មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ បាននិយាយថា លោកមានការរន្ធត់ចិត្តជាខ្លាំងចំពោះការសម្លាប់ជនស៊ីវិលយ៉ាង ហោចណាស់ ៣៥នាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយបានអំពាវនាវឱ្យអាជ្ញាធរស៊ើបអង្កេតឧប្បត្តិ ហេតុដែលសកម្មជន ប្រឆាំងបានស្តីបន្ទោសលើទាហានរដ្ឋាភិបាល។នេះបើយោងតាមការចេញផ្សាយរបស់របស់កាសែតថៃបាងកកប៉ុស្តិ៍។ជាមួយគ្នានេះដែរអង្គការសប្បុរសធម៌អន្តរជាតិ Save the Childrenនិយាយថាបុគ្គលិករបស់ខ្លួនពីរនាក់បានបាត់ខ្លួននៅ ក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីសាកសពជាង 30 ត្រូវបានរកឃើញក្រោយការវាយប្រហារមួយដែល ត្រូវបានស្តីបន្ទោស ទៅលើយោធា។

អង្គការសប្បុរសធម៌និយាយថា កងទ័ពបានបង្ខំមនុស្សចេញពីរថយន្ត ចាប់ខ្លួនខ្លះ សម្លាប់ខ្លះ និងដុតសាកសពពួកគេនៅរដ្ឋ Kayah ភាគខាងកើត។កុមារ និងស្ត្រីត្រូវបានគេជឿថា ស្ថិតក្នុងចំណោមជនរងគ្រោះនៃឧប្បត្តិហេតុកាលពីថ្ងៃសុក្រ។ យោធា និយាយថាខ្លួនបានសម្លាប់ភេរវករប្រដាប់អាវុធជាច្រើននាក់ នៅក្នុងតំបន់។

លោកMartin Griffiths អគ្គលេខាធិការរងអង្គការ
សហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌ និងអ្នកសម្របសម្រួលជំនួយសង្គ្រោះ បាននិយាយថា របាយការណ៍នៃការ សម្លាប់ជនស៊ីវិល រួមទាំងកុមារយ៉ាងហោចណាស់ម្នាក់ គឺជាព័ត៌មានគួរអោយទុកចិត្ត។នៅក្នុងសេចក្តីថ្លែង ការណ៍មួយ លោក បានថ្លែងថា៖ “ខ្ញុំសូមថ្កោលទោសឧប្បត្តិហេតុដ៏សោកសៅនេះ និងរាល់ការវាយប្រហារលើជនស៊ីវិលនៅទូទាំងប្រទេស ដែលត្រូវបានហាមឃាត់ក្រោមច្បាប់មនុស្សធម៌អន្តរជាតិ”។ជាមួយគ្នានេះដែរលោកក៏បានអំពាវនាវឱ្យមាន ការស៊ើបអង្កេត ហ្មត់ចត់ និងតម្លាភាពហើយជនល្មើសត្រូវតែកាត់ទោស និងអំពាវនាវឱ្យមានការការពារជនស៊ីវិល។

អ្នកស្រុកនិងក្រុមសិទ្ធិមនុស្សដែលធ្វើការនៅតំបន់នោះបាននិយាយថា ទាហានបានសម្លាប់ជនស៊ីវិល។ រូបថតដែលក្រុម សិទ្ធិមនុស្សបានបង្ហោះបង្ហាញសាកសពដែលត្រូវភ្លើងឆេះខ្លះនៅខាងក្រោយរថយន្តដែលឆេះអស់។យោធាដែល កំពុងកាន់ អំណាចមិនបានធ្វើអត្ថាធិប្បាយលើឧប្បត្តិហេតុនៅជិតភូមិ Mo So ក្នុងរដ្ឋ Kayah កាលពីថ្ងៃសុក្រទេ ហើយអ្នកនាំពាក្យរបប យោធាលោក Zaw Min Tun មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។

មីយ៉ាន់ម៉ាបានធ្លាក់ចូលក្នុងចលាចលចាប់តាំងពីយោធាធ្វើរដ្ឋប្រហារកាលពីថ្ងៃទី១ ខែកុម្ភៈ បានផ្ដួលរំលំរដ្ឋាភិបាលជាប់ឆ្នោត និងជាម្ចាស់ពានរង្វាន់ណូបែលសន្តិភាពលោកស្រី លោកស្រីអ៊ុងសាន ស៊ូជី។មនុស្សជាង1300នាក់ត្រូវបានសម្លាប់នៅក្នុងការ បង្រ្កាបលើការតវ៉ា និងជាង 11,000 នាក់ត្រូវបានជាប់គុក ។នេះបើយោងតាមការបូកសរុបដោយសមាគម សម្រាប់ជំនួយនៃ ក្រុមសិទ្ធិអ្នកទោសនយោបាយ៕