ភ្នំពេញ៖ការបន្ដកុងត្រាថែមទៀតរបស់មាស សុខសោភា នៅរាម បានធ្វើឲ្យផលិតកម្មធំ៣ដែលរងចាំបានដកខ្លួនចេញអស់ទៅវិញអស់ព្រមគ្នាតែម្ដង ខណៈដែលឱកាសសុខសោភា ទៅចូលរួមជាមួយហង្សមាសហាក់ស្ដួចស្ដើងនិងកាន់តែរួមតូចទៅៗបើទោះជាឲ្យតែនាងព្រមទៅដល់ភ្លាមនឹងបានឡើងទៅអង្គុយនៅតំណែងធំធ្វើជាគ្រូងង្វឹក(Coach )និងគណៈកម្មាការកម្មវធីប្រលងចម្រៀងធំដែលជួយឲ្យសោភា កាន់តែល្បីថែមទៀតក្ដី តែអតីតតារាថោនរូបនេះមិនចាប់អារម្មណ៍ឡើយ។សុខសោភា ធ្លាប់ឆ្លើយសំណួររបស់អ្នកយកព័តមានយើងពាក់ព័ន្ធការធ្វើជាCoach ឬគណៈកម្មាការនៅហង្សមាសព្រោះបើនាងទៅដឹងតែបានដោយស្វ័យប្រវត្តិនោះដោយនាងតបថាអត់ដែលគិតរឿងនោះទេ ព្រោះគេធ្វើមុនអស់ទៅហើយ…។អ្វីដែលគូរឲ្យចាប់អារម្មណ៍ថែមទៀតការដែលសុខសោភា នឹងមិនអាចចូលហង្សមាសនៅថ្ងៃណាមួយនោះគឺកំពូលតារាចម្រៀងព្រាប សុវត្ថិ ដែលមហាជនធ្លាប់គិតថាជាដៃគូដ៍សាកសមបំផុតរបស់នាងនោះក៍បានដើរចោលហង្សមាសទៅហើយដែរ ហេតុនេះហើយនាងអាចគេចពីផលិតកម្មធំមួយនេះជារៀងរហូត។
មាស សុខសោភា ធ្លាប់ប្រាបថាសម័យនេះទៅហើយទោះជាច្រៀងគ្មានផលិតកម្មក៍តារានៅតែអាចល្បីបានដែរ។នាងថាចង់ទៅទីណាដែលមានសិទ្ធិសេរីភាពច្រៀងដោយគ្មានកុងត្រា តែពេលខ្លះក៍អាចកុងត្រាបានដែរព្រោះធ្វើទៅតាមកាលៈទេសៈ ព្រោះមុនចូលរាមអាជីពចម្រៀងរបស់នាងធ្លាប់កុងត្រាតែម្ដងគត់នោះគឺការច្រៀងនៅសាន់ដេដែលមានរយៈពេល១ឆ្នាំគឺកាលពីឆ្នាំ២០១០-២០១១ ក្រៅពីនេះនាងមិនធ្លាប់ច្រៀងកុងត្រាជាមួយផលិតកម្មណាទាំងអស់។
មាស សុខសោភា បានតាំងចិត្តថានៅឆ្នាំ២០២២ នេះនាងនឹងបញ្ចេញឲ្យអស់ស្នៀតទាំងឡាយដែលមិនធ្លាប់មានពីមុនមកតាមរយៈការឈជើងនៅរាម ។ការប្រកាសបែបនេះធ្វើឲ្យផលិតកម្ម៣ដែលចាំត្រងយកនាងក្នុងនោះមានដូចជាហង្សមាស,Galaxy និងថោន ត្រូវដកខ្លួនថយទៅវិញព្រោះពេលនេះសោភា កាន់តែលូកដៃជ្រៅរកស៊ីធំជាមួយថៅកែផលិតកម្មរបស់ខ្លួនដោយមិនអាចរើរខ្លួនចេញរួចឡើយ។តែសោភា ធ្លាប់ប្រាប់ថាហង្សមាសពិតជាធ្លាប់ទាក់ទងនាងមែន ប៉ុន្ដែGalaxy មិនដែលមានទំនាក់ទំនងគ្នានោះទេ ខណៈដែលនាងគ្មានគម្រោងទៅថោន វិញនោះឡើយបើទោះជាម្ចាស់ផលិតកម្មនៅតែស្វាគមន៍នាងក្ដី តែនាងថារយៈពេល៩ឆ្នាំកន្លងមកគ្រប់គ្រាន់ហើយសម្រាប់រូបនាង។
អ្នកជំនាញសិល្បៈបានលើកឡើងថាបើតារាចម្រៀងមាស សុខសោភា ចុះកុងត្រាមិនលើសពី១ឆ្នាំនោះ បើនាងនៅរាម អាជីពចម្រៀងមិនខ្លាំងដូចមុនអីចឹងនៅឆ្នាំ២០២៣ នៅតែអាចផ្លាស់ប្ដូរផលិតកម្មបាន។ប៉ុន្ដែការចូលហង្សមាសរបស់សោភា ពិតជាកាន់តែខើចមែនព្រោះទី១៖នៅទីនោះមានតួឯកហើយគឺឱក សុគន្ធកញ្ញា,ទី២៖ព្រាប សុវត្ថិ មិននៅនិងទី៣៖ហង្សមាសធ្លាប់បដិសេធផ្ដល់តំណែងឲ្យបងប្រុសនាងធ្វើការងារធំនៅទីនោះហេតុនេះហើយសោភា មិនចង់ទៅហង្សមាសនោះទេ។ប៉ុន្ដែបើព្រាប សុវត្ថិ នៅតែខ្លាំងសោភា អាចនឹងទៅGalaxy នៅពេលខាងមុខជាមិនខាន បើទោះជាពេលនេះគ្រប់គ្នាមើលឃើញថាសោភា ចាប់ដៃរកស៊ីធំជាមួយថៅកែរាម ធ្វើឲ្យពិបាកប្ដូរផលិតកម្មក្ដី ប៉ុន្ដែការប្រកាសវាយលុកទីផ្សារចម្រៀងឆ្នាំ២០២២ នេះគឺនាងរំពឹងថានឹងអាចធ្វើព្យុះភ្លៀងក្នុងទីផ្សារចម្រៀងសារជាថ្មី តែបើទៅមិនរួចនៅតែទ្រឹងនោះគឺគេមិនអាចនៅទីនោះបានយូរហូតបណ្ដោយឲ្យទាល់តែធ្លាក់នោះទេ គឺគេទៅរកកន្លែងដែលមានធនធានមនុស្សហើយ។
មាស សុខសោភា បានវិវត្តន៍ខ្លួននៅរដូវកូវីដនេះទៅជាថៅកែស្រីហាង២ផ្សេងគ្នាគឺហាងលក់ផលិតផល និងកាហ្វេ ហើយពេលនេះនាងឈានមួយជំហ៊ានទៀតតាមរយៈការរកស៊ីផ្នែកអចលនទ្រព្យធ្វើឲ្យដំណឹងនាងចង់ដឹកដៃប្ដីចេញទៅរស់នៅកាណាដាតាំងពីឆ្នាំ២០១១ នោះស្ងាត់ឈឹងតែម្ដង។ អ្វីដែលធ្វើឲ្យមហាជនច្របូកច្របល់និងឈឺក្បាលកាន់តែខ្លាំងនោះគឺមាស សុខសោភា ដែលទើបធ្លាយរូបថតរៀបការដូចសែនព្រេនក្នុងថ្ងៃខួបស្នេហ៍១២ឆ្នាំកាលពីថ្ងៃទី២៨ខែធ្នូឆ្នាំ២០០៩ នោះស្រាប់តែឥឡូវនាងនៅតែហៅយុវជនម្នាក់ឈ្មោះBovee Hundly អាយុ១៤ឆ្នាំនោះថាជាកូនរបស់ខ្លួនបើទោះជាមានគេអះអាងថាក្មេងនោះជាក្មួយនាងក្ដី។អ្នកគាំទ្រសោភា ចាប់ផ្ដើមធុញទ្រាន់ព្រោះសោភា ទើបរៀបការ១២ឆ្នាំ ម៉េចបានមានកូនដល់ទៅ១៤ឆ្នាំបែបនេះទៅវិញ?តែសោភា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថានៅពេលដែលនាងមានអាយុកាន់តែច្រើនបែបនេះពិតជាបារម្ភរឿងពិបាកយកកូន៕