អ្នកវិទ្យាសាស្ត្រចិនបាននិយាយថា ពួកគេបានបង្កើតឧបករណ៍ធ្វើតេស្តថ្មីសម្រាប់រកមេរោគកូវីដ-19ថ្មីដែលមានភាពត្រឹមត្រូវដូចទៅនឹង ឧបករណ៍PCR (polymerase chain reaction) ប៉ុន្តែផ្តល់លទ្ធផលក្នុងរយៈពេលត្រឹមតែ 4 នាទីប៉ណ្ណោះ។នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP កាលពីថ្ងៃអង្គារទី ៨ សីហា ២០២២។កន្លងមកនេះ ការធ្វើតេស្តតាមPCR (polymerase chain reaction) ទទួលបានលទ្ធផលដ៏គួរឲ្យជឿជាក់បំផុត ប៉ុន្តែម៉ាស៊ីនប្រភេទនេះ គឺត្រូវការពេលវេលាដល់ទៅរាប់ម៉ោងដើម្បីបញ្ចេញលទ្ធផលតេស្តនីមួយៗ។
នៅក្នុងអត្ថបទ ចេញផ្សាយកាលពីថ្ងៃច័ន្ទនៅក្នុងទិនានុប្បវត្តិ Nature Biomedical Engineeringក្រុមការងារបាននិយាយថាឧបករណ៍ចាប់សញ្ញារបស់ពួកគេដែលប្រើមីក្រូអេឡិចត្រូនិចដើម្បីវិភាគហ្សែនអាចកាត់បន្ថយពេលវេលាបានច្រើននិងមានភាពត្រឹមត្រូវ។ការសាកល្បងរបស់ពួកគេបានមកពីការយកគំរូពីមនុស្ស 33 នាក់នៅទីក្រុងសៀងហៃ ដែលបានឆ្លងវីរុសនេះ ជាមួយនឹងការធ្វើតេស្ត PCR ត្រូវបានធ្វើឡើងស្របគ្នា។
លទ្ធផលនៃការផ្គូផ្គង គឺល្អឥតខ្ចោះជាមួយនឹងការធ្វើតេស្ត PCR ។នេះបើយោងតាមអត្ថបទ។ប្រទេសចិនគឺជាប្រទេសមួយក្នុងចំណោមក្រុមហ៊ុនផលិតឧបករណ៍ធ្វើតេស្តរកមេរោគកូវីដ១៩ដ៏ធំបំផុតរបស់ពិភពលោក។យោងតាមទិន្នន័យគយ បានបង្ហាញថាចិនបាននាំចេញឧបករណ៍ធ្វើតេស្តតម្លៃ 1.6 ពាន់លានដុល្លារអាមេរិកក្នុងខែធ្នូ កើនឡើង 144 ភាគរយធៀបនឹងខែមុន៕