ភ្នំពេញ៖សារ៉ាយ សក្ខណា បានឲ្យដឹងថានាងពិតជារីករាយខ្លាំងណាស់ដែលបានជួបជុំមិត្តភក្ដិសារជាថ្មីនៅថ្ងៃមង្គលការប្អូនប្រុសពៅរបស់នាងឈ្មោះសារ៉ាយ ដានិទ្ធ ជាមួយប្អូនថ្លៃជា យុគលីន កាលពីថ្ងៃទី១៦ខែមករាឆ្នាំ២០២២ នៅហាងសេវេនប្រាយទួលគោក នោះព្រោះអ្នកសិល្បករយ៉ាងច្រើនកុះកមកអបអរសាទ។សក្ខណា បានឲ្យដឹងថាកម្មវិធីមង្គលការប្អូនពៅរបស់នាងធ្វើ៥០តុ ក្នុងនោះមានអ្នកសិល្បករចំនួន៥០ទៅ៦០% ដែលត្រូវបានអញ្ជើញហើយដោយសារតែកូវីដផ្ទុះ២ឆ្នាំជាប់គ្នាទើបនាងខានមកស្រុកយូខែមកហើយហេតុនេះការជួបជុំគ្នាលើកនេះគឺពិតជាសប្បាយខ្លាំងមែន។
នៅថ្ងៃមង្គលការលោកសារ៉ាយ ដានិទ្ធ នោះដែរគេឃើញកំពូលតារាចម្រៀងព្រាប សុវត្ថិ ក៍បានបណ្ដើរភរិយាអ្នកស្រីឡុង ស្រីមុំ ទៅចូលរួមផងដែរ ខណៈដែលតារាប្រុសស្រីជាច្រើនដួងដែលធ្លាប់រួមអាជីពជាមួយសក្ខិណា នោះពួកគបង្ហាញខ្លួនព្រមគ្នាហើយដោយការនឹករលឹកខ្លាំងពេកមានខ្លះចាប់អោបនាងតែម្ដង។
សារ៉ាយ សក្ខណា បានឲ្យដឹងទៀតថាទោះជានាងបានទៅរស់នៅអាមេរិកជាច្រើនឆ្នាំក្ដីតែចិតុ្តនាងនៅតែស្រលាញ់អាជីពសិល្បៈនិងនឹករលឹកដល់មិត្តរួមអាជីពជានិច្ចហើយរាល់លើកឲ្យតែនាងចុះមកលេងស្រុកខ្មែរគឺនៅតែឆ្លៀតថតសម្ដែងភាពយន្ដនិងស្ពតពាណិជ្ជកម្ម។ដោយឡែកសម្រាប់លើកនេះក៍ដូចមុនៗដែរបើមានផលិតកម្មទាក់ទងឲ្យសម្ដែងរឿងហើយត្រូវថ្លៃគ្នានាងនឹងទទួលថតសម្ដែង។
សូមបញ្ជាក់ថាសារ៉ាយ សក្ខណា មានបងប្អូន៤នាក់(ស្រី៣)ហើយនាងជាកូនច្បង ខណៈដែលប្អូនៗនាងទាំងអស់ទោះជាមិនមែនចាប់អាជីពសិល្បៈដូចនាងក្ដី តែពួកគេសុទ្ធតែស្រលាញ់សិល្បៈដូចគ្នា។សារ៉ាយ សក្ខណា បានរៀបការជាមួយអាណិកជនខ្មែរមកពីអាមេរិកលោកមេធាវីប៊ុន កែវមេត្រី កាលថ្ងៃទី១២ខែធ្នូឆ្នាំ២០១២ ហើយក្រោយចេញទៅរស់នៅអាមេរិកតាមស្វាមីរយៈពេលជាង៨ឆ្នាំសក្ខណា បានចំណងដៃកូន២នាក់គឺកូនច្បងឈ្មោះMataysia អាយុជិត៧ឆ្នាំ និងកូនប្រុសឈ្មោះព្រីនស្ទីន អាយុជិត២ឆ្នាំ។សក្ខណា បានមកលេងស្រុកជាថ្មីកាលពីថ្ងៃទី១៣ខែវិច្ឆិការឆ្នាំ២០២១ហើយនាងនឹងវិលទៅអាមេរិកវិញនៅខែមេសាឆ្នាំ២០២២ ខាងមុខនេះ៕