យោងតាមប្រភព័ត៌មានប៊ីប៊ីស៊ីចេញផ្សាយកាលពីថ្ងៃពុធទី ២៦ មករា ២០២២ បានអោយដឹងថា ប្រធានាធិបតីអាមេរិក លោកចូ បៃឌិនបាននិយាយថាលោកកំពុងពិចារណាដាក់ទណ្ឌកម្មប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាលឌីមៀ ពូទីន ដោយផ្ទាល់ប្រសិនបើទីក្រុងមូស្គូ ជ្រើសរើសយកការវាយប្រហារទៅលើប្រទេសអ៊ុយក្រែន។
ឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មានកាលពីថ្ងៃអង្គារទាក់ទងទៅនឹងការដាក់ទណ្ឌកម្មលើបុគ្គលជាពិសេសលោកពូទីន លោក បៃឌិន បានឆ្លើយថា ខ្ញុំកំពុងពិចារណាលើបញ្ហានេះក្នុងករណីមានការឈ្លានពាន។ការព្រមានរបស់រដ្ឋបាលអាមេរិក បែបនេះវាមិនមែនជារឿងថ្មីទេ ។កន្លងមកអាមេរិកបានដាក់ទណ្ឌកម្មលើមេដឹកនាំបរទេស រួមទាំងប្រធានាធិបតីស៊ីរី លោកអាសាដ លោក ម៉ាឌូរ៉ូ របស់ប្រទេសវេណេស៊ុយអេឡា និងអតីតមេដឹកនាំលីប៊ី លោក Muammar Gaddafi។
លោកបៃឌិន បានបន្ថែមថា លោកនឹងមានកាតព្វកិច្ចពង្រឹងវត្តមានរបស់ណាតូនៅអឺរ៉ុបខាងកើត ប្រសិនបើរុស្ស៊ីឈ្លានពានប៉ុន្តែលោកបាននិយាយម្តងទៀតថា គ្មានគម្រោងបញ្ជូនទាហានអាមេរិកទៅអ៊ុយក្រែននោះទេ៕