ភ្នំពេញ៖សុគន្ធ និសា បានរៀបការប្ដីជាង៤ឆ្នាំហើយតែនាងហាក់មិនអន្ទះសារចេញទៅរស់នៅជាមួយប្ដីនៅអាមេរិកនោះទេ តែបែជាលោកចៅ សម្បត្តិ មកតាមនាងនៅខ្មែរវិញដែលខុសពីអតីតតារាមួយចំនួនដែលយកប្ដីអាណិកជនគឺក្រោយពីពួកគេរៀបការរួចក៍បាយបាយសិល្បៈហើយទៅនៅស្រុកគេតែម្ដងក្នុងនោះមានដូចជាអ្នកនាងសៀម ស្រីណុច,គឹម លក្ខិណា,វ៉េត រតនា ,សារ៉ាយ សក្ខិណា ,អឿន ដាលីស ,ដាញ់ ម៉ូនីកា និងជិន សេរីយ៉ា ជាដើម។ប៉ុន្ដែនិសា វិញក្រោយធូស្រាលពីកូវីដកាលពីពាក់កណ្ដាល និងចុងឆ្នាំ២០២១ នោះនាងបានចេញទៅអាមេរិក២ដង ហើយត្រូវបានគេរំពឹងថានាងទៅរស់នៅទីនោះយូឆ្នាំទៀតផង តែទីបំផុតនិសា គ្រាន់តែទៅដើរលេងជាមួយប្ដីហើយក៍វិលមកខ្មែរវិញ ទើបធ្វើឲ្យមិត្តភក្ដិដែលជូនពរនាងឲ្យមានកូនង៉ានៅទីនោះបានត្រឹមខកចិត្ត ។
ក្នុងជំនួបជាមួយសុគន្ធ និសា នាពេលកន្លងមកនាងបានបង្ហើបប្រាប់ថាមិនទាន់បានសិទ្ធិទៅរស់នៅអាមេរិកជាអចិនត្រេយ៍(Visa)នោះទេ ទើបធ្វើឲ្យតារារួមអាជីពមានការភ្ញាក់ផ្អើលថាហេតុអ្វីបានជានិសា ត្រូវស្ថានទូតអាគាំងពន្យាពេលផ្ដល់Visa ឲ្យនាងជាច្រើនឆ្នាំបែបនេះ?ប៉ុន្ដែហេតុផលមួយទៀតដែលនិសា ត្រូវសម្រេចរស់នៅស្រុកខ្មែរហើយមិនប្រញ៉ាប់ចេញទៅសាងជីវិតថ្មីលើទឹកដីអាមេរិកនោះដោយសារតែនាងនៅតែស្រលាញ់អាជីពសិល្បៈនិងមិនអាចបញ្ឈប់ត្រឹមនេះបានឡើយ។និសា ធ្លាប់វាចាថាស្វាមីនាងចង់ឲ្យនាងផ្ដាច់ខ្លួនពីអាជីពសិល្បៈទាំងស្រុងតែម្ដង តែនាងបានប្រាប់ហេតុផលទៅប្ដីថាមិនអាចធ្វើអីចឹងបានទេ ព្រោះអាជីពសិល្បៈនាងបានតស៊ូជាង១០ឆ្នាំមកហើយអីចឹងនាងនៅតែចង់បន្ដទៅទៀតឲ្យតែទស្សនិកជនគាំទ្រ។ការលើកហេតុទាំងនេះត្រូវបានលោកសម្បត្តិ មិនស្ទាក់ស្ទើចិត្តនោះទេគឺបំពេញតាមសំណើរនាងភ្លាមដោយអនុញ្ញាត្តិឲ្យនិសា អាចថតសម្ដែងភាពយន្ដនិងច្រៀងតាមបណ្ដារឆាកតន្រ្ដីទាំងឡាយតាមចិត្តចង់។
តែដោយសារតែនិសា មានភាពហត់នឿយច្រើនក្នុងការថតភាពយន្ដបន្ទាប់ពីនាងបានសម្ដែងជាតួឯក៤រឿងជាប់គ្នាមានដូចជារឿង”សិសិរដូវក្នុងបេះដូង”,”រាជនីយភូមគ្រឹះ”,”ព្រះវេស្សន្ដជាតក” និងរឿង”ចំណតថ្មីនៃសុភមង្គល”នោះពេលនេះនិសា បានសម្រេចចិត្តផ្អាកការថតសម្ដែងរឿងទៅហើយ ដែលការឈប់ថតកុននេះមិនមែនមកពីស្វាមីនាងឲ្យឈប់នោះទេ តែមកពីនាងចង់យកពេលវេលាទៅផ្ដោតលើការពង្រឹងអាជីពចម្រៀងឡើងវិញ។យ៉ាងណាមជ្ឈដ្ឋានមហាជនមើលឈើញថាក្រោយនិសា មានស្វាមីមកទីផ្សារចម្រៀងរបស់នាងហាក់នៅទ្រឹងបន្ដិច ហើយប្រឈមពិបាកប្រជែងយកតំណែងជាតារានាំមុខគេនៅហង្សមាសទៀតផង ខណៈដែលក្រោយពីបាត់កៅអីជាCoach កម្មវិធីThe Voice Kids Cambodia រដូវកាលទី២ដែលធ្លាក់ក្នុងកណ្ដាប់ដៃសួស វីសា មកពេលនេះថៅកែហង្សមាសមិនទាន់ផ្ដល់តំណែងធំណាមួយជាថ្មីឲ្យនិសា វិញនោះទេ បើទោះជាតំណែងនៅទំនេររបស់ព្រាប សុវត្ថិ សល់២ទៀតគឺThe Voice Kids Cambodia និងCambodian Idol Junior ត្រូវបានគេមើលឃើញថាសុទ្ធតែសាកសមជាមួយនិសា អាចរ៉ាប់រងបានជំនួសលោកសុវត្ថិ ដែលចាកចេញក្ដី តែតារាចម្រៀង២ដួងទៀតដែលអាចប្រជែងកៅអីនោះគឺលោកឧកញ៉ាខែម ប៊ុនថៃ និងពេជ្រ សោភា ។
គូរបញ្ជាក់ថាសុគន្ធ និសា បានរៀបការជាមួយលោកចៅ សម្បត្តិ ដែលជានាយប្រតិបត្តិក្រុមហ៊ុនមែនញូឡាយប្រចាំនៅកម្ពុជាកាលពីថ្ងៃទី១ខែធ្នូឆ្នាំ២០១៧ ដែលពេលនេះតារាហង្សមាសបានងាកទៅបង្កើតមុខរបរថ្មីក្រៅសិល្បៈជាបន្ដបន្ទាប់ផងដែរ ហើយតាំងពីជាពីជំងឺកូវីដមកស្វាមីនិសា បានថ្នាក់ថ្នមនិងផ្គាប់ចិត្តនាងគ្រប់យ៉ាងទាំងអស់។យ៉ាងណាចំពោះគម្រោងយកកូនសារជាថ្មីនោះនៅមិនទាន់ត្រូវបាននិសា កំណត់ឡើងវិញនោះទេ បន្ទាប់ពីខកចិត្តកាលពីដើមឆ្នាំ២០២១ ដោយសារតែនាងកើតកូវីដទើបរំសាយផែនការណ៍យកកូននេះ។ចំពោះមូលហេតុដែលនិសា រារែកចិត្តក្នុងការពពោះកូនដំបូងនេះត្រូវបានគេលើកឡើងថាដោយសារតែតារាស្រគត់ស្រគុំរូបនេះចង់ផ្ដល់កំណើតឲ្យកូនទី១របស់នាងលើដីអាមេរិកដែលកើតភ្លាមបានសញ្ជាតិអាគាំងភ្លែតតែម្ដងទើបធ្វើឲ្យនិសា ខាតពេលយកកូនង៉ាអស់ជាង៤ឆ្នាំ៕