ភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានធ្វើការបង្ហាញមុខជនសង្ស័យ៨នាក់ ដែលជាប់ពាក់ព័ន្ធនឹង ករណីធាក់ប្លន់ម៉ូតូយ៉ាងសកម្ម និងឆក់ ចំនួន៣ករណីផ្សេងគ្នានៅក្នុងរាជធានីភ្នំពេញ ត្រូវបានបញ្ជូនខ្លួនទៅកាន់ទៅតុលាការ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានឱ្យដឹងថា ជនសង្ស័យដែលធ្វើការបង្ក្រាបបានមាន ៣ករណីផ្សេងគ្នា រួមមាន ៖
– ករណីទី១ ធ្វើសកម្មភាពឆក់នៅសង្កាត់ពងទឹក ជនសង្ស័យមានបក្ខពួក ២នាក់ ទី១-ឈ្មោះស៊ុន ឡេ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី២-ឈ្មោះហួរ ណាង ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ។
– ករណីទី២ ធ្វើសកម្មភាពឆក់នៅសង្កាត់ព្រៃស ជនសង្ស័យមានបក្ខពួក ៣នាក់ ទី១-ឈ្មោះរ៉េន លីណា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ។ ទី២-ឈ្មោះនឹម រះ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី៣-ឈ្មោះធី ចាន់ដារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ។

– ករណីទី៣ ធ្វើសកម្មភាពវាយប្លន់យកម៉ូតូនៅសង្កាត់ព្រៃស ជនសង្ស័យ មានបក្ខពួក ៣នាក់ ទី១-ឈ្មោះហេង សេងហៃ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ។ ទី២-ឈ្មោះរុន រា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី៣-ឈ្មោះភាព សុខហេង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ។

លោកអធិការ បានឱ្យដឹងទៀតថា បន្ទាប់ពីទទួលពាក្យបណ្តឹងជនរងគ្រោះរួច កម្លាំងនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដឹកនាំដោយលោកវរសេនីយ៍ទោ ជាង ហុកសែ អធិការងខណ្ឌដង្កោ បើកការស្រាវជ្រាវកំណត់មុខសញ្ញា ធ្វើការឃាត់ខ្លួនជនសង្ស័យ រយៈពេល២ថ្ងៃ ឃាត់បាន ៨នាក់ ជាបន្តបន្ទាប់ ព្រមទាំងដកហូតបានម៉ូតូ ៣គ្រឿង រួមនិងវត្ថុតាងមួយចំនួនទៀត ដើម្បីធ្វើការសាកសួរ។
ក្រុមជនសង្ស័យទាំង ៨នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីចាត់ការបន្តតាមនីតិវិធី៕