ភ្នំពេញ៖ដូចការសន្យាកាលពីខែវិច្ឆិការឆ្នាំ២០២១ មែនដែលតារាសម្ដែងលោកលី ណូរ៉ា ថានឹងភ្ជាប់ពាក្យនៅខែ២ រៀបការនៅខែ៥ នោះឥឡូវលោកណូរ៉ា បានក្លាយទៅជាគូដណ្ដឹងរបស់អ្នកនាងហ៊ី ម៉ាឡែន ទៅហើយក្រោយលោកបានធ្វើពិធីភ្ជាប់ពាក្យជាផ្លូវការកាលពីថ្ងៃទី៦ខែកុម្ភៈឆ្នាំ២០២២ ដោយមានចាស់ទុំទាំងសងខាងធ្វើជាសាក្សី។អ្នកលេងបណ្ដាញសង្គមសរសើរលោកណូរ៉ា ថារកបានគូដណ្ដឹងស្រស់ស្អាតមិនចាញ់តារានោះទេហើយអ្នកទាំង២ពិតជាសាកសមគ្នាខ្លាំងណាស់។
ក្នុងជំនួបតាមទូរស័ព្ទលោកអេង ឈាន់ ហៅលី ណូរ៉ា បានឲ្យដឹងថាកម្មវិធីភ្ជាប់ពាក្យរបស់លោកមានតែក្រុមគ្រួសារ,មិត្តភក្ដិជិតដិតតិចតួច និងអ្នករកស៊ីអចលនទ្រព្យជាមួយគ្នាប៉ុណ្ណោះដែលចូលរួមហើយនៅថ្ងៃពិសេសនោះលោកបានទិញជញ្ជៀន២វង្សតម្លៃ៥៥០០ដុល្លារសម្រាប់រូបលោកនិងកំពូលស្នេហ៍ ខណៈដែលក្រោយក្លាយទៅជាគូដណ្ដឹងគ្នានេះហើយលោកនិងអ្នកនាងម៉ាឡែន បានសម្រេចចចិត្តថានឹងរៀបការនៅថ្ងៃទី២០ខែឧសភាឆ្នាំ២០២២ ខាងមុខនេះហើយ។តារាសម្ដែងរូបសង្ហាររូបនេះបានឲ្យដែរដឹងថាមូលហេតុដែលលោកជ្រើសរើសនិងភ្ជាប់ពាក្យជាមួយអ្នកនាងហ៊ី ម៉ាឡែន នោះគឺទី១៖លោកនិងនាងស្រលាញ់គ្នាជាយូមកហើយ,ទី២៖ម៉ាឡែន មានគ្រួសារសមរម្យល្អត្រឹមត្រូវ និងទី៣៖ម៉ាឡែន ស្រលាញ់លោកនិងទទួលយកអ្វីដែលលោកមាន។លោកណូរ៉ា បន្ថែមថាមុនភ្ជាប់ពាក្យតាអាចារ្យក៍បានដេញពេលាឃើញថាល្អខែឆ្នាំត្រូវគ្នា អត់ឈ្លោះគ្នា ហើយអ្វីដែលលោកពេញចិត្តគូដណ្ដឹងថែមទៀតនោះគឺនាងជានារីដែលមានសម្រស់ស្អាតធ្វើឲ្យលោកស្រលាញ់នាងខ្លាំងណាស់។
សូមបញ្ជាក់ថាលោកលី ណូរ៉ា ត្រូវបានគេចាប់អារម្មណ៍តាមរយៈការសម្ដែងMV ជាតួអង្គដែលដៀលស្រីតាតាចិញ្ចឹម ឬឋានៈជាប្រពន្ធចុងគេនោះឲ្យភ្លឺភ្នែកដែលការសម្ដែងរបស់លោកទោះជាហាក់កាចបន្ដិចដាក់ស្រីស្អាតមែន ប៉ុន្ដែម៉ឺងម៉ាត់និងធ្វើឲ្យស្រីៗខ្លះដែលគ្រាន់តែត្រូវបានគេចិញ្ចឹមនោះភ្ញាក់ខ្លួន។មុនភ្ជាប់ពាក្យនេះដែរគេឃើញលោកណូរ៉ា បានងាកទៅរកស៊ីផ្នែកអចលនទ្រព្យហើយស្រាប់តែស្ងាត់កូវីដបន្ដិចលោកក៍បានភ្ជាប់ពាក្យជាចំហ ធ្វើឲ្យនារីៗមួយចំនួនដែលលង់ស្នេហ៍លោកខកចិត្តគ្រប់គ្នា។លោកណូរ៉ា ធ្លាប់ឲ្យដឹងថាលោកចូលចិត្តសម្ដែងជាតួបងធំព្រោះស្រួលលេងងាយដាក់អារម្មណ៍ឆាប់ត្រូវហើយកន្លងមកលោកពេញចិត្តតារារៀមច្បងលោកចា រិទ្ធី និងសាហ្វីន ហ្វីលីព ដែលលេងតួនេះពិតជាសាកសមបំផុត។យ៉ាងណាលោកថាចឬកពិតរបស់លោកនៅក្រៅឆាកមិនដូចការសម្ដែងឡើយព្រោះលោកជាសុភាពបុរសម្នាក់ដែលសម្ដែងមិនចេះយកចំណេញពីតារាស្រីៗ៕