ភ្នំពេញ៖ទឹម ដ្ឋា បានប្រាប់”នគរធំ”តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២៤ខែមករា ថានាងពិតជារៀបការនៅខែមីនាឆ្នាំ២០២២ ខាងមុខនេះមែន។យ៉ាងណាស្រីស្រស់រដ្ឋា ថាកម្មវិធីពិសេសរបស់នាងធ្វើនៅទីណា នៅថ្ងៃណានោះនាងមិនទាន់អាចប្រាប់បាននៅពេលនេះទេគឺរងចាំឲ្យដល់កៀកថ្ងៃបន្ដិចសិនព្រោះចង់ឲ្យSurprise ។តែរដ្ឋា ថាពិធីមង្គលការរបស់នាងគឺធ្វើចំថ្ងៃខួបស្នេហ៍គម្រប់៦ឆ្នាំរបស់នាងតែម្ដងឬអាចនិយាយបានថានៅចុងខែ៣ ហើយពិធីនោះនាងធ្វើកម្មវិធីជប់លៀងចំនួន៨០តុ ដែលក្នុងនោះនាងហៅភ្ញៀវតារារួមអាជីពចំនួន៥០%, ភ្ញៀវខាងក្រៅ៥០% ខណៈដែលភ្ញៀវខាងអនាគតស្វាមីរបស់នាងមានដល់ទៅចំនួនខ្ទង់៤០០នាក់ឯណ្ណោះដែលសុទ្ធសឹងតែជាអ្នកជំនួញ។តារាសម្ដែងខ្ពស់ស្រឡះនិងជាអ្នកបង្ហាញម៉ូដដ៍លេចធ្លោម្នាក់រូបនេះថាពិធីអាពាហ៍ពិពាហ៍របស់នាងនៅខ្មែរនេះក៍មានការចូលរួមពីសាច់ញាត្តិខាងប្រុសមកពីអាមេរិកខ្លះៗដែរ ហើយនាងក៍គ្រោងរៀបការជាលើកទី២នៅពេលខាងមុខដែលនឹងធ្វើនៅអាមេរិកព្រោះទីនោះមានសាច់ញាត្តិគូស្នេហ៍ច្រើនមិនអាចមកចូលរួមមង្គលការនាងលើកទី១បាន។
ទឹម រដ្ឋា បានភ្ជាប់ស្នេហ៍ជាមួយលោកJovany Antonio ដែលជាបុរសអាមេរិកកាត់អេស្បាញ និងជាអ្នកជំនួញផ្នែកអចលនទ្រព្យកាលពីឆ្នាំ២០១៦ ហើយកន្លងមកនាងក៍ធ្លាប់ចេញទៅលេងខាងសាច់ញាត្តិរបស់គ្រួសារខាងប្រុសផងដែរទើបការស្វែងយល់ចិត្តគ្នាអស់រយៈពេល៧២ខែមកនេះនាងក៍សម្រេចចិត្តដឹកដៃគូស្នេហ៍ចូលរោងការតែម្ដង។រដ្ឋា បន្ថែមថាមូលហេតុដែលនាងត្រូវរៀបការនៅឆ្នាំ២០២២ នេះគឺដោយសារតែទី១៖អាយុរបស់នាងនិងគូស្នេហ៍ក៍ច្រើនដែរហើយអីចឹងដល់ពេលត្រូវយកកូនចៅ,និងទី២៖គឺដល់ថ្ងៃខួបស្នេហ៍គម្រប់៦ឆ្នាំ អីចឹងធ្វើពិធីពិសេសដែលនាងទន្ទឹងរងចាំជាយូមកហើយនេះតែម្ដងទៅ។យ៉ាងណាអ្នកសម្ដែងទឹម រដ្ឋា ថាក្រោយមានស្វាមីស្របច្បាប់ហើយអនាគតស្វាមីរបស់នាងនៅតែអនុញ្ញាត្តិឲ្យនាងបន្ដអាជីពសិល្បៈជាធម្មតាដូចមុនព្រោះ តាំងពីនាងនិងសង្សារចាប់ដៃគ្នាមកលោកមិនដែលហាមឃាត់ឬហួងហែងនាងក្នុងអាជីពមួយនេះទេ។ចំណែករូបនាងវិញឈានមកដល់ចំណុចនេះគឺដោយសាតែសិល្បៈនេះឯង ហេតុនេះហើយការមានប្ដីមិនធ្វើឲ្យនាងបញ្ឈប់ការងារដែលនាងស្រលាញ់នេះបានត្រឹមពេលនេះទេ។ប៉ុន្ដែក្រោយមានស្វាមីនាងអាចឈានទៅរកស៊ីផ្នែកអចលនទ្រព្យមួយទៀតជាមួយស្វាមីឲ្យដើរទន្ទឹមគ្នានិងការងារសិល្បៈតែម្ដង។
តារាសម្ដែងទឹម រដ្ឋា បានឲ្យដឹងដែរថាការធ្វើពិធីជប់លៀងចំនួន៨០តុ នោះគឺនាងបង្រួបមកតូចល្មមមិនហ៊ានឲ្យធំដុំពេកទេ ព្រោះនៅតែមានការប្រុងប្រយ័ត្នរឿងកូវីដ ហេតុនេះហើយថ្ងៃពិសេសរបស់នាងបំផុតនោះប្រាកដជាធ្វើទៅដោយរលូនតាមគម្រោងដែលនាងចង់បាន។តែចំពោះរឿងដែលនាងមិនអាចប្រាប់ទីតាំងនិងថ្ងៃរៀបការបាននៅពេលនេះគ្មានអ្វីជាអាថ័កំបាំងនោះទេ គឺគ្រាន់តែនាងធ្វើតាមម្ចាស់ទីតាំងគេចង់ឲ្យលាក់សិនប៉ុណ្ណោះ។
ថ្វីត្បិតតែទឹម រដ្ឋា ថាមិនទាន់ឲ្យគេដឹងថារៀបការថ្ងៃណាមែន ប៉ុន្ដែគេចាំបានថាគូស្នេហ៍របស់នាងលោកJovany Antonio ធ្លាប់បានបំពាក់ជញ្ជៀនសុំនាងរៀបការកាលពីថ្ងៃទី២៨ខែមីនាឆ្នាំ២០២១ ដែលពេលនោះធ្វើឲ្យរដ្ឋា រំភើបរហូតស្រក់ទឹកភ្នែកទៀតផងហេតុនេះហើយគេជឿរថានាងអាចនឹងជ្រើសយកថ្ងៃនោះមកធ្វើពិធីអាពាហ៍ពិពាហ៍ជាមិនខានដែលក្រោយបញ្ចប់ភាពនៅលីវនេះតារារូបស្រស់នឹងក្លាយទៅជាអ្នកជំនួញម្នាក់ដែលមានស្វាមីនៅក្រោយខ្នង។
ក្រៅពីទឹម រដ្ឋា តារាដែលបានជ្រើសគូស្នេហ៍ជាបុរសបរទេសមានដូចជាកែវ ស្រីនាង,ហ៊ាប រ៉ាឌី ,ផូ មុនីពៅ ,ខៀវ សានសាណា ,អឿន ដាលីស និងស៊ូ អេណា ជាដើម៕