កំពង់ចាម៖តារាចម្រៀងខេម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ បានធ្វើបុណ្យគម្រប់ខួប៣ឆ្នាំឲ្យប្អូនស្រីរបស់លោកកាលពីថ្ងៃទី២៤ខែមករា ឆ្នាំ២០២២ នៅស្រុកកំណើតភូមិតាម៉ូត ឃុំគ ស្រុកព្រៃឈ ខេត្តកំពង់ចាមដោយគេឃើញមានតារាសិល្បៈមួយចំនួនដែលជិតដិតលោកក៍បានចូលរួមផងដែរ។អ្វីដែលគូរឲ្យកត់សម្គាល់នោះលោកប៊ុនថៃ បានបញ្ចេញសារនៅលើហ្វេសបុករបស់លោកនៅថ្ងៃបុណ្យខួបប្អូនស្រីនោះថា”បុណ្យខួប៣ឆ្នាំរបស់ប្អូនស្រីខេមរៈ ស្រីពៅ សូមកុសលផលបុណ្យបានប្អូនកុំបីខានឡើយ,យប់នេះដឹងតែសប្បាយហើយ មានល្ខោនផង មានចាប៉ីផង មានតន្រ្ដីផង”។
ក្រោយលោកខេម ប៊ុនថៃ បញ្ចេញសារបែបនេះស្រាប់តែមានទស្សនិកជនជាច្រើនបានចូលទៅខមិនដោយក្នុងនោះក៍មានអ្នកខ្លះមិនយល់ស្របទៅនិងលោកប៊ុនថៃ ដែលថាថ្ងៃបុណ្យខួបប្អូនស្រីដឹងតែសប្បាយព្រោះមានការប្រគុំតន្រ្ដីនោះដែរ។ហ្វេសបុក ហម ស្រុន បានបញ្ចេញយោបល់ថា”សភាពវិញ្ញាណមនុស្សសព្វថ្ងៃឡប់រហូតដល់យើងគិតមិនដល់ថាអាចនិយាយពាក្យអីចឹងមកបាន។ថ្ងៃបុណ្យខួបប្អូនស្រីស្លាប់ គឺជាថ្ងៃបែកប្អូន លែងបានជួបមុខប្អូន លែងបាននិយាយជាមួយប្អូនជារៀងរហូតហើយ គឺជាថ្ងៃដែលឈឺចាប់ណាស់ តែដោយសារតែខ្សែវិញ្ញាណវិប្បយុតិ្ត ទៅជានិយាយថាថ្ងៃដែលសប្បាយទៅវិញ ហ៊ឹម…ឱសត្វលោកអើយ”។ហ្វេសបុកSrey Leak ខមិនថា”ថ្ងៃយំ បាត់បង់ប្អូនស្រី ជាថ្ងៃសប្បាយមានល្ខោនផង ចាប៉ីផង តន្រ្ដីផង សម្រាប់អបអរទៅវិញ”។ហ្វេសបុកVun Nivit ខមិនថា”បុណ្យខួបប្អូនស្លាប់ តែពូថាយប់នេះនឹងសប្បាយ”។ហ្វេស បុក ឈ្មោះOun Mach ខមិនថា”វិញ្ញាណវិប្បយុត្តិ ឡប់សុទ្ធ ,វាគ្មានអារម្មណ៍ឈឺចាប់ នៃការបាត់បង់ប្អូនស្រីអីបន្ដិចសោះ ព្រោះអារម្មណ៍បានធ្វើពិធីដើម្បីសប្បាយ យ៉ាប់ណាស់ នេះហើយលទ្ធផលជាហ្រ្វេនគោ មីងមាំង ហៅគោ ឡប់”។ហ្វេសបុក ឈ្មោះReak Etihad ខមិនថា”គម្រប់ខួប៣ឆ្នាំអីចឹង ប្រគុំតន្រ្ដីឲ្យអធិកអធមទៅបងសប្បាយៗ”។ហ្វេសបុកឈ្មោះKhun Sombath ថា”បុណ្យខួបប្អូនស្រីស្លាប់ ម៉េចទៅជាសប្បាយៗវិញ”។ហ្វេសបុកឈ្មោះNemo Bebo ខមិនថា”សូមវិញ្ញាណក្ខន្ដបងខេមរៈ ស្រីពៅ ទៅសប្បាយចុះបងខេមរៈ សិរីមន្ដ”។នៅមានហ្វេសបុកជាច្រើនទៀតបានចូលខមិនគាំទ្រ និងរិះគន់ចំពោះសាររបស់លោកខេម ប៊ុនថៃ នេះព្រមគ្នាតែម្ដង ខណៈដែលតារាចម្រៀងហង្សមាសរូបនេះក៍មិនបានលុបសារដែលខ្លួនបានបង្ហោះនោះដែរ។
លោកអែម អេន អាយុអាយុ៧៦ឆ្នាំដែលជាអាចារ្យនៅវត្តព្រែកដូង ស្រុកកៀនស្វាយ ខេត្តកណ្ដាលបានប្រាប់”នគរធំ”កាលពីថ្ងៃទី២៥ខែមករា ថាការដាក់តន្រ្ដី ,ចាប៉ីដងវែង ឬរបាំ ក្នុងកម្មវិធីបុណ្យខួបគម្រប់៣ឆ្នាំនោះគឺអត់មានបញ្ហារ និយាយទៅចាប់ពី១ឆ្នាំឡើងទៅគឺមិនអីទេ កុំឲ្យតែបុណ្យខួបគម្រប់៧ថ្ងៃ ឬ១០០ថ្ងៃ បើធ្វើកម្មវិធីសប្បាយអត់បានទេ។លោកតាអាចារ្យ បន្ថែមថាការរៀបចំពិធីសប្បាយបើក្រោម១០០ថ្ងៃមិនអាចធ្វើបានឡើយ ព្រោះយើងស្ថិតក្នុងតំណាក់កាលកំពុងតែកាន់ទុក្ខ អីចឹងមិនអាចដាក់តន្រ្ដីអីបានទេ ។លោកតាអាចារ្យអះអាងថែមទៀតថាយើងជាអ្នកកាន់ព្រះពុទ្ធសាសនាអីចឹងបើបុណ្យក្រោម១០០ថ្ងៃយករបាំ,ល្បែងមកដាក់មិនសមភ្នែកញាត្តិទេ។
គូរបញ្ជាក់ថាខេមរៈ ស្រីពៅ ដែលជាប្អូនពៅរបស់ខេម ប៊ុនថៃ នោះបានលាចាកលោកនៅថ្ងៃទី២៥ខែមករាឆ្នាំ២០១៩ ក្នុងអាយុ២៨ឆ្នាំនៅប្រទេសឥណ្ឌាដែលធ្វើឲ្យលោកប៊ុនថៃ សោកស្ដាយនិងស្រណោះចំពោះការបាត់បង់ស្រីពៅ នេះគ្មានអ្វីអាចប្រៀបធៀបបានឡើយ។លោកប៊ុនថៃ ថែមទាំងបានធ្វើរូបសំណាកខេមរៈ ស្រីពៅ នៅស្រុកកំណើតរបស់លោកទៀតផង ខណៈដែលនៅថ្ងៃបុណ្យសពប្អូនស្រីគម្រប់៣ឆ្នាំអ្នកចម្រៀងហង្សមាសរូបនេះក៍បានអះអាងថាមរណភាពរបស់ស្រីពៅ ដោយសារតែនាងប្រើប្រាស់ថ្នាំខុសពោលគឺលេបថ្នាំផ្សំច្រើនពេកធ្វើឲ្យប៉ៈពាល់ដល់សុខភាពរហូតលោកត្រូវបង្ខំចិត្តយកប្អូនទៅព្យាបាលនៅថៃ៤ទៅ៥ឆ្នាំទើបបញ្ជួនទៅពេទ្យឥណ្ឌាដើម្បីប្ដូរក្រលៀន តែយឺតពេលទៅហើយទើបបណ្ដាលឲ្យលោកត្រូវបាត់បង់ប្អូនស្រីជាទីស្រលាញ់បែបនេះ។លោកប៊ុនថៃ ថាអ្វីដែលលោកស្រណោះប្អូនបំផុតនោះគឺមុនពេលនាងស្លាប់ឲ្យតែលោកជួបនាងស្រីពៅ ថានាងចង់រស់ ហេតុនេះហើយទើបលោកប្រឹងប្រែងយកនាងទៅព្យាបាលនៅពេទ្យបរទេសជាច្រើនឆ្នាំ ប៉ុន្ដែនៅតែមិនអាចជួយនាងបាន៕