ភ្នំពេញ៖សារ៉ាយ សក្ខណា បាននាំស្វាមីនិងកូនប្រុសស្រីទាំងពីរមកស្រុកខ្មែរលើកនេះជាង២ខែហើយដើម្បីចូលរួមមង្គលការប្អូនប្រុសពៅរបស់នាងលោកសារ៉ាយ ដានីត នៅថ្ងៃទី១៦ខែមករា ឆ្នាំ២០២២ នៅហាងសេវេនប្រាយទួលគោក។យ៉ាងណាក្រោយមង្គលការប្អូនរួចភ្លាមៗសក្ខណា មិនទាន់វិលត្រឡប់ទៅអាមេរិកភ្លាមៗនោះទេគឺរងចាំរហូតដល់ខែ៤ទើបនាងនាំប្ដីនិងកូនទៅរស់នៅអាមេរិកវិញ។
ក្នុងជំនួបតាមទូរស័ព្ទកាលពីថ្ងៃទី១៥ខែមករា សារ៉ាយ សក្ខណា បានឲ្យដឹងថាពិធីមង្គលការប្អូនប្រុសរបស់នាងធ្វើពិធីជប់លៀងចំនួន៥០តុ ហើយក្នុងនោះម្ដាយនាងក៍បានហៅអ្នកសិល្បៈដែលជិតដិតចូលរួមជាច្រើននាក់ដែរ។សក្ខិណា បន្ថែមថាប្អូនថ្លៃរបស់នាងមិនមែនជាអ្នកនៅក្នុងរង្វង់សិល្បៈនោះទេ តែជាអ្នករកស៊ីហេតុនេះហើយភ្ញៀវជាតារាៗនោះគឺមានតែខាងប្រុសប៉ុណ្ណោះ។អតីតតារាសម្ដែងដ៍ល្បីល្បាញរូបនេះក៍បានប្រាប់ថាក្រោយរៀបការប្អូនរួចនាងមិនទាន់វិលត្រឡប់ទៅអាមេរិកភ្លាមៗនោះទេគឺបន្ដនៅស្រុកខ្មែររហូតដល់ខែមេសាឆ្នាំ២០២២ ទើបទៅអាមេរិកវិញ។យ៉ាងណាសក្ខណា ថាដោយសារតែពេលនេះនាងរវល់តែគិតពីពិធីមង្គលការរបស់ប្អូនហេតុនេះហើយមិនទាន់កំណត់ថាទៅអាមេរិកមុនឬក្រោយចូលឆ្នាំខ្មែរឡើយ។
សារ៉ាយ សក្ខណា បានចេញទៅរស់នៅអាមេរិករយៈពេលជាង៨ឆ្នាំមកហើយក្រោយពីនាងបានរៀបការជាមួយអាណិកជនខ្មែរអាមេរិកលោកប៊ុន កែវមេត្រី កាលពីថ្ងៃទី១២ខែធ្នូឆ្នាំ២០១២ ដែលពេលនេះទទួលបានចំណងដៃកូន២នាក់គឺកូនស្រីឈ្មោះMataysia អាយុជាង៧ឆ្នាំ និងកូនប្រុសឈ្មោះព្រីនស្ទីន អាយុជាង២ឆ្នាំ។សក្ខណា តែងតែចុះមកស្រុកខ្មែរជាញឹកញាប់ព្រោះនាងមានមុខជំនួញផ្ទាល់ខ្លួនដោយបើកហាងរក្សារសម្រស់ដ៍ធំមួយនៅកណ្ដាលក្រុង ខណៈដែលការមកលើកមុនៗនាងតែងតែឆ្លៀតថតភាពយន្ដនិងស្ពតមួយចំនួនមុនឡើងទៅអាមេរិកទៀតផង។ដោយឡែកការមកលើកនេះសក្ខណា មិនទាន់ទទួលថតរឿងថ្មីៗនោះទេ ហើយនាងបានប្រាប់ថាទើបបាននាំគ្រួសារទៅដើរលេងកម្សាន្ដនៅខេត្តសៀមរាប តែអត់ទាន់បានទៅកន្លែងដើរលេងផ្សេងៗទៀតនោះទេ៕