ភ្នំពេញ៖បន្ទាប់ពីលុបចោលមង្គលការ២លើកព្រោះតែកូវីដមិនស្ងាត់ នៅទីបំផុតវ៉ាន់ នីឡា បានដឹកដៃលោកស៊ុត សក្ការៈ រៀបការនៅថ្ងៃទី៩ខែមីនាឆ្នាំ២០២២ នេះបានដូចបំណងដែលពិធីមង្គលរបស់នាងចំណាយប្រាក់មិនក្រោម១០ម៉ឺនដុល្លារនោះទេព្រោះរៀបចំយ៉ាងប្រណិតនៅសណ្ឋាគាសុខា ភ្នំពេញ។វ៉ាន់ នីឡា ដ៍តូចច្រឡឹងនោះបានបង្ហាញទឹកមុខរីករាយនៅពេលដែលនាងត្រូវបានដឹកដៃដោយលោកជំទាវហ៊ុន ស៊ីណាត នៅថ្ងៃពិសេសរបស់នាង។
តារាកំប្លែងCtn រូបនេះថ្លែងថា”ខ្ញុំមានប្ដីហើយបងប្អូន!”។
គេឃើញមិត្តរួមអាជីពជាច្រើនបានសម្ដែងការសាទរដល់វ៉ាន់ នីឡា ក្នុងនោះក៍មាននាយពែកម៉ី ,Big និងតារាកំប្លែងរបស់Ctn ស្ទើតែគ្រប់គ្នាក៍បានទៅហែរជំនួនផងដែរ។អ្វីដែលគូរឲ្យកត់សម្គាល់ថែមទៀតនោះនីឡា បានក្លាយទៅជាកូនប្រសាររបស់លោកព្រីង ច័ន្ទបុត្រ ហៅនាយចេក ព្រោះថាអតីតតារាសម្ដែងរូបនេះជាស្វាមីថ្មីរបស់អ្នកនាងសរ មុន្នីរស្មី ដែលជាម្ដាយរបស់លោកស៊ុត សក្ការៈ ស្វាមីរបស់នីឡា ទើបគេឃើញនាយចេក មមាញឹកខ្លាំងណាស់ក្នុងការទទួលភ្ញៀវ ព្រោះលោកដើរតួជាឪពុករបស់គេនិងបានបង្ហាញកាយវិការស្រលាញ់លោកសក្ការៈ និងនីឡា ដូចជាកូនបង្កើតនិងកូនប្រសារ។
វ៉ាន់ នីឡា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាក្រោយរៀបការរួចនាងនៅតែបន្ដអាជីពសិល្បៈជាធម្មតាទេ ព្រោះប្ដីនាងបានយល់ច្បាស់ពីអាជីពកំប្លែងរបស់នាងហើយមិនចេះប្រចណ្ឌឬហួងហែងនាងម្ដងណាឡើយ បើទោះជានាងធ្លាប់លេងឈុតឆាកស្នេហាជាមួយតារារួមអាជីពយ៉ាងណាក៍ដោយ។ចំណែកលោកសុវណ្ណ រិទ្ធី ជាឪពុករបស់នីឡា និងជាអ្នកដឹកនាំក្រុមកំប្លែងCtn ធ្លាប់ប្រាប់ដែរថាលោកនឹងបំពេញតាមការសម្រេចចិត្តរបស់កូនស្រីថាតើនាងចង់បន្ដឬឈប់ពីអាជីពសិល្បៈក្រោយរៀបការរួចនោះនៅលើនាងជាអ្នកកំណត់។តែលោកថាតាមមើលដូចជាមិនអីនោះទេ គឺនីឡា អាចនៅសម្ដែងកំប្លែងជាធម្មតា។
គូរបញ្ជាក់ថាវ៉ាន់ នីឡា ធ្លាប់បានភ្ជាប់ពាក្យជាមួយលោកផន រង្សី ដែលជាកូនថៅកែវង្សល្ខោនភី សុគន្ធី កាលពីឆ្នាំ២០១៨ តែចំណងស្នេហានេះបានប្រេះឆាមុនរៀបការ ហើយលោករង្សី បានទៅរៀបការប្រពន្ធថ្មីនៅខេត្តតាកែវមុននីឡា។ចំពោះនីឡា វិញនាងធ្លាប់លុបចោលមង្គលការកាលពីចុងឆ្នាំ២០១៩ និងដើមឆ្នាំ២០២១ ដោយសារតែកូវីដមិនថមថយ គឺទើបតែពេលនេះទេដែលពិធីអាពាហ៍ ពិពាហ៍របស់នាងសម្រេចដូចក្ដីស្រម៉ៃ៕