ប្រទេសចិនកំពុងជំរុញឱ្យប្រជាជនរបស់ខ្លួនពាក់ម៉ាស់ និងស្រោមដៃនៅពេលបើកប្រអប់សំបុត្រ ជាពិសេសសំបុត្រផ្ញើរមកពីបរទេសបន្ទាប់ពីអាជ្ញាធរបានលើកលឡើងថាករណីដំបូងនៃមេរោគបំប្លែងថ្មីអូមីក្រុនដែលបានរកឃើញនៅទីក្រុងប៉េកាំងអាចចូលមកដល់តាមរយៈកញ្ចប់អីវ៉ាន់ពីប្រទេសកាណាដា។នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានបារាំងAFP ចេញផ្សាយកាលពីថ្ងៃអង្គារទី ១៨ មករា ឆ្នាំ២០២២។អាជ្ញាធរបានប្តេជ្ញាថានឹងបង្កើនការសម្លាប់មេរោគទៅលើសំបុត្រមកពីបរទេសនិងទទូចអោយបុគ្គលិកប្រៃសណីយ៍ដែលគ្រប់គ្រងវាត្រូវបានចាក់វ៉ាក់សាំងពេញលេញ។ការប្រុងប្រយ័ត្ននេះបានកើតឡើងតិចជាងបីសប្តាហ៍មុនពេលបើកការប្រកួតកីឡាអូឡាំពិករដូវរងា ខណៈទីក្រុងជាច្រើនកំពុងធ្វើការទប់ស្កាត់ការរីករាលដាលមេរោគបំប្លែងថ្មី។
ទូរទស្សន៍រដ្ឋCCTVបាននិយាយកាលពីល្ងាចថ្ងៃច័ន្ទ ថា យើងត្រូវតែកាត់បន្ថយការទិញទំនិញ ឬទទួលសំបុត្រពីបរទេស។ដើម្បីអោយប្រាកដការការពារខ្លួនរបស់អ្នកក្នុងអំឡុងពេលប្រគល់ទំនិញទល់មុខគ្នា ជាមួយនឹងការពាក់ម៉ាសនិងស្រោមដៃអ្នកត្រូវតែព្យាយាមបើកកញ្ចប់នៅខាងក្រៅជៀសវាងការបើកក្នុងបន្ទប់។មន្ត្រីសុខាភិបាលបាននិយាយថា អ្នកដែលបានរកឃើញឆ្លងមេរោគ បំប្លែងថ្មីអូមីក្រុនដំបូងបានបើកកញ្ចប់មួយពីប្រទេសកាណាដា ដែលបានឆ្លងកាត់សហរដ្ឋអាមេរិក និងហុងកុង ហើយការឆ្លងតាមរយៈកញ្ចប់នេះ មិនអាចបដិសេធបានទេ។
គួររំឭកថាប្រទេសចិនតែងតែអះអាងថាកូវីដ-១៩ អាចឆ្លងតាមរយៈការនាំចូលខ្សែសង្វាក់ត្រជាក់ ដូចជាសាច់ និងត្រីក្លាសេបើទោះបីជាអង្គការសុខភាពពិភពលោកបានបង្ហាញថាវាមានហានិភ័យទាបក៏ដោយ។ ចិនតែងតែអះអាងតាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា មេរោគនេះមាននៅក្រៅប្រទេស មុនពេលវាត្រូវបានរកឃើញនៅចុងឆ្នាំ២០១៩ នៅទីក្រុងវូហាន៕