កាលពីថ្ងៃចន្ទទី១០មករា ២០២២ តុលាការរបបយោធាមីយ៉ាន់ម៉ា បានកាត់ទោសលោកស្រីអ៊ុងសាន ស៊ូជី ពីបទចោទព្រហ្មទណ្ឌចំនួន៣និងកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៤ឆ្នាំក្នុងសំណុំរឿងចុងក្រោយមួយប្រឆាំងមេដឹកនាំស៊ីវិលដែលត្រូវគេបណ្តេញចេញពីតំណែងកាលពីថ្ងៃទី១កុម្ភៈ២០២១។នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ។ម្ចាស់ជ័យលាភីពានរង្វាន់ណូបែលសន្តិភាពត្រូវបានឃុំខ្លួនតាំងពីរដ្ឋប្រហារយោធាកាលពីថ្ងៃទី១ខែកុម្ភៈ។លោកស្រីត្រូវបានចោទប្រកាន់ចំនួន២ករណី ទាក់ទងនឹងការនាំចូលវិទ្យុទាក់ទង(walkie-talkies)ដោយខុសច្បាប់និង បំពានច្បាប់នៃមេរោគឆ្លងកូវីដ-១៩។
ការចោទប្រកាន់ទៅលើឧបករណ៍វិទ្យុទាក់ទង walkie-talkie កើតចេញនៅពេលដែលទាហានបានឆ្មក់ចូលផ្ទះរបស់លោកស្រីនៅថ្ងៃនៃរដ្ឋប្រហារ។ការកាត់ទោសកាលពីថ្ងៃច័ន្ទបន្ថែមលើការ កាត់ទោសកាលពីខែធ្នូដោយតម្រូវអោយលោកស្រីជាប់ពន្ធនាគាររយៈពេល 4 ឆ្នាំពីបទញុះញង់ និងបំពានច្បាប់ កូវីដ-១៩ក្នុងអំឡុងពេលធ្វើយុទ្ធនាការរកសំឡេងឆ្នោតប៉ុន្តែប្រមុខរដ្ឋាភិបាលយោធាលោកមីន អ៊ុងឡាំង បានកាត់បន្ថយការកាត់ទោសមកនៅត្រឹមពីរឆ្នាំដោយតម្រូវអោយជាប់ពន្ធនាគារក្រោមការឃុំខ្លួនក្នុងផ្ទះក្នុងរដ្ឋធានីណៃពិដោរ។នៅមុនការប្រកាសសាលក្រម លោកស្រី Manny Maung អ្នកស្រាវជ្រាវសិទ្ធិមនុស្សបាននិយាយថា ការផ្តន្ទាទោសបន្ថែមទៀតនឹងធ្វើឱ្យមានការមិនសប្បាយចិត្តពីសំណាក់អ្នកគាំទ្រទូទាំងប្រទេស។
លោកស្រីបានប្រាប់AFPថាការប្រកាសពីការផ្តន្ទាទោសចុងក្រោយទៅលើលោកស្រីបណ្តាលឱ្យសាធារណជនមានការខឹងសម្បារយ៉ាងខ្លាំង។អ្នកសារព័ត៌មានត្រូវបានរារាំងមិនឱ្យចូលរួមសវនាការ ហើយមេធាវីរបស់លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានហាមឃាត់មិនឱ្យនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយផងដែរ។ ចាប់តាំងពីរដ្ឋប្រហារមក សម្ព័ន្ធមិត្តនយោបាយជាច្រើនរបស់នាងត្រូវបានចាប់ខ្លួន ដែលក្នុងនោះក៏មានរដ្ឋមន្ត្រីម្នាក់ត្រូវបានកាត់ទោសឱ្យជាប់គុក 75 ឆ្នាំ ខណៈដែលអ្នកផ្សេងទៀតកំពុងលាក់ខ្លួន។ ជនស៊ីវិលជាង 1400 នាក់ត្រូវបានសម្លាប់ ។នេះបើយោងតាមក្រុមឃ្លាំមើលក្នុងតំបន់៕