ក្រុមហ៊ុនផលិតភេសជ្ជៈជប៉ុន Kirin Holdings បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួននឹងដកអាជីវកម្មនេះចេញពីប្រទេសមីយ៉ាន់ម៉ា និងបញ្ចប់ការបណ្តាក់ទុនរួមគ្នាជាមួយដៃគូដែលមានទំនាក់ទំនងពួកយោធា។Kirin មានជម្លោះជាមួយដៃគូក្នុងស្រុក Myanma Economic Holdings Public Company Limited (MEHPCL) ស្តីពីវិធីបញ្ឈប់ការបណ្តាក់ទុនផលិតស្រាបៀររបស់ពួកគេ បន្ទាប់ពីរដ្ឋប្រហារយោធាប្រឆាំងនឹងរដ្ឋាភិបាលជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យកាលពីឆ្នាំមុន។ទោះជាយ៉ាងនេះក្ដី នាយកប្រតិបត្តិក្រុមហ៊ុនធ្លាប់បាននិយាយថាពួកគេចង់រក្សានៅក្នុងទីផ្សារមីយ៉ាន់ម៉ា។
អ្នកនាំពាក្យក្រុមហ៊ុនម្នាក់បាននិយាយថា ឥឡូវនេះក្រុមហ៊ុនកំពុងស្វែងរកការលក់អាជីវកម្មចំនួនពីរនៅក្នុងប្រទេសមីយ៉ាន់ម៉ាគឺក្រុមហ៊ុន Myanmar Brewery Ltd និង Mandalay Brewery Ltd ។នៅក្នុងការដកខ្លួននេះ ក្រុមហ៊ុន Kirin បាននិយាយថា ខ្លួនបានផ្តោចសំខាន់លើជីវភាពរស់នៅ និងសុវត្ថិភាពរបស់និយោជិតក្នុងតំបន់ ដែលមានចំនួនប្រហែល 1450 នាក់ដែលកំពុងបម្រើការនៅក្នុងក្រុមហ៊ុនទាំងពីរ។
ដោយឡែក Kirin បាននិយាយថា ខ្លួននឹងទិញមកវិញរហូតដល់ 3.6% នៃភាគហ៊ុនរបស់ខ្លួនដែលមានតម្លៃ 50 ពាន់លានយ៉េនស្មើនឹងជា៤៣៤ លានដុល្លារ។គួរបញ្ជាក់ថា Kirin មិនមែនជាក្រុមហ៊ុនទីមួយទេដែលដកខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ា។កន្លងមកមានក្រុមហ៊ុនជាច្រើនបានដក់ខ្លួនចេញឈប់រកស៊ីជាមួយរបបយោធាក្នុងនោះក៏មានក្រុមហ៊ុនថាមពលយក្សរបស់បារាំង TOTAL ផងដែរ៕