Hugo Maradona ប្អូនប្រុសបង្កើតរបស់វីរបុរសបាល់ទាត់អាហ្សង់ទីន Diego Maradona បានស្លាប់ ដោយសារគាំងបេះ ដូងនៅអាយុ ៥២ ឆ្នាំ។ Diego Maradonaក៏ស្លាប់ដោយសារគាំងបេះដូងផងដែរ។Hugo ដែលធ្លាប់ជាកីឡាករ បាល់ទាត់ អាជីពផងដែរនោះ បានស្លាប់ដោយសារគាំងបេះដូងនៅផ្ទះរបស់ខ្លួនជិតក្រុង Naples ប្រទេសអ៊ីតាលី ជាទីក្រុងដែល Diego Maradona ធ្លាប់រស់នៅអំឡុងលេងឱ្យក្រុម Napoli ចន្លោះឆ្នាំ ១៩៨៤ ដល់ ១៩៩១។ការស្លាប់របស់ Hugo Maradona កើត ឡើងរយៈពេល១៣ខែ បន្ទាប់ពីបងប្រុសរបស់គេ Diego Maradona ដែលត្រូវបានគេចាត់ទុកថា ជាកំពូលកីឡាករបាល់ ទាត់ដ៏អស្ចារ្យបំផុត បានស្លាប់នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយសារគាំងបេះដូងដូចគ្នានៅអាយុ ៦០ ឆ្នាំ។
ក្នុងអាជីពជាកីឡាករបាល់ទាត់ Hugo Maradona ធ្លាប់លេងនៅលីគកំពូលអ៊ីតាលី អេស្ប៉ាញ ជប៉ុន និងអាហ្សង់ទីន។Hugo Maradona បានចូលរួមជាមួយបងប្រុស Diego Maradona នៅ Napoli ក្នុងឆ្នាំ ១៩៨៧ មុនផ្លាស់ទៅ Ascoli និង Rayo Vallecano ក្នុងលក្ខខណ្ឌខ្ចីជើង។ Hugo Maradona មិនជោគជ័យក្នុងអាជីពបាល់ទាត់ដូចបងប្រុសខ្លួនឡើយ ខណៈរូបគេមិន ដែលជាប់ជម្រើសជាតិអាហ្សង់ទីនឈុតធំសោះ។
ក្លិប Napoli រួមជាមួយមន្ត្រីក្លិប បុគ្គលិក គ្រូបង្វឹក កីឡាករ បានចូលរួមរំលែកទុក្ខជាមួយគ្រួសារសពលោក Hugo Maradona ចំពោះមរណភាពដ៏សោកសៅមួយនេះ៕