គ្រូបង្វឹកក្លឹបបាល់ទាត់ Roma លោកចូសេ ម៉ូរីញ៉ូ ត្រូវបានពិន័យមិនអោយចូលបញ្ជាកូនក្រុមចំនួនពីរប្រកួត បន្ទាប់ពីគាត់ត្រូវបានបណ្តេញចេញអំឡុងពេលក្រុមរបស់គាត់លេងស្មើ 2-2 ជាមួយ Verona ។នេះបើយោងតាមចៅក្រមកីឡារបស់ក្របខ័ណ្ឌបាល់ទាត់ស៊េរី A បាននិយាយកាលពីថ្ងៃអង្គារ។
លោកម៉ូរីញ៉ូត្រូវបានបណ្ដេញចេញក្នុងដំណាក់កាលចុងក្រោយនៃការប្រកួតកាលពីថ្ងៃសៅរ៍នៅកីឡដ្ឋាន Stadio Olimpico ដោយសារតែលោកបានធ្វើការតបតនឹងអាជ្ញាកណ្ដាលលោក Luca Pairetto មុនពេលទាត់បាល់ ចូល កន្លែងអង្គុយ។
សហព័ន្ធកីឡាបាល់ទាត់អ៊ីតាលី (FIGC) បាននិយាយថា លោកបានធ្វើការចោទប្រកាន់យ៉ាងធ្ងន់ធ្ងរប្រឆាំងនឹង អាជ្ញាកណ្តាល ហើយបានចូលទៅក្នុងទីលាន ជាមួយនឹងអាកប្បកិរិយាគំរាមកំហែងដោយ បានជំទាស់នឹងការ សម្រេចចិត្តរបស់អាជ្ញាកណ្តាល។
គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ក៏ត្រូវបានពិន័យជាប្រាក់ចំនួនជាង២ម៉ឹនដុល្លារផងដែរ។Roma ឈរនៅលេខរៀង ទី 8 ក្នុងក្របខ័ណ្ឌស៊េរី A បន្ទាប់ពីស្មើ 3 លើកជាប់ៗគ្នា។ ម៉ូរីញូនឹងខកខានក្នុងការធ្វើដំណើរទៅកាន់ Spezia និងការប្រកួតក្នុងផ្ទះជាមួយ Atalanta៕