ដោយលើកឡើងពីរបាយការណ៍នៃសព្វាវុធដែលរុស្ស៊ីរងការចោទចោទប្រកាន់ថាបានប្រមូលផ្តុំនៅព្រំដែនអ៊ុយក្រែន ប្រធានអគ្គសេនាធិការចម្រុះឧត្តមសេនីយ Mark Milley បាននិយាយថាប្រសិនបើការឈ្លានពានរបស់រុស្ស៊ីកើតឡើងមែននោះវានឹងនាំឲ្យមានចំនួនអ្នកស្លាប់និងរបួសច្រើន។ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅមន្ទីរបញ្ចកោណកាលពីថ្ងៃសុក្រថាលោក Milley បានបញ្ជាក់ថា ដោយគិតពីប្រភេទនៃកងកម្លាំងនិងសព្វាវុធដែលរុស្ស៊ីបានដាក់ពង្រាយ រួមទាំងកងកម្លាំងសមយុទ្ធជើងគោក កាំភ្លើងធំ កាំជ្រួចផ្លោង កងកម្លាំងអាកាស វាមិនមែនជារឿងតូចតាចនោះទេ ហើយវាអាចបង្កវិនាសកម្មធ្ង ន់ណាស់ ។
រដ្ឋមន្រ្តីការពារជាតិអាមេរិកជឿថារុស្ស៊ីមានសមត្ថភាពវាយអុយក្រែន
ជាមួយគ្នានេះដែរលោក Lloyd Austin រដ្ឋមន្ត្រីក្រសួងការពារជាតិ បានប្រាប់អ្នកយកព័ត៌មានថា ខណៈពេលដែលយើងមិនជឿថាលោកប្រធានាធិបតី ពូទីន បានធ្វើការសម្រេចចិត្តចុងក្រោយក្នុងការប្រើប្រាស់កងកម្លាំងទាំងនេះប្រឆាំងនឹងអ៊ុយក្រែនឥឡូវនេះគាត់ច្បាស់ជាមានសមត្ថភាពធ្វើវាបាន។លោកបានបន្ថែមថាមានជម្រើសជាច្រើនដែលរុស្ស៊ីអាចធ្វើមកលើអ៊ុយក្រែន រួមទាំងការរឹបអូសយកទីក្រុង និងទឹកដីសំខាន់ៗ ប៉ុន្តែក៏មានសកម្មភាពបង្ខិតបង្ខំនិងសកម្មភាពនយោបាយបង្កហេតុដូចជាការទទួលស្គាល់ទឹកដីដែលបំបែកចេញ។
ការលើកឡើងរបស់លោកAustin ចំពេលមានភាពផុយស្រួយការទូត រុស្ស៊ី-អាមេរិក នៅក្នុងការប្រឈមមុខគ្នារវាងប្លុកខាងកើត-និងខាងលិចកាន់តែទូលំទូលាយជុំវិញបញ្ហាអ៊ុយក្រែន។ ទីក្រុងមូស្គូបានទាមទារឱ្យណាតូដកទ័ព និងសព្វាវុធចេញពីអឺរ៉ុបខាងកើតនិងរារាំងអ៊ុយក្រែនមិនឱ្យចូលរួមជាមួយសម្ព័ន្ធមិត្តយោធា។
រុស្ស៊ីបញ្ជូនការផ្គត់ផ្គង់ឈាមនៅជិតព្រំដែនអ៊ុយក្រែន
យោងតាមប្រភពព័ត៌មានរ៉យទ័រដកស្រង់សម្តីមន្ត្រី អាមេរិកបីនាក់ បានអោយដឹងថា រុស្ស៊ីកំពុងបញ្ជូនការផ្គត់ផ្គង់ឈាមនិងសម្ភារៈពេទ្យផ្សេងទៀតនៅជិតអ៊ុយក្រែនដែលសូចនាករជាក់ស្តែងមួយដែលបង្ហាញថាទីក្រុងម៉ូស្គូបានត្រៀមខ្លួនរួចជាស្រេចដើម្បីបើកការឈ្លានពាន។សារព័រមានរ៉យទ័របានចង្អុលបង្ហាញថាការបង្ហាញការផ្គត់ផ្គង់ឈាមដែលរាយការណ៍ដោយមន្រ្តីអាមេរិកមិនបញ្ចេញអត្តសញ្ញាណវាគឺជាការបន្ថែមបរិបទថ្មីមួយផ្សេងទៀតចំពោះការព្រមានរបស់សហរដ្ឋអាមេរិកដែលថារុស្ស៊ីកំពុងរៀបចំសម្រាប់ការលុកលុយថ្មីទៅលើប្រទេសអ៊ុយក្រែន។ការផ្គត់ផ្គង់ឈាមមានអាយុកាលខ្លី ជាធម្មតាប្រហែល 14 ថ្ងៃពេលដាក់នៅក្នុងទូរទឹកកក។មន្ត្រីពីរនាក់ដែលត្រូវបានដកស្រង់នៅក្នុងរបាយការណ៍បានប្រាប់រ៉យទ័រថាការផ្គត់ផ្គង់ឈាមត្រូវបានដឹកជញ្ជូន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះប៉ុន្តែមិនបានផ្តល់ពេលវេលាជាក់លាក់ទេ។
ប្រធានាធិបតីអ៊ុយក្រែនប្រាប់មេដឹកនាំពិភពកុំស្លន់ស្លោរឿងសង្គ្រាម
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយកាលពីថ្ងៃសុក្រថាមេដឹកនាំពិភពលោក បាននិងកំពុងនិយាយហួសហេតុអំពីលទ្ធភាពនៃសង្រ្គាមរវាងប្រទេសរបស់លោក និងរុស្ស៊ី ដែលបង្កឱ្យមាន ការភ័យស្លន់ស្លោ និងអស្ថិរភាពសេដ្ឋកិច្ចរបស់ទីក្រុងគៀវ។ថ្លែងទៅកាន់អ្នកសារព័ត៌មានបរទេសកាលពីថ្ងៃសុក្រ លោក Zelenskyបាននិយាយថា៖’’ខ្ញុំបានពន្យល់នៅក្នុងការហៅទូរស័ព្ទទៅកាន់មេដឹកនាំពិភពលោកដូចជាប្រធានាធិបតីសហរដ្ឋអាមេរិកលោកចូ បៃឌិននិងប្រធានាធិបតីបារាំងលោក អ៊ីម៉ានូអ៊ែលម៉ាក្រុនថាទោះបីជាការគំរាមកំហែងពីវិមានក្រឹមឡាំងដែលជិតមកដល់និងមានជាប្រចាំ ប្រជាជនអ៊ុយក្រែនបាន រៀនរស់នៅជាមួយវាចាប់តាំងពី ទីក្រុងមូស្គូបានលុកលុយក្នុងឆ្នាំ ២០១៤ ។Zelensky បាននិយាយថាពួកគេកំពុងនិយាយថាថ្ងៃស្អែកគឺជាសង្រ្គាម។ នេះមានន័យថាការភ័យស្លន់ស្លោ។
លោក Zelensky បានបន្តទៀតថាខ្ញុំជាប្រធានាធិបតីអ៊ុយក្រែន ខ្ញុំនៅទីនេះហើយខ្ញុំគិតថាខ្ញុំដឹងព័ត៌មានលម្អិតជ្រៅជាងប្រធានាធិបតីដទៃទៀត។ក្នុងន័យនេះមិនមែនមានន័យថាខ្ញុំកំពុងរិះគន់ ប្រធានាធិបតីអាមេរិកលោក ចូ បៃឌិននោះទេ ។ ខ្ញុំគ្រាន់តែយល់យ៉ាងជ្រាលជ្រៅនូវអ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសរបស់ខ្ញុំដូចដែលគាត់យល់យ៉ាងច្បាស់អំពីអ្វីដែលកំពុងកើតឡើងនៅក្នុងសហរដ្ឋអាមេរិក។Zelensky បានបន្ថែមថា “ខ្ញុំមិនរិះគន់ប្រធានាធិបតី បៃឌិនទេ៕