យោងតាមប្រភព័ត៌មានជប៉ុនក្យូដូចេញផ្សាយកាលពីថ្ងៃ សុក្រទី១៧ធ្នូ២០២១បានអោយដឹងថាយ៉ាងហោចណាស់មនុស្ស ១៩នាក់បានស្លាប់និង៨នាក់ផ្សេងទៀតរងរបួស នៅក្នុងហេតុការណ៍ឆេះអគារពាណិជ្ជកម្មមួយកន្លែងនៅទីក្រុងអូសាកាប្រទេសជប៉ុនកាលពីវេលាម៉ោង១០និង២០នាទី(ម៉ោងនៅជប៉ុន)ព្រឹកថ្ងៃសុក្រនេះ ។នាយកដ្ឋានពន្លត់អគ្គីភ័យបានអោយដឹងថា អគ្គីភ័យបានឆាបឆេះចេញពីគ្លីនិកវិកលចរិក ជាន់ទី 4 ក្នុងអគារដែលមានកម្ពស់ ៨ជាន់ មានទីតាំងនៅជិតស្ថានីយ៍ JR Osaka ។ទោះជាយ៉ាងណាក្តីភ្លើងបានរលត់អស់នៅវិញនៅវេលាម៉ោង១០និង៤៥នាទីព្រឹកបន្ទាប់ពីបានឆេះពេញផ្ទៃក្រឡាប្រហែល២០ម៉ែត្រការ៉េ ។ យោងតាមក្រុមពន្លត់អគ្គិភ័យបានឲ្យដឹងថាកន្លែងកើតហេតុនោះមានមនុស្សសរុប ២៧នាក់ ប្រុស១៧ នាក់និងស្រី ១០ នាក់ ។

រថយន្តពន្លត់អគ្គីភ័យនិងរថយន្តសង្គ្រោះប្រមាណ 70 គ្រឿងបានមកដល់កន្លែងកើតហេតុខណៈដែលកិច្ចខិត ខំប្រឹងប្រែង ជួយសង្គ្រោះកំពុងបន្ត។តាមការសន្និដ្ឋានជំហានដំបូងបានអោយដឹងថា អគ្គិភ័យបានឆាបឆេះក្នុងបន្ទប់ព្យាបាលនៅជាន់ទី៤ ។ ប៉ូលីសក៏ទទួលបានដំណឹងថាអគ្គីភ័យបានផ្តើមចេញពីវត្ថុរាវបែកខ្ចាយចេញពីថង់ក្រដាសដែលកាន់ដោយបុរសម្នាក់ដែល មានអាយុប្រហែល៦០ឆ្នាំ។ ទោះជាយ៉ាងណាក្តីការស៊ីបអង្កេតនឹងត្រូវធ្វើបន្តទៀតដើម្បីរកមូលហេតុពិតប្រាកដ៕

