កាលពីថ្ងៃសុក្រទី១៧ធ្នូ២០២១ប្រទេសអ៊ុយក្រែនបាននិយាយថាទាហានរបស់ខ្លួនម្នាក់ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នាជាមួយក្រុមបំបែកខ្លួនដែលគាំទ្ររុស្ស៊ីនៅភាគខាងកើតនៃប្រទេសខណៈដែលភាពតានតឹងរវាងទីក្រុងម៉ូស្គូនិងគៀវកំពុងឡើងកំដៅ។នេះគឺការស្លាប់ទាហានអ៊ុយក្រែនទី៤ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗកន្លងមកនេះ។នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP។កងទ័ពអ៊ុយក្រែនបាននិយាយថាពួកបំបែកខ្លួនបានកំណត់គោលដៅទីតាំងរបស់ខ្លួនវាយប្រហារដោយគ្រាប់បែកដៃ និងកាំភ្លើងត្បាល់។មេបញ្ជាការកងទ័ពអ៊ុយក្រែនបាននិយាយនៅលើហ្វេសប៊ុកថាទាហានម្នាក់បានស្លាប់និងទាហានម្នាក់ទៀតបានរងរបួសធ្ងន់។ក្រុងគៀវ និងសម្ព័ន្ធមិត្តបានចោទរុស្ស៊ីថាបានគាំទ្រក្រុមឧទ្ទាមយោធា តែការចោទប្រកាន់នេះត្រូវបានទីក្រុងម៉ូស្គូបដិសេធ។ការស្លាប់ចុងក្រោយនេះនាំឱ្យចំនួនអ្នកស្លាប់ក្នុងជម្លោះដ៏ក្តៅគគុករបស់អ៊ុយក្រែនកើនឡើងដល់ 65 នាក់ចាប់តាំងពីដើមឆ្នាំមក ។នេះបើយោងតាមការបូកសរុបរបស់ AFP ដោយផ្អែកលើតួលេខផ្លូវការបើប្រៀបធៀបទៅនឹងចំនួនសរុប 50 នាក់ក្នុងឆ្នាំ 2020 ។

ក្រុងគៀវ បាននិងកំពុងប្រយុទ្ធជាមួយពួកបះបោរគាំទ្រទីក្រុងម៉ូស្គូក្នុងតំបន់ពីរដាច់ដោយឡែក ជាប់ព្រំដែនរុស្ស៊ីចាប់តាំងពីឆ្នាំ ២០១៤ នៅពេលដែលវិមានក្រឹមឡាំងបានដាក់បញ្ចូលឧបសម្ព័ន្ធតំបន់គ្រីមៀCrimean ជារបស់ខ្លួន។រុស្ស៊ីបានពង្រាយទ័ពយ៉ាងច្រើននៅជិតព្រំដែនអ៊ុយក្រែន ហើយលោកខាងលិចបានចោទប្រកាន់ពីបទរៀបចំផែនការឈ្លានពានប្រទេសអ៊ុយក្រែនជាមួយនឹងការព្រមានដាក់ទណ្ឌកម្មដ៏ធំប្រសិនបើរុស្ស៊ីបើកការវាយប្រហារ។ប្រធានាធិបតីអាមេរិកលោកចូ បៃឌិន បានព្រមានសមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ថានឹងដាក់ទណ្ឌកម្មធ្ងន់ធ្ងរ ដែលលោកមិនធ្លាប់បានដែលឃើញ ប្រសិនបើកងទ័ពវាយប្រហារអ៊ុយក្រែន។

ជាមួយគ្នានេះដែរមេដឹកនាំសហភាពអឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍បានជំរុញឱ្យទីក្រុងមូស្គូបញ្ឈប់ការកសាងកម្លាំងយោធារបស់ខ្លួន ហើយត្រលប់ទៅកិច្ចចរចាដែលដឹកនាំដោយបារាំង និងអាល្លឺម៉ង់វិញ។ជម្លោះនៅភាគខាងកើតអ៊ុយក្រែនមកទល់ពេលនេះបានធ្វើឲ្យមនុស្សជាង ១៣.០០០ នាក់ស្លាប់៕
