាងធុញទ្រាន់បុរសនោះប្រចណ្ឌនិងហួងហែងនាងខ្លាំងពេក ហេតុនេះហើយគេជឿរថាម្ចាស់ចិត្តថ្មីរបស់នាងដាច់ខាតគឺត្រូវតែជាបុរសដែលយល់ច្បាស់ពីអាជីពរបស់នាងទើបស្រីស្រស់ព្រមភ្ជាប់ស្នេហ៍៕



