កាលពីថ្ងៃចន្ទ ទី ២០ ធ្នូ ២០២១ លោក វ៉ាង យី (Wang Yi ) រដ្ឋមន្ត្រីការបរទេសចិន បាននិយាយថា ប្រទេសចិននឹងមិនភ័យខ្លាចការប្រឈមមុខដាក់គ្នាជាមួយសហរដ្ឋអាមេរិកទេប៉ុន្តែស្វាគមន៍កិច្ចសហប្រតិបត្តិការ ប្រសិនបើវាមានផលប្រយោជន៍រួមគ្នាទៅវិញទៅមក។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។នៅក្នុងសុន្ទរកថាបង្ហោះនៅលើគេហទំព័រក្រសួងការបរទេសលោកបានសរសេរថាបញ្ហាទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិនដែលកំពុងធ្លាក់ចុះវាបណ្តាលមកពីការវិនិច្ឆ័យខុសជាយុទ្ធសាស្រ្តដោយឯកតោភាគីអាមេរិក។លោកបានបន្តថា៖ «ប្រសិនបើមានការប្រឈមមុខដាក់គ្នា នោះប្រទេសចិននឹងមិនភ័យខ្លាចឡើយ ហើយនឹងតស៊ូដល់ទីបញ្ចប់។លោកបានបន្តទៀតថាមិនមានគ្រោះថ្នាក់អ្វីទេ ក្នុងការប្រកួតប្រជែង ប៉ុន្តែវាគួរតែរកវិធីវិជ្ជមាន។ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិនមានកម្រិតទាបជុំវិញការខ្វែងគំនិតគ្នាជាច្រើន រួមទាំងប្រភពដើមនៃជំងឺរាតត្បាត កូវីដ-១៩ពាណិជ្ជកម្ម សិទ្ធិមនុស្សនិងសម្ពាធកើនឡើងរបស់ទីក្រុងប៉េកាំងលើតៃវ៉ាន់។នៅក្នុងការពិភាក្សាគ្នាមួយកាលពីខែមុនដែលមានរយៈពេលជាងបីម៉ោង ប្រធានាធិបតីអាមេរិកលោកចូ បៃឌិន បានសង្កត់ទៅលើសមភាគីលលោកស៊ី ជីនពីង អំពីសិទ្ធិមនុស្ស ខណៈដែលលោក ស៊ី បានព្រមានថាប្រទេសចិននឹងឆ្លើយតបទៅនឹងអ្វីដែលហៅថាការបង្កហេតុលើតៃវ៉ាន់។



លោកវ៉ាងយីបាននិយាយថា រដ្ឋាភិបាលតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯងមិនមែនជាកូនអុកដែលអាចប្រើដើម្បីលេងអុកនយោបាយនោះទេ ប៉ុន្តែតៃវ៉ាន់គ្រាន់តែជាជនវង្វេងម្នាក់ ដែលនឹងបង្រួបបង្រួមជាមួយដីគោកនៅថ្ងៃណាមួយហើយបានចោទប្រកាន់អាមេរិកពីបទប្រើប្រទេសកោះនេះដើម្បីគ្រប់គ្រងទីក្រុងប៉េកាំង។ព្រឹទ្ធសភាអាមេរិកបានអនុម័តច្បាប់កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដើម្បីហាមឃាត់ការនាំចូលទំនិញពីតំបន់ស៊ីជាំង របស់ប្រទេសចិន ជុំវិញការព្រួយបារម្ភអំពីពលកម្មដោយបង្ខំ ដែលជាការឆ្លើយតបចុងក្រោយរបស់សហរដ្ឋអាមេរិកចំពោះទង្វើរបស់ទីក្រុងប៉េកាំងទៅលើជនជាតិភាគតិចមូស្លីមអ៊ុយហ្គ័រ ។ទោះជាយ៉ាងណាក្តី ចិនបដិសេធការចោទប្រកាន់ពីការរំលោភសិទ្ធិនៅស៊ីនជាំង៕


