អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Ryabkov បានពណ៌នាកិច្ចពិភាក្សាបឋមកាលពីថ្ងៃអាទិត្យជាមួយទីក្រុងវ៉ាស៊ីនតោនស្តីពីការធានាសន្តិសុខថា គួរឱ្យភ្ញាក់ផ្អើលប៉ុន្តែក៏បានកត់សម្គាល់ផងដែរថា វាជាការសន្ទនាគឺពិបាក។នេះបើយោងតាមប្រភពសារព័ត៌មានរដ្ឋរុស្ស៊ីRTចេញផ្សាយកាលពីថ្ងៃចន្ទ ទី ១០ មករា ២០២២។Ryabkov បានបើកកិច្ចប្រជុំរយៈពេលពីរម៉ោងជាមួយសមភាគីអាមេរិក គឺអនុរដ្ឋមន្ត្រីការបរទេសលោកស្រី Wendy Sherman នៅទីក្រុងហ្សឺណែវមុនពេលការភ្ជាប់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ីនៅក្នុងកិច្ចប្រជុំធំនៅថ្ងៃចន្ទ។ ការចរចានេះកើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងរវាងក្រុងម៉ូស្គូ និងលោកខាងលិចជុំវិញស្ថានការណ៍នៅអ៊ុយក្រែន។

ឆ្លើយសំណួររបស់អ្នកសារព័ត៌មានលើការវាយតម្លៃរបស់គាត់ចំពោះការពិគ្រោះយោបល់បឋមលោក Ryabkov បាននិយាយថា កិច្ចប្រជុំនេះគួរឱ្យភ្ញាក់ផ្អើលហើយថា ការសន្ទនាគឺពិបាកប៉ុន្តែវាដូចជាការធ្វើជំនួញ នៅពេលដែលភាគីទាំងពីរកំពុងរុលចូលទៅក្នុងបញ្ហានៃកិច្ចប្រជុំសំខាន់ៗ។លោកបានបន្តទៀតថាខ្ញុំគិតថាយើងនឹងមិនខ្ជះខ្ជាយពេលវេលានៅថ្ងៃស្អែកទេ។

កិច្ចពិភាក្សានេះត្រូវបានធ្វើឡើងបន្ទាប់ពីមានភាពតានតឹងរវាងរុស្ស៊ី និងលោកខាងលិចក្នុងប៉ុន្មានខែថ្មីៗនេះ។ បណ្តាប្រទេសលោកខាងលិចមានការព្រួយបារម្ភអំពីផែនការដែលត្រូវបានចោទប្រកាន់ថាទីក្រុងមូស្គូអាចឈ្លានពាននិងវាយលុកលុយអ៊ុយក្រែន ក៏ប៉ុន្តែវិមានក្រឹមឡាំងបានបដិសេធ និងស្តីបន្ទោសម្តងហើយម្តងទៀតលើ ភាពច្របូកច្របល់ប្រឆាំងនឹងរុស្ស៊ី។ស្ថានភាពនេះបានជំរុញឱ្យទីក្រុងម៉ូស្គូដាក់សំណើរការពារសន្តិសុខដែលរួមមានការទប់ស្កាត់ការពង្រីកកម្លាំងថ្មីរបស់អង្គការណាតូដោយមិនអនុញ្ញាតិអោយអ៊ុយក្រែនចូលជាសមាជិករបស់អង្គការនេះ មិនដាក់ពង្រាយកងកម្លាំងនិងសព្វាវុធបន្ថែម និងការធានាសន្តិសុខសម្រាប់រុស្ស៊ី។ ការទាមទារទាំងនេះមួយចំនួនត្រូវបានច្រានចោលដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនរួចជាស្រេច ខណៈដែលទាំងណាតូនិងអាមេរិកបាននិយាយថាសម្ព័ន្ធភាពមិនដែលបានសន្យាថានឹងមិនពង្រីកនេះទេ៕