លោក Kassym-Jomart Tokaev ប្រធានាធិបតីកាហ្សាក់ស្ថានបាននិយាយកាលពីថ្ងៃសុក្រថា សណ្តាប់ធ្នាប់ធម្មនុញ្ញភាគច្រើន ត្រូវបានស្តារឡើងវិញនៅក្នុងប្រទេសអាស៊ីកណ្តាលដែលរងការវាយប្រហារដោយភាពចលាចលក្នុងសប្តាហ៍នេះ។នេះបើ យោងតាមមន្ត្រីការិយាល័យរបស់លោកដកស្រង់សម្តីនៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃសុក្រ។ក្រសួងមហាផ្ទៃកាហ្សាក់ស្ថានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថាឧក្រិដ្ឋជនប្រដាប់អាវុធចំនួន 26 នាក់ត្រូវសម្លាប់ហើយមនុស្សជាង 3000 នាក់ក្នុងចំណោមពួកគេត្រូវបានឃុំខ្លួន ខណៈដែលប៉ូលីស និងឆ្មាំជាតិ18នាក់ត្រូវបាន សម្លាប់ចាប់តាំងពីការចាប់ផ្តើមនៃការតវ៉ា។

លោកបានបន្ថែមថាអាជ្ញាធរមូលដ្ឋានកំពុងគ្រប់គ្រងស្ថានការណ៍។ ប៉ុន្តែពួកភេរវករនៅតែប្រើប្រាស់អាវុធ និងបំផ្លាញទ្រព្យ សម្បត្តិរបស់ប្រជាពលរដ្ឋ។ ដូច្នេះសកម្មភាពប្រឆាំងភេរវកម្មគួរតែត្រូវបាន បន្តរហូតដល់ពួកសកម្ម ប្រយុទ្ធត្រូវបានលុបបំ បាត់ទាំងស្រុង។

រដ្ឋបាលរបស់លោក Tokayev បាននិយាយថា កងកម្លាំងរក្សាសន្តិភាពនៃសម្ព័ន្ធមិត្តយោធាដឹកនាំដោយទីក្រុង មូស្គូនៃអតីតរដ្ឋ សូវៀត បានមកដល់ប្រទេសកាហ្សាក់ស្ថាន ប៉ុន្តែមិនបានចូលរួមក្នុងការប្រយុទ្ធ ឬក្នុង ការលុបបំបាត់ពួកសកម្មប្រយុទ្ធនោះទេ ។អង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) នឹងផ្តល់មុខងារការពារ និងសន្តិសុខ។

ទីភ្នាក់ងារសារព័ត៌មាន RIA បានដកស្រង់សម្តីអគ្គលេខាធិការសម្ព័ន្ធភាពកាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងរក្សាសន្តិភាពទាំង មូលរបស់ CSTO មានប្រហែល2500ហើយនឹងស្នាក់នៅក្នុងប្រទេសកាហ្សាក់ស្ថានរយៈពេលពីរបីថ្ងៃឬសប្តាហ៍៕