កាលពីថ្ងៃចន្ទទី ៧ កុម្ភៈ ២០២២ លោក អ៊ីម៉ានូអែល ម៉ាក្រុន ប្រធានាធិបតីបារាំងវ័យក្មេងតែចាស់វស្សាខាងការទូតកំពុងហោះហើរទៅកាន់ទីក្រុងមូស្គូក្នុងបេសកកម្មការទូតដែលមានហានិភ័យខ្ពស់ចំពេលមានវិបត្តិនយោបាយកាន់តែធ្ងន់ធ្ងររវាងរុស្ស៊ីនិងអ៊ុយក្រែន។ដំណើរទស្សនកិច្ចនេះគឺដើម្បីស្វែងរកការប្តេជ្ញាចិត្តពីប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ដើម្បីកាត់បន្ថយភាពតានតឹងជាមួយអ៊ុយក្រែន ដែលជាកន្លែងមេដឹកនាំលោកខាងលិចភ័យខ្លាចថា វិមានក្រឹមឡាំងគ្រោងនឹងឈ្លានពាននៅពេលឆាប់ៗខាងមុខនេះ។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។លោកម៉ាក្រុនបានធ្វើការសន្ទនាគ្នាតាមទូរស័ព្ទយ៉ាងរំជើបរំជួលជាមួយសម្ព័ន្ធមិត្តលោកខាងលិច លោក ពូទីន និងជាមួយមេដឹកនាំអ៊ុយក្រែនកាលពីសប្តាហ៍មុន។ លោកនឹងបន្តដំណើទស្សនកិច្ច ទៅកាន់ទីក្រុង គៀវ ប្រទេសអ៊ុយក្រែន នៅថ្ងៃអង្គារ ដោយយកដើមទុននយោបាយជាច្រើនក្នុងបេសកកម្មនេះពីព្រោះវាជាការបង្ហាញពីភាពអាម៉ាស់ប្រសិនបើលោកត្រលប់មកវិញដោយដៃទទេ។
ប្រភពមួយស្និទ្ធនឹងប្រធានាធិបតីបានប្រាប់រ៉យទ័រថា៖ «យើងកំពុងធ្វើដំណើរទៅជួបលោកពូទីនដើម្បីស្វែងរកដំណោះស្រាយបន្តកំដៅជម្លោះរវាងអ៊ុយក្រែននិងរុស្ស៊ី។ ប្រភពពីរដែលស្និទ្ធនឹងលោក ម៉ាក្រុនបាននិយាយថាគោលបំណងមួយនៃដំណើរទស្សនកិច្ចរបស់លោកគឺដើម្បីទិញពេលវេលា និងបង្កកស្ថានការណ៍រយៈពេលជាច្រើនខែ យ៉ាងហោចណាស់រហូតដល់ការបោះឆ្នោតប្រទេសតំបន់អឺរុបដែលគេហៅថា “Super April”មានប្រទេសហុងគ្រី ស្លូវេនី និងប្រទេសបារាំងផងដែរ។
ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំងទៅទីក្រុងមូស្គូ និងអ៊ុយក្រែនកើតឡើងមិនដល់បីខែមុនការបោះឆ្នោតប្រធានាធិបតី។ទីប្រឹក្សានយោបាយរបស់គាត់មើលឃើញពីដំណើរទស្សនកិច្ចនេះវានឹងជួយដល់ការបោះឆ្នោតដ៏មានសក្តានុពលទោះបីជាលោកម៉ាក្រុនមិនទាន់បានប្រកាសថាតើគាត់នឹងឈរឈ្មោះក៏ដោយ។ប្រភពរដ្ឋាភិបាលបារាំងមួយបាននិយាយថា៖ «សម្រាប់ប្រធានាធិបតី វាជាឱកាសមួយដើម្បីបង្ហាញការដឹកនាំរបស់គាត់នៅអឺរ៉ុប៕