នៅក្នុងអំឡុងកិច្ចចរចាជុំទីពីរក្នុងប្រទេសបេឡារុស្សកាលពីថ្ងៃព្រហស្បតិ៍ទីក្រុងមូស្គូនិងក្រុងគៀវបានព្រមព្រៀងគ្នាលើយន្តការមួយដើម្បីបង្កើតច្រករបៀងជម្លៀសជនស៊ីវិលចេញពីតំបន់ប្រយុទ្ធក្នុងប្រទេសអ៊ុយក្រែន។របៀបវារៈនៃកិច្ចប្រជុំមានបីចំនុចសំខាន់ៗរួមមាន៖

១–បទឈប់បាញ់គ្នាបណ្តោះអាសន្ន
២–កិច្ចព្រមព្រៀងឈប់ធ្វើសង្គ្រាម
៣–បើកច្រករបៀងសម្រាប់ជំនួយមនុស្សធម៌
និងជម្លៀសមនុស្សចេញពីតំបន់សង្គ្រាម

ភាគីបានឈានដល់ការយោគយល់គ្នាលើការបង្កើតច្រករបៀងមនុស្សធម៌រួមជាមួយនឹងបទឈប់បាញ់បណ្តោះអាសន្ន។ រុស្ស៊ី និងអ៊ុយក្រែននឹងបង្កើតបណ្តាញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងពេលឆាប់ៗនេះ ដើម្បីរៀបចំច្រករបៀងទាំងនេះ។ នេះបើយោងតាមលោក Mikhail Podolyak ជំនួយការប្រធានាធិបតីអ៊ុយក្រែន បានប្រាប់អ្នកសារព័ត៌មាន។
ប្រធានគណៈប្រតិភូរុស្ស៊ី លោក វ្ល៉ាឌីមៀ មេឌីនស្គី បានបញ្ជាក់ពីការអភិវឌ្ឍន៍ដែលភាគីទាំងពីរបានដោះស្រាយ បញ្ហាចម្បងនៃការជួយសង្គ្រោះជីវិតជនស៊ីវិល។ លោកបានបន្ថែមថាអ្នកចរចាក៏បានរកឃើញចំណុចរួមលើបញ្ហាលេចធ្លោផ្សេងទៀត ដូចជាបញ្ហាយោធា និងមនុស្សធម៌ និងការផ្សះផ្សានយោបាយនាពេលអនាគត។
ទោះជាយ៉ាងនេះក្តី ភាគីអ៊ុយក្រែនបាននិយាយថា ខ្លួនមិនទាន់ទទួលបានលទ្ធផលដែលខ្លួនរំពឹងទុកពីការចរចារនៅឡើយទេ។កិច្ចចរចាបន្ទាប់ត្រូវបានគេរំពឹងថានឹងធ្វើឡើងក្នុងពេលដ៏ខ្លីខាងមុខនេះ ដោយមិនបានបញ្ជាក់ពីពេលវេលា ឬទីតាំងនោះទេ៕