ភ្នំពេញ៖ព្រាប សុវត្ថិ បានចេញពីហង្សមាសចូលGalaxy រយៈពេលជាង១ឆ្នាំទៅហើយក្រោយកំពូលតារាចម្រៀងរូបនេះរួមរស់ជាមួយផលិតកម្មធំអស់រយៈពេល២៣ឆ្នាំ(១៩៩៧-២០២០)ដោយបន្សល់បទចម្រៀងជាង៣០០០បទ។អ្វីដែលគូរឲ្យកត់សម្គាល់ក្រោយហង្សមាសគ្មានព្រាប សុវត្ថិ ផលិតកម្មមួយនេះពិបាករកតារាណាមកជំនួសតំណែងរបស់លោកព្រោះម្ចាស់ពានដែលខ្លួនរើសបានល្បីតែ១ប្រាវក៍ស្ងាត់ទៅវិញ។ដោយឡែកលោកខេម ប៊ុនថៃ ដែលត្រូវគេរំពឹងថាថៅកែនឹងរុញឲ្យទៅអង្គុយកៅអីព្រាប សុវត្ថិ ដែលនៅទំនេរនោះមានព័តមានថាលោកអាចនឹងហើចោលហង្សមាសទៅចាប់ដៃជាមួយថៅកែGalaxy ដូចព្រាប សុវត្ថិ ដែរបើទោះជាមុននេះលោកប៊ុនថៃ អះអាងថាចំនួនកុងត្រារបស់លោកនៅហង្សមាសនៅជាប់មិនទាន់ផុតក្ដី។
អ្នកជំនាញសិល្បៈមើលឃើញថាពេលនេះហង្សមាសកំពុងតែចម្រាញ់រកអ្នកមកជំនួសព្រាប សុវត្ថិ ឲ្យខាងតែបានហេតុនេះហើយបណ្ដារកម្មវិធីប្រលងចម្រៀងរបស់ផលិតកម្មនេះបេក្ខភាពរូបណាអាចច្រៀងបទព្រាប សុវត្ថិ បានល្អគឺមានភាគរយខ្ពស់ក្នុងការជាប់ ឬត្រូវបានជ្រើសឲ្យធ្វើជាតារាហង្សមាសនៅពេលខាងមុខជាមិនខាន។លោកគ្រូភ្លេង(Composer)ម្នាក់នៅហង្សមាសបានប្រាប់”នគរធំ”កាលពីថ្ងៃទី៩មករា ថាព្រាប សុវត្ថិ ចេញពិតជាមិនដឹងរកអ្នកណាមកជំនួសមែនព្រោះសម្ថភាពតារាខ្លះមិនដល់កម្រិតលោកឡើយ។លោកទទួលស្គាល់ថាកម្មវិធីប្រលងចម្រៀងBeat The Best ដែលកំពុងតំណើរការដល់វគ្គLive Show នោះបេក្ខជនដែលអាចច្រៀងបទព្រាប សុវត្ថិ បានល្អពិតជាមានប្រៀបជាងច្រៀងបទតារាផ្សេងៗមែនហើយយ៉ាងហោចណាស់ទោះជាមិនបានកាន់ពានក៍ត្រូវថៅកែជ្រើសឲ្យធ្វើជាតារាហង្សមាសដែរ។ប៉ុន្ដែលោកថាហង្សមាសចង់បានតារាមានអាយុ២០ឆ្នាំស្ដើងព្រោះការប្រូម៉ូតតារាម្នាក់ល្បីឬមិនល្បីចំណាយពេលដល់ទៅ៥ឆ្នាំ ហេតុនេះហើយបើយកតារាយុច្រើនក៍ពិបាកដែរព្រោះគិតបូក៥ឆ្នាំទៅមុខ។
ថ្វីត្បិតតែព្រាប សុវត្ថិ លែងជាតារាហង្សមាសមែន តែលោកនៅតែឡើងច្រៀងសម្ដែងឆាកតន្រ្ដីហង្សមាសដូចមុនព្រោះពេលខ្លះAgency តម្រូវ។ប៉ុន្ដែអ្វីដែលគេចាប់អារម្មណ៍រយៈពេលជាង១ឆ្នាំដែលព្រាប សុវត្ថិ ដើរចេញពីហង្សមាសនេះអ្នកគាំទ្រលោកនៅតែនិយមស្ដាប់និងច្រៀងបទលោកនៅហង្សមាសស្ទើតែទាំងស្រុងដដែល ខណៈដែលតាំងពីឈជើងនៅGalaxy មកព្រាប សុវត្ថិ មិនទាន់ច្រៀងបទណាដែលប្រើសម្លេងខ្ពស់បំផុតដូចមុនវិញឡើយ។ដោយឡែករឿងដែលឲ្យបារម្ភក្រោយព្រាប សុវត្ថិ ដើរចេញកូនប្រុសទាំងពីររបស់លោកគឺសុវត្ថិ មុនីវណ្ណ និងសុវត្ថិ មុនីនាគ មិនសូវមានសន្ទុះខ្លាំងដូចអំឡុងពួកគេច្រៀងសម្ដែងជាមួយឪពុកឡើយ៕