យោធាកូរ៉េខាងត្បូងបានរាយការណ៍ថា ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងដែលគេសង្ស័យថា ជាមីស៊ីលបាលិស្ទិក រយៈចម្ងាយខ្លីចំនួនពីរគ្រាប់កាលពីថ្ងៃចន្ទ ទី១៧មករាឆ្នាំ២០២២ចេញពីអាកាសយានដ្ឋាន ក្នុងទីក្រុងព្យុងយ៉ាងឆ្ពោះទៅសមុទ្រ ខាងកើតក្រៅតំបន់សេដ្ឋកិច្ចជប៉ុន។នេះគឺជាការសាកល្បងមីស៊ីលលើកទីបួនក្នុងខែនេះ ដើម្បីបង្ហាញពីអានុភាពអាវុធមីស៊ីល របស់ខ្លួន។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានជប៉ុនក្យូដូ។នៅក្នុងសេចក្តីថ្លែងការរបស់អគ្គសេនាធិការចម្រុះយោធាកូរ៉េខាងត្បូង(JCS) បាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីល គ្រាប់ទីមួយកាលពីវេលាម៉ោង ៨និង៤៩នាទីនិងគ្រាប់ទី២ នៅម៉ោង ៨និង៥២នាទី ព្រឹកថ្ងៃចន្ទ ហើយមីស៊ីលនេះធ្វើដំណើរ បានចម្ងាយប្រហែល ៣៨០គីឡូម៉ែត្រក្នុងរយៈកម្ពស់ប្រហែល៤២គីឡូម៉ែត្រ។
ប្រធានខុទ្ទកាល័យរដ្ឋាភិបាលជប៉ុនលោក Hirokazu Matsuno បានថ្កោលទោសការបាញ់បង្ហោះនេះដោយនិយាយថា៖’’វា គំរាមកំហែងដល់សន្តិភាពនិងសន្តិសុខនៃប្រទេសរបស់យើង តំបន់ និងសហគមន៍អន្តរជាតិ”។សម្រាប់ការសាកល្បងមីស៊ីលបីលើកមុន ពីរគ្រាប់ជាមីស៊ីលល្បឿនលឿនជាងសំឡេង ខណៈការតេស្តចុងក្រោយនៅថ្ងៃទី១៤ ខែមករា ជាមីស៊ីលបាលីស្ទិកចម្ងាយមធ្យម (SRBMs) ដែលបាញ់ចេញពីទូររថភ្លើង។ ឯការបាញ់ចុងក្រោយនេះ កូរ៉េខាងជើង មិនទាន់ប្រកាសព័ត៌មានលម្អិតឡើយ។
បើទោះជាមានការថ្កោលនិងការដាក់ទណ្ឌកម្មពីប្រទេសជិតខាងជប៉ុន កូរ៉េខាងត្បូង អាមេរិកនិងសហគមន៍ អន្តរជាតិយ៉ាង ណាក៏ដោយ ក៏ប្រទេសអត់ឈឺក្បាល។ផ្ទុយទៅវិញគេបានថ្លែងការពារថាការ សាកល្បងមីស៊ីលនាពេលកន្លងមកគឺជាសិទ្ធិ អធិបតេយ្យភាពរបស់ខ្លួនក្នុងការការពារប្រទេស ហើយបានចោទប្រកាន់អាមេរិកពីចេតនាធ្វើឱ្យស្ថានការណ៍កាន់តែតានតឹង បន្ថែមទៀតបន្ទាប់ពីដាក់ទណ្ឌកម្មថ្មី៕