កណ្ដាល៖រ័ត្ន រចនា ដែលល្បីល្បាញនិងត្រូវបានគេស្គាល់ច្បាស់តាមរយៈការច្រៀងCover បទ”មេម៉ាយសប្បាយចិត្ត”នោះបានផ្អាកពីការច្រៀងសម្ដែងរយៈពេល២សប្ដាហ៍ដើម្បីធ្វើបុណ្យ និងកាន់ទុក្ខដល់ឪពុករបស់នាងលោកខែម វណ្ណា ដែលបានទទួលមរណភាពក្នុងអាយុ៧០ឆ្នាំកាលពីថ្ងៃទី២៣ខែមករា ឆ្នាំ២០២២ ដោយរោគាពាធ នោះពេលនេះនាងថានឹងទទួលការច្រៀងសម្ដែងឡើងវិញដូចធម្មតាហើយ។អតីតតារាGalaxy រូបនេះថានាងបានលុបចោលចំពោះបណ្ដារកម្មវិធីមួយចំនួនដែលគេបានកក់រួចហើយនិងសូមអភ័យទោសចំពោះម្ចាស់កម្មវិធីដែលនាងត្រូវអាកខានព្រោះត្រូវធ្វើបុណ្យនិងគោពវិញ្ញាណក្ខន្ធឪពុករបស់ហើយក្រោយសពឪពុកបានដឹកមកពីបរទេសមកដល់ផ្ទះនិងបូជារួចរាល់កាលពីរាត្រីថ្ងៃទី២ខែកុម្ភៈឆ្នាំ២០២២ នោះនាងនឹងក៍ចាប់ផ្ដើមទទួលការហៅច្រៀងសម្ដែងដូចដើមវិញចាប់ពីថ្ងៃទី៥ខែកុម្ភៈឆ្នាំ២០២០ នេះតទៅហើយ។
រចនា បានឲ្យដឹងទៀតថាដោយសារតែស្ថានភាពកូវីដពេលនេះថយថយខ្លាំងទើបបណ្ដារកម្មវិធីជាច្រើនចាប់តំណើរការឡើងវិញរហូតនៅរដូវក្ដៅនេះមានខែខ្លះនាងត្រូវបានគេកក់ច្រៀងពេញតែម្ដងក៍មានដែរ។យ៉ាងណារចនា ថាទុក្ខសោកនិងការស្ដាយស្រណោះចំពោះការបាត់បង់លោកឪពុកជាទីស្រលាញ់បំផុតរបស់នាងនោះនៅតែដិតដាមជាប់ចិត្តនាងជានិច្ចព្រោះឪពុកនាងប្រកបដោយមេត្ដាធ័មដល់កូនៗគ្រប់រូប។
រ័ត្ន រចនា បានទទួលសាររំលែកទុក្ខពីមិត្តរួមអាជីពជាបន្ដបន្ទាប់ជុំវិញការជួបទុក្ខធំព្រាត់ឪពុកគ្មានថ្ងៃត្រឡប់នេះហើយកាលពីថ្ងៃទី២៩ខែមករា ឆ្នាំ២០២២ នៅថ្ងៃបុណ្យខួបគម្រប់៧ថ្ងៃនិង១០០ថ្ងៃជូនឪពុករបស់នាងនោះគេឃើញអ្នកនាងខាត់ សុឃីម និងស្វាមីលោកអ៊ិន សុបញ្ញា ហៅផាណូ ក៍បានទៅចូលរួមគោរពវិញ្ញាណក្ខន្ធលោកខែម វណ្ណា និងរំលែកទុក្ខសោកតារាចម្រៀងរូបនេះដោយផ្ទាល់នៅគេហដ្ឋានរបស់នាងនៅភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ផងដែរ។
ក្រៅពីរ័ត្ន រចនា ដែលជួបទុក្ខធំបាត់បង់ឪពុកនៅមុនចូលឆ្នាំចិន នេះក៍មានតារាចម្រៀងសុខ សីឡាលីន ត្រូវយំបង្ហូរទឹកភ្នែកជោគថ្ពាល់ដូចនាងដែរព្រោះកាលពីថ្ងៃទី២៨ខែមករា ឪពុករបស់នាងលោកសុខ សូផាត បានលាចាលលោកក្នុងអាយុ៦៣ឆ្នាំ៕