អនុប្រធានាធិបតីអាមេរិកលោកស្រី កាម៉ាឡា ហារីស និងលោក William Lai អនុប្រធានកោះតៃវ៉ាន់បានជួបសន្ទនាគ្នាខ្លីមួយ កាលពីថ្ងៃព្រហស្បតិ៍ក្នុងពិធីសម្ពោធចូលកាន់តំណែងប្រធានាធិបតីហុងឌូរ៉ាសថ្មីលោក ស្រី Xiomara Catro ដែលជាការ ជួបគ្នាដ៏កម្រមួយធ្វើឱ្យទីក្រុងប៉េកាំង ដែលចាត់ទុកតៃវ៉ាន់ជាទឹកដីរបស់ខ្លួន ខឹងសម្បានិងបន្ថែមភាពតានតឹងជាមួយក្រុង វ៉ាស៊ីនតោន។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃសុក្រទី ២៨ មករា ២០២២។ទោះបីជំនួបនេះមិនបាននិយាយពីបញ្ហាចិន ក៏ភាគីទាំងពីរនេះនៅតែមិនអាចគេចផុតពីការរិះគន់របស់ចិនបានដែរ។ប្រទេសចិនបានបង្កើនសម្ពាធដើម្បីកាត់បន្ថយការបោះជំហានអន្តរជាតិរបស់តៃវ៉ាន់ដោយនិយាយថាកោះដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យគឺជាទឹកដីរបស់ចិនដែលគ្មានសិទ្ធិក្នុងទំនាក់ទំនងរដ្ឋនិងរដ្ឋផ្សេងទេ។
អនុប្រធានាធិបតីអាមេរិកលោកស្រីកាម៉ាឡា ហារីសបាននិយាយថាលោកស្រីបានជួប សន្ទនាជាមួយសមភាគីតៃវ៉ាន់គឺលោក WilliamLai នៅប្រទេសហុងឌូរ៉ាសអំពីចំណាប់អារម្មណ៍រួមគ្នារបស់នៅអាមេរិកកណ្តាល និងយុទ្ធសាស្ត្រ ក្នុងការទប់ស្កាត់ការ ធ្វើចំណាកស្រុក។
លោកស្រីបានប្រាប់អ្នកយកព័ត៌មានថា ការសន្ទនាខ្លីៗដែលយើងបាននិយាយគឺអំពីផលប្រយោជន៍រួមនៅក្នុងផ្នែកនៃតំបន់នេះ ។ហុងឌូរ៉ាស គឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន 14 ដែលនៅតែទទួលស្គាល់តៃវ៉ាន់ជាផ្លូវការ។ប្រទេសចិនកាលពីខែមុនបានបង្កើតទំនាក់ទំនងឡើងវិញជាមួយប្រទេសនីការ៉ាហ្គា ដែលជាអ្នកជិតខាងរបស់ហុងឌូរ៉ាសបាន និយាយដោយបើកចំហថាខ្លួនមានបំណងកាត់បន្ថយចំនួនសម្ព័ន្ធមិត្តការទូតរបស់តៃវ៉ាន់ឱ្យនៅត្រឹមសូន្យ៕