ភ្នំពេញ៖អតីតតារាសម្ដែងអ្នកនាងដាញ់ ម៉ូនីកា បានបង្ហាញខ្លួនឡើងវិញកាលពីថ្ងៃទី៦ខែមីនាឆ្នាំ២០២២ នៅកណ្ដាលផ្សារទំនើបAEON ទី១ ជាមួយការកាត់ខ្សែបូសម្ពោធផលិតផលថ្មីរបស់ខ្លួនដែលនាងអះអាងថាបាននាំចូលមកពីកូរ៉េហើយពេលនេះមានប្រេនផ្ទាល់ខ្លួនMKH និងLD ។ប៉ុន្ដែម៉ូនីកា ថាមុនដំណើរការនៅកម្ពុជានេះនាងបានបើកអាជីវកម្មទាក់ទងផ្នែកCosmetics នេះរយៈពេល៤ឆ្នាំមកហើយនៅអូស្រ្ដាលីដោយដំណើរការបានកាក់កបល្អតាំងពីដំបូងមានតែ១ផលិតផលតែពេលនេះបាននាំមកកម្ពុជាជាង៤០ផលិតផល។យ៉ាងណាអ្នកនាងម៉ូនីកា មិនបញ្ជាក់ថានាងប្រើដើមទុនអស់ទឹកប្រាក់ប៉ុន្មានដើម្បីនាំផលិតផលមកពីកូរ៉េនោះទេដោយគ្រាន់តែនាងថាអស់ចំនួនច្រើនណាស់។អ្នកនាងថាក្នុងពេលដ៍ឆាប់ៗខាងមុខនេះនាងនឹងរៀបចំបើកសម្ពោធហាងនៅទីក្រុងភ្នំពេញផងដែរ ខណៈដែលហាងនាងនៅអូស្រា្ដលីកំពុងតំណើរការ។ម៉ូនីកា បានឲ្យដឹងទៀតថាអាជីវកម្មថ្មីរបស់មានទីផ្សារយ៉ាងទូលាយនេះដោយសារតែនាងបានសហការជាមួយអ្នកនាងបូ ឡាឌី នាយិកាក្រុមហ៊ុនបូឡាឌី ត្រឌីង ខូអិល ធីឌី ដោយស្គាល់និងរាប់អានគ្នារយៈពេលជាង៤ឆ្នាំមកហើយទើបចាប់ផ្ដើមចាប់ដៃគ្នាធ្វើការងារមួយនេះ។
អ្នកនាងបូ ឡាឌី នាយិការក្រុមហ៊ុនបូឡាឌី ត្រេឌីង ខូអិលធីឌី បានឲ្យដឹងថាអ្នកនាងបានទៅរស់នៅប្រទេសកូរ៉េរយៈពេលជាង១៣ឆ្នាំមកហើយ និងបច្ចុប្បន្នក៍មានហាងនៅទីនោះផងដែរ។នាយិការរូបនេះថានាងបានចាត់ទុកម៉ូនីកា ជាIdol ហើយពេញចិត្តក្នុងការចាប់ដៃសហការណគ្នាធ្វើជំនួញមួយនេះខ្លាំងណាស់។អ្នកនាងថាទោះជាអ្នកខ្លះគេថាផលិតផលមពីកូរ៉េរាងថ្លៃបន្ដិចមែន តែពេលនេះទទួលបានការគាំទ្រច្រើនណាស់ព្រោះជាផលិតផលមានគុណភាពល្អ ហើយនៅថ្ងៃសម្ពោធនេះក៍មានការលក់បញ្ចុះតម្លៃ២០%ផងដែរ។
អ្នកនាងដាញ់ ម៉ូនីកា មិនទាន់ប្រាប់ច្បាស់ថាពេលណាទើបហាងរបស់នាងនៅភ្នំពេញនឹងត្រូវបើកសម្ពោធជាផ្លូវការនោះទេ ប៉ុន្ដែនាងថាចាប់ពីពេលនេះទៅនឹងចុះឡើងមកខ្មែរញឹកញាប់ជាងមុន ស្របពេលដែលដំណើររបស់នាងមកស្រុកជើងនេះគឺគោលបំណងធំផុតដើម្បីសម្ពោធផលិតផលខាងលើនេះហើយនាងនិងស្វាមីនឹងត្រូវទៅអូស្រា្ដលីវិញនៅថ្ងៃទី១៧ខែមីនាឆ្នាំ២០២២ខាងមុខនេះហើយ។អ្នកនាងម៉ូនីកា បានឲ្យដឹងទៀតថាការមកលើកនេះនាងមិនបានឆ្លៀតថតភាពយន្ដថ្មីនោះទេ ព្រោះតែមានការមមាញឹកច្រើន តែមានខាងស្ថានីយ៍ទូរទស្សន៍មួយចំនួនហៅសម្ភាសន៍ដែរ។នាងថាក្រោយឃ្លាតពីមាតុភូមិជាង១០ឆ្នាំទៅរស់នៅអូស្រា្ដលីតាមស្វាមីនៅរដ្ឋម៉ែលប៊ន នោះនាងមានការនឹករលឹកដល់ស្រុកកំណើត និងមិត្តរួមអាជីពជាខ្លាំង ហើយបន្ទាប់ពីនាងផ្អាកសម្ដែងភាពយន្ដជាច្រើនឆ្នាំនេះមើលឃើញថាប្អូនៗជំនាន់ក្រោយជាតារាមានរូបរាងស្អាត និងខ្ពស់ៗ ហើយចិតុ្តរបស់នាងចង់ឃើញសិល្បៈខ្មែរមានការរីកចម្រើនទៅមុខ។
សូមរំលឹកថាដាញ់ ម៉ូនីកា បានរៀបការជាមួយអាណិកជនខ្មែរមកពីអូស្រា្ដលីលោកប៊ុន ថែល កាលពីថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០១០ ដែលពេលនេះចំណងស្នេហ៍ជាង១១ឆ្នាំអ្នកទាំងពីរទទួលបានកូន២នាក់គឺកូនស្រីច្បងអាយុ១១ឆ្នាំ និងកូនទី២ប្រុសអាយុ៦ឆ្នាំ។អ្នកនាងម៉ូនីកា និយាយដោយអឹមអៀនបន្ដិចពេលដែលត្រូវសួរថាតើមានគម្រោងយកកូនថែមឬអត់នោះដោយនាងវាចារថាកូន២នាក់នេះគឺបានហើយ។នាងថាអត់ទាន់មានផែនការណ៍យកកូនបន្ថែមទៀតនោះទេ ព្រោះថាសព្វថ្ងៃនាងកាន់តែរវល់ច្រើនទៅលើការរកស៊ីផ្នែកCosmetics នេះរហូតដកខ្លួនមិនរួចឡើយ។ប៉ុន្ដែនាងថាពិតជារីករាយខ្លាំងណាស់ព្រោះថាការចេញធ្វើជំនួញរបស់នាងទទួលបានការគាំទ្រហួសការរំពឹងទុក៕