ភ្នំពេញ ៖ តុលាការ បានផ្តន្ទាទោសលោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី ឱ្យជាប់ពន្ធនាគារ១ឆ្នាំ៦ខែ និងពិន័យជា ប្រាក់៨លានរៀល ព្រមទាំងបង់សងជំងឺចិត្តដល់ សម្តេចហ៊ុន សែន ១០០រៀល ផងដែរ។
សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ បានប្រកាសសាលក្រមសំណុំរឿង លោកស្រីថាក់ ឡានី ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់បង្កឱ្យមានភាព វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដោយធ្វើការ ផ្តន្ទាទោសដាក់គុកចំនួន១ឆ្នាំ ៦ខែ និងពិន័យ ជាប្រាក់៨លានរៀល ព្រមទាំងតម្រូវឱ្យសងជំងឺចិត្តដើមបណ្តឹង ចំនួន១០០រៀល។ មិនតែ ប៉ុណ្ណោះ សាលក្រមនេះ ក៏បង្គាប់ឱ្យសមត្ថកិច្ច ចាប់ខ្លួន និងឃុំខ្លួនសមាជិកព្រឹទ្ធសភារូបនោះ ផងដែរ។
លោកសំ សុគង់ មេធាវីការពារក្តីលោកស្រី ថាក់ ឡានី បានលើកឡើងថា ការសម្រេចរបស់ តុលាការនេះ មិនមានយុត្តិធម៌ចំពោះកូនក្តីរបស់ លោកនោះទេ។ ដូច្នេះក្រុមមេធាវីការពារក្តី នឹងពិភាក្សារជាមួយលោកស្រីថាក់ ឡានី ដើម្បី ប្តឹងឧទ្ធរណ៍ ជំទាស់នឹងការសម្រេចរបស់សាលា ដំបូងរាជធានីភ្នំពេញ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន តាមរយៈមេធាវីតំណាងអាណត្តិ គឺលោកគី តិច ដាក់ពាក្យប្តឹងលោកស្រីថាក់ ឡានី សមាជិក ព្រឹទ្ធសភាគណបក្សសម រង្ស៊ី ទៅសាលាដំបូង- រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការចោទប្រកាន់ ថា សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ជាអ្នក បាញ់សម្លាប់លោកបណ្ឌិតកែម ឡី ដែលធ្វើឱ្យ ប៉ះពាល់ដល់កិត្តិយសរបស់សម្តេច និងមាន ចរិតជាការញុះញង់បំផុសបំផុល ក្នុងចេតនាបញ្ឆោះ កំហឹងមហាជន ដែលបង្កឱ្យមានចលាចលនៅ ក្នុងសង្គម។
ក្រោយមានពាក្យបណ្តឹងនោះ មកលោកស្រី ថាក់ ឡានី ត្រូវបានព្រឹទ្ធសភាសម្រេចបោះឆ្នោត ដកអភ័យឯកសិទ្ធិសភា តាមការស្នើសុំរបស់ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ដែលបាន ផ្ញើទៅសម្តេចសាយ ឈុំ ប្រធានព្រឹទ្ធសភា ដោយសំឡេងយល់ព្រម ៤៦លើ៤៦សំឡេង នៃ សមាជិកព្រឹទ្ធសភាពីខាងគណបក្សប្រជាជន កម្ពុជា ខណៈសមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី ធ្វើពហិការ មិនចូលប្រជុំ ។
លោកស្រីថាក់ ឡានី ពេលនេះ មានព័ត៌- មានថា កំពុងស្ថិតនៅក្រៅប្រទេស ហើយលោកស្រី កំពុងប្រឈមនឹងការចាប់ខ្លួនមកអនុវត្តទោស ប្រសិនបើមិនមានការប្តឹងឧទ្ធរណ៍៕
ដោយ ៖ កុលបុត្រ