Thursday, November 28, 2024
Homeព្រឹត្តិការណ៍សង្គមតើ William Guang ជាអ្នកណា?

តើ William Guang ជាអ្នកណា?

ភ្នំពេញ ៖ លោកសុខ សុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក ត្រូវបានកម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ចាប់ឃាត់ខ្លួនកាលពីយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចផ្ទះវីឡាមួយកន្លែង ស្ថិតក្នុងបុរីប៉េងហួត ផ្លូវ​៦០​ម៉ែត្រ​ ខណ្ឌមានជ័យ ដោយជាប់ពាក់ព័ន្ធនឹងករណីប្លន់ផ្ទះអ្នកលក់ឡេដ៏ល្បី ឧកញ៉ា អ៊ាន សៀវម៉ី កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១។ តើ លោកសុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ជានរណា?

លោកសុខ សុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ធ្លាប់បានឲ្យដឹងថា ម្តាយលោកបានស្លាប់ ក្រោយបង្កើតលោកបាន ៧ថ្ងៃ ក្នុងសម័យប៉ុល ពត ហើយក្នុងឆ្នាំ១៩៨២ ឪពុកលោកបានលាចាកលោកទៀត ដូច្នេះលោកត្រូវរស់នៅជាមួយពូបង្កើត។ ប៉ុន្តែនៅឆ្នាំ១៩៨៨ ដោយសារជំនួញរបស់ពូលោកក្ស័យធន ហើយរត់ទៅបរទេស លោក William Guang ក៏បាន​រស់នៅ​តែ​ម្នាក់​ឯង គ្មានបងប្អូន ដោយការអាស្រ័យខ្លួននៅវត្តនិរោធ។ អំឡុងពេលលោករៀនសាកលវិទ្យាល័យ គឺជាពេលដែល William លំបាកបំផុត ព្រោះគ្មានប្រាក់ ដូច្នេះត្រូវបង្ខំចិត្តទៅធ្វើអ្នករត់តុ នៅរង្គសាលនាគព័ន្ធ ហើយឆ្លៀតពេលទំនេរ ទៅធ្វើសំណង់ រៀបឥដ្ឋ រកប្រាក់បន្ថែមដើម្បីរៀនសូត្រ ហើយក្រោយពីនោះ បានទៅសម្រាកនៅវត្ត។

បុរសវ័យ៤០ឆ្នាំ រូបនេះ បានឲ្យដឹងបន្តថា លោកមានកំណើតនៅខេត្តបាត់ដំបង កាលជំនាន់នៅរៀន មួយថ្ងៃៗលោកសឹងតែរក​ពេលសម្រាកគ្មាន ពោលគឺសម្រាកបានតែ ៣ម៉ោងគត់ ដោយសារលោកធ្វើការចាប់ពីម៉ោង ៦យប់ ដល់ម៉ោង ៣ភ្លឺ រាល់ថ្ងៃ។ បន្ថែមពីនោះ លោកបានរៀនសរសេរអត្ថបទស៊ីជម្រៅ ដើម្បីលក់ឱ្យកន្លែងនិពន្ធសៀវភៅ រកប្រាក់បន្ថែមទៀត។ ក្រោយមក លោកជាអ្នករកស៊ីអចលនទ្រព្យដ៏ល្បីល្បាញមួយរូប និងក៏ជាសេដ្ឋីមានទ្រព្យ ព្រមទាំងផ្ទះវីឡាខ្នាតធំមួយរូបផងដែរ  ក្រៅពីនេះ លោកក៏ជាអ្នកនយោបាយមួយរូប និងជាប្រធានគណបក្សខ្មែរក្រោក ហើយធ្លាប់ជាសមាជិកឧត្តមក្រុមប្រឹក្សា​ពិគ្រោះនិងផ្តល់​យោ​បល់ ឋាន:​ស្មើទេសរដ្ឋមន្ត្រី ទៀតផង៕

RELATED ARTICLES